Ad Code

អ្នកនាំពាក្យ​ ៖ ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​កងទ័ព​រៀងរាល់​ឆ្នាំ គឺជា​ចំណុច​សំខាន់​មួយ ឈាន​ទៅ​បង្កើន​ឡើង​នូវ​គម្រោង​ចំណាយ​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ



ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ គម្រោង​ចំណាយ​ថវិកាជាតិ​សម្រាប់​ក្រសួងការពារជាតិ ត្រូវ​បាន​ស្នើ​ឡើង​ប្រមាណ​២,៤១៦,៤៣៨​លាន​រៀល ដែល​កើន​ឡើង​៩,៩​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​ប្រមាណ​២,១៩៨,៣៧៨​លាន​រៀល ហើយ​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​កងទ័ព​ជា​រៀងរាល់​ឆ្នាំ គឺជា​ចំណុច​សំខាន់ ដែល​ឈាន​ទៅ​បង្កើន​ឡើង​នូវ​គម្រោង​ចំណាយ​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ​។

​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ សម្រាប់​គម្រោង​ចំណាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​រួម​សម្រាប់​វិស័យ​ការពារ​ជាតិ សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​៤,៤២៥,១៥០​លាន​រៀល ក៏​មាន​ការ​កើនឡើង​ប្រមាណ​១០,៥ ភាគរយ​ផង​ដែរ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុង​នោះ​មាន​ចំណាយ​ចរន្ត​៤,២៦៣,៥៥៧​លាន​រៀល (​ចំណាយ​បន្ទុក​បុគ្គលិក ៣,៣៨៧,៨៦៥​លាន​រៀល​, ក្រៅ​បន្ទុក​បុគ្គលិក ៨៧៥,៦៩២​លាន​រៀល​) និង​ចំណាយ​មូលធន​១៦១,៥៩៣​លាន​រៀល​។

ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​កងទ័ព​រៀងរាល់​ឆ្នាំ គឺជា​ចំណុច​សំខាន់​មួយ ឈាន​ទៅ​ដល់​បង្កើន​ឡើង​នូវ​គម្រោង​ចំណាយ​ថវិកា​សម្រាប់​ក្រសួងការពារជាតិ នៅ​ឆ្នាំ​ក្រោយនេះ ដោយ​ធ្វើឡើង​ស្រប​ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ ដែល​ឆ្នាំ​២០១៩ ខាងមុខនេះ ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា (​ផ​.​ស​.​ស​-GDP) នឹង​អាច​កើន​ឡើង​ដល់​២៧,២២២​លាន​ដុល្លារ​អាមេរិក ខណៈ​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ​នឹង​កើន​ឡើង​ដល់​១,៧០៦​ដុល្លារ​អាមេរិក​។

បៀវត្ស​យោធិន (​ពលទោ​) នឹង​ត្រូវ​ដំឡើង​ពី​ចំនួន​៩៧៦,៥៥០​រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​១,០២៥,៩០០​រៀល នៅ​ខែមេសា ឆ្នាំ​២០១៩ (​មិន​គិត​បញ្ចូល​របប​អង្ករ​) ហើយ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​១,០៥៥,៩០០​រៀល (​មិន​គិត​បញ្ចូល​របប​អង្ករ​) ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ ត្រូវជា​ប្រមាណ​១,១១៤,៣៧៧​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu