Ad Code

លោក​យ៉ង់ សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ត្រូវ​បាន​គាំទ្រ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី



ភ្នំពេញ​ ៖​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ បានធ្វើ​សមាជ ដើម្បី​ជ្រើសរើស​តំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី​ម្នាក់ ក្នុងចំណោម​បេក្ខភាព​ចំនួន​៣​រូប ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​របស់​ខ្លួន ​​ស្ថិត​នៅផ្ទះ​លេខ​៣៨ ផ្លូវ​១៩៣២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​សំឡេង​ឆ្នោត​បាន​គាំទ្រ​លោក យ៉ង់ សាំង​កុមារ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ។

សមាជ​នេះ​មាន​អ្នកចូលរួម​ប្រមាណ​១៨០​នាក់ ក្រោម​អធិបតីភាព​លោក យ៉េ​ង វីរៈ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត ហើយ​ក្នុងចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​រួមមាន លោក សាម អ៊ី​ន អគ្គលេខាធិការ​បក្ស លោក យ៉ង់ សាំង​កុមារ​ប្រធាន​គណៈកម្មាធិការ​នាយក និង​លោក ឃុន សាវឿន​។ ក្នុង​សមាជ​នោះ​លោក យ៉ង់ សាំង​កុមារ ត្រូវបាន​សមាជិក​បក្ស​បោះឆ្នោត​គាំទ្រ ឲ្យ​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​សម្រាប់​ការបោះឆ្នោតជាតិ​ខាងមុខ ក្នុង​សំឡេង​នាំមុខ​ដាច់​គេ​១២៧​។ ដោយឡែក​លោក យ៉េ​ង វីរៈ ដែល​ជា​ប្រធាន​បក្ស និង​លោកស្រី ប្រុក វ​ន្នី ជា​អនុប្រធាន​នោះ មិន​ឈរ​ឈ្មោះ​ទេ​។​

សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រ​កួត​ប្រជែង​មាន​ចំនួន​២០ រួមមាន គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១, គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២, គណបក្ស “​ហ្វ៊ុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦, គណបក្ស “​ឆន្ទៈ​ខ្មែរ​” លេខ​រៀង​ទី​១៧, គណបក្ស “​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu