ភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចាប់បង្ក្រាបនៅវេលាម៉ោង២៣និង០៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀ សឿតុង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំលូទឹកស្អុយ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនកម្លាំងបានចាប់យកវត្ថុតាងរួមមាន ១-ថ្នាំក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូច ២-ទូរស័ព្ទដៃចំនួន០១គ្រឿង ៣-បំពង់សម្រាប់សេពគ្រឿងញៀនចំនួន៣ ៤-លុយ៥ដុល្លារនិងលុយខ្មែរ៦០.០០០រៀល ៥-នាឡិកាដៃចំនួន១គ្រឿង ៦-អាយកូមតូចចំនួន០២គ្រឿង ៧-ម៉ូតូc១១០ ពណ៌ខ្មៅ សេរី២០០២ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A:៣២៥១។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ដើម្បីរក្សាឲ្យបាននូវភូមិ/សង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូច្នេះហើយលោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបានដាក់កម្លាំងជាក្រុមៗចេញល្បាតនៅក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានប្រជាពលរដ្ឋបានរាយការណ៍យ៉ាងច្បាស់ថាមានជនសង្ស័យម្នាក់កំពុងឈប់នៅកន្លែងកើតហេតុនោះ ទើបកម្លាំងចុះទៅដល់ឃើញជាក់ស្តែង ក៏ឃាត់ខ្លួនឆែកឆេរឃើញមានលាក់ទុកថ្នាំញៀនចំនួន០៧កញ្ចប់តូចនៅជាប់ខ្លួន ដើម្បីបន្តចរាចរតទៅទៀតនោះ ក៏នាំខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថក្រុងចាត់ការតាមផ្លូវច្បាប់៕
រស្មី

0 Comments