Ad Code

សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ទុក​ជា​បាន​ការ​ដដែល​លើ​សំណុំរឿង​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ដែល​បាន​ទម្លាយ​រូប​អាក្រាត​របស់​កញ្ញា វ៉ាន់ នី​ឡា



ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៣១​ ខែតុលា ​ឆ្នាំ​២០១៨​នេះ​ ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​លោក ប៉ាក ច័ន្ទ​សំបូរ ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល លើ​សំណុំរឿង​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ មុខរបរ​មន្ដ្រី​នគរបាល​ក្រសួងមហាផ្ទៃ រឿង​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស របស់​តារា​ចម្រៀង​វ័យក្មេង​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា ដែល​ជា​អតីត​សង្សារ​របស់ខ្លួន​។

ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ត្រូវ​បាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា និង​បទ ចែកចាយ​រូបភាព​អាសអាភាស តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦។

​សូម​បញ្ជាក់​ថា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែសីហា​ ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ហើយ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ដាក់ពន្ធនាគារ​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត ដល់​ដើមបណ្ដឹង​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា ចំនួន​២០០​លាន​រៀល​។

នៅ​ពេល​ប្រកាស​សាលក្រម​នោះ​ដែល​លោក​ចៅក្រម​ក៏​មិនបាន​ប្រកាស ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លើ​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ នោះ​ទេ ហើយ​លោក​ចៅក្រម​ក៏បាន​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu