ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញហើយកាលពីល្ងាចថ្ងៃទី២៩ ខែមេសានេះ បន្ទាប់ពីបានអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំងប្រទេសចិន ពីថ្ងៃទី២៥-២៩ ខែមេសា ឆ្នាំ២០១៩។
ក្នុងរយៈពេល ៥ថ្ងៃនៅទីក្រុងប៉េកាំង ក្រៅពីចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅបានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ឃឺឈាង ជួបពិភាក្សាការងារជាមួយលោក វ៉ាង ហូនីង សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន និងអនុញ្ញាតឲ្យក្រុមហ៊ុនចិនធំៗ និងអង្គការអន្តរជាតិមួយចំនួនចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ ដែលរួមមាន៖ អគ្គនាយកអង្គការឧស្សាហកម្មសហប្រជាជាតិ(UNIDO),ជួបពិភាក្សាការងាររយៈពេលខ្លីជាមួយលោកស្រី Henrietta H.Fore នាយិកាប្រតិបត្តិអង្គការយូនីសេហ្វ។ តំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិចិន(China National Heavy Marchinery),ក្រុមហ៊ុន ហួវ៉ៃ ថេកណូឡូជី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ,ប្រធានក្រុមហ៊ុនថ្មីរបស់ China Huaneng Group ,តំណាងក្រុមហ៊ុនថាមពលដើរដោយខ្យល់និងពន្លឺព្រះអាទិត្យ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ត្រូវបានសាកលវិទ្យាល័យប៉េកាំងប្រទេសចិនប្រគល់ជូននូវគោរមងារជាសាស្ត្រាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ។ ក្រៅពីនេះ សម្តចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញទស្សនាស្នាក់ការកណ្តាលធនាគារចិន និង ធ្វើជាសាក្សីនៅក្នុងចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារចិនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធ និង ទស្សនា សួនកម្ពុជា ,សម្តេចតេជោក៏បានអញ្ជើញទស្សនាការតាំងពិព័រណ៍សាកវប្បកម្មរបស់ចិន និង ពិធីដាំដើមឈើមិត្តភាពបៃតងនៅមុខកន្លែង តាំងពិព័រណ៍ចិន និងចូលរួមបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ ២០១៩។
ជំនួបជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មុនពេលចាកចេញពីទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៩ ខែ មេសា បានអញ្ជើញជួបពិភាក្សាពិភាក្សាទ្វេភាគីជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបដែលធ្វើឡើងនៅមហាវិមានប្រជាជនចិនលោកប្រធានាធិបតីចិនមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចដែលបានឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំចិន ចូលរួមក្នុងវេទិកាស្តីពីខ្សែក្រវាត់និងផ្លូវលើកទី២ស្តីពីសហប្រតិបត្តិការ អន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក ប្រធានាធិបតី ចិន ស៊ី ជីន ពីង បានបញ្ជាក់ អះអាងថា ចិននឹងជួយដល់កម្ពុជា ពាក់ព័ន្ធការគំរាមដក EBA ពីកម្ពុជា ដោយសហភាពអឺរ៉ុប ដើម្បីជួយការពារនូវភាពស្របច្បាប់ របស់កម្ពុជា ចំពោះស្ថានភាពបច្ចុប្បន្ន ដែលមានសម្ពាធ នេះ។ លោក ស៊ី បានបន្តថា ទោះបី យ៉ាងណា ចិននៅតែគាំទ្រកម្ពុជា ជួយដល់កម្ពុជា។
លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា កម្ពុជា-ចិនជាមិត្តល្អ យើងបានចុះហត្ថលេខាទៅលើឯកសារសំខាន់ៗ ជាពិសេសសហគមន៍រួមគ្នាដែលជាឯកសារគោលដែលអាចបន្តធ្វើការជាមួយគ្នាសហការជាមួយគ្នាទៅតាមផែនការសកម្មភាពនេះ យើងត្រូវតែបន្តថែទាំមិត្តភាពរវាងប្រទេសទាំងពីរ។ ចិនខិតខំជួយកម្ពុជាក្នុងក្របខ័ណ្ឌកម្មវិធីខ្សែក្រវាត់ និងផ្លូវ ដោយជំរុញការកសាងនៅតំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ កសាងព្រលានយន្តហោះនៅខេត្តសៀមរាប និងការនាំចេញអង្ករពីកម្ពុជាឲ្យបាន៤០លានតោន។ សម្រាប់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជាយើងនឹងបន្តជំរុញគាំទ្រសម្ដេច ហ៊ុន សែន ហើយយើងគាំទ្រនិងជួយដល់វិស័យការពារជាតិរបស់ ប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកប្រធានធិបតីបានប្រកាសថា ចិននឹងជួយ ៦០០លានយន់ដល់វិស័យការពារជាតិកម្ពុជា។
លោក ស៊ី បានបន្តថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នាបន្តទៀតដើម្បីឲ្យការងារដែលបានធ្វើកន្លងមកបន្តទៅមុខយ៉ាងរលូននិងលើកកម្ពស់ វប្បធម៌ទេសចរណ៍ជាកត្តាសំខាន់សម្រាប់ការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ លោក ស៊ី បានបន្តថា ថ្មីៗនេះប្រទេសចិន និងសឹង្ហបុរីបានធ្វើការជាមួយគ្នាដើម្បីបង្កើតរបៀងសេដ្ឋកិច្ចភ្ជាប់ដីដើម្បីជំរុញការភ្ជាប់ដីធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងន័យនេះ យើងបានស្វាគមន៍កម្ពុជាចូលទៅក្នុងរបៀងសេដ្ឋកិច្ចនេះផងដែរ។
លោក ស៊ី ក៏បានចាត់ទុកការកែទម្រង់ផ្ទៃក្នុងរបស់ប្រទេសកម្ពុជាគឺជាកត្តាសំខាន់ជាពិសេសទៅទៀតគឺបានការពារសេដ្ឋកិច្ចនិងពាណិជ្ជករ នៅក្នុងប្រទេស ហើយលោកបានចាត់ទុកកម្ពុជាជាមិត្តពិសេសរបស់ចិនហើយយើងដោះស្រាយរួមគ្នា។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាកំពុងទទួលបាននូវភាពជោគជ័យជាបណ្តើរៗពីគោលនយោបាយខ្សែក្រវាត់ និងផ្លូវ តាមរយៈការតភ្ជាប់លើគ្រប់វិស័យ។ សម្តេចតេជោមានប្រសាសន៍បន្តថា យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ ស្របគ្នានឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅក្នុងការតភ្ជាប់លើគ្រប់ផ្នែកនិង គ្រប់វិស័យទាំងអស់។
ជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ចិន
នៅក្នុងជំនួបជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សា គ្នាដោយបានផ្តោតសំខាន់ទៅលើការពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក លឺ ខឺឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើការធានាអះអាងជាថ្មីទៀតចំពោះសមភាគីកម្ពុជាថា « ទោះបីជាមានបញ្ហាអ្វីក៏ដោយគឺមិនអាចបំបែកចំណងមិត្តភាពដ៏រឹងមាំរវាងចិននិងកម្ពុជាបានឡើយ ហើយចិនបន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់»។
លោកនាយករដ្ឋមន្ត្រីចិនមានប្រសាសន៍ថា «អ្វីដែលលោកចង់ឃើញគឺការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និង បោះជំហានទៅមុខនិងការបម្រើផលប្រយោជន៍រួមសម្រាប់ប្រទេស និង ប្រជាជនទាំងពីរពិសេសចិននឹងបន្តគាំទ្រដល់យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ចិនមានឆន្ទៈច្បាស់លាស់ក្នុងការជួយដល់ប្រទេសកម្ពុជាពិសេសពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចិនដែលកំពុងធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។ រដ្ឋាភិបាលចិននឹងជំរុញនិងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះបង្កើនខ្សែសង្វាក់ផលិតបន្ថែមទៀតនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអរគុណរដ្ឋាភិបាលចិនដែលផ្តើមពិភាក្សាជាមួយកម្ពុជាទាក់ទិនទៅនឹងសហភាពអឺរ៉ុប ដែលត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ លើសពីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើនៅចំពោះមុខលោកនាយករដ្ឋមន្ត្រីចិនឲ្យជួយជំរុញក្រុមហ៊ុនចិន ឲ្យបន្តបណ្តាក់ទុនវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានស្នើដល់ភាគីចិនជួយដល់ខេត្តព្រះសីហនុលើការគ្រប់គ្រងពិសេសជួយដល់បញ្ហាទឹកកខ្វក់តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍទឹកស្អាតនិងការអភិវឌ្ឍជនបទដើម្បីឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តគំរូនៃការអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ។
-កិច្ចព្រមព្រៀងចំនួន ៦ ត្រូវបានចុះហត្ថលេខា៖
បន្ទាប់ពីជំនួបពិភាក្សាដែលបានចំណាយពេលប្រមាណ២៥នាទីកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំងប្រទេសចិនរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ក្នុងនោះរួមមាន៖ ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និង ការវិនិយោគចុះហត្ថលេខា រវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយលោក ចាង យុង អនុប្រធានគណៈកម្មការកំណែទំរង់និងអភិវឌ្ឍន៍ជាតិ។
ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយចុះហត្ថលេខារវាង លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ទី៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការនាំអង្ករកម្ពុជាចំនួន ៤០ ម៉ឺនតោនចូលទីផ្សារចិនចុះហត្ថលេខារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយ លោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO។
ទី៤- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្ត្រចតុកោណ និង គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខារវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក លីវ លានកី ប្រធានធនាគារចិន។
ទី៥-ផែនការសកម្មភាពស្តីពីការបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន ចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រី ក្រសួងការបរទេសចិន។
ទី៦-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសជាហិរញ្ញប្បទានឥតសំណងចុះហត្ថលេខារវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិន។
-សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសមាជិកជាន់ខ្ពស់បក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិនចូលជួបសម្តែងការគួរសមនិងពិភាក្សាទៅលើការងារ។
ជាកិច្ចចាប់ផ្តើមនៃជំនួបលោក វ៉ាន់ ហូនីង បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដែកថែបរបស់ប្រទេសចិននិងប្រជាពលរដ្ឋចិនដែលតែងតែយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ស្នូលនៃប្រទេសចិននិងកម្ពុជា។ លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនមានការគោរពសម្តេចណាស់ហើយលោក ក៏បានតាមដានស្ថានការណ៍នយោបាយអន្តរជាតិ។
លោកបានកោតសរសើរសម្តេចដែលបានធ្វើឲ្យកម្ពុជាមានសន្តិភាពនិងស្ថេរភាព ជាពិសេសការធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍនិងមានកំណើនសេដ្ឋកិច្ចលឿន។ ជាពិសេសភាពថ្លៃថ្នូរនិងគោលជំហរយុត្តិធម៌។
ពាក់ព័ន្ធរោងចក្ររបស់ចិនប្រមាណ ៧០០ នៅកម្ពុជា លោក វ៉ាន់ ហូនីង បានបញ្ជាក់ថានឹងស្វែងយល់និងរិះរកវិធីឲ្យរោងចក្រទាំងនោះបន្តមានវត្តមាននៅកម្ពុជានិងអាចប្រជែងនៅលើទីផ្សារអន្តរជាតិ។ លោកបានបន្ថែមថា ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីប្រទេសតែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា។
លោកបានកត់សម្គាល់ពីភាពល្អប្រសើរនៃការវិនិយោគនៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ហើយនឹងជំរុញឲ្យមានការវិនិយោគបន្ថែមនៅតំបន់នោះ។ លោក វ៉ាន់ ហូនីង បានសន្យាជួយគាំទ្រលើគម្រោងផ្លូវល្បឿនលឿននិងអាកាសយានដ្ឋាននៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើចិនបើកទីផ្សារថែមទៀតដើម្បីឲ្យផលិតផលនិងកសិផលកម្ពុជាកាន់តែច្រើនត្រូវបានទៅកាន់ទីផ្សារចិនដែលជាការជួយជំរុញដល់ការនាំចេញរបស់កម្ពុជាមកប្រទេសចិន។
-រាជរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងលើឯកសារចំនួន ៣ ជាមួយធនាគារកណ្តាលចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន។ ពិធីចុះចុះហត្ថលេខាត្រូវបានធ្វើឡើងរវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកឧកញ៉ា ពង់ ឃាវសែ ប្រធាន ធនាគារកាណាឌីយ៉ាជាមួយនឹងតំណាងជាន់ខ្ពស់របស់ធនាគារកណ្តាលចិន។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែមេសា បន្ទាប់ពីអញ្ជើញចូលរួមបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២នៅទីក្រុងប៉េកាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទស្សនកិច្ច ទីស្នាក់ការកណ្តាលរបស់ធនាគារចិននៅទីក្រុងប៉េកាំង។
កម្ពុជា ជាប្រទេសទី១ នៅក្នុងអាស៊ានដែលមានប្រព័ន្ធអ៊ីនធឺណិត ៥G ប្រើប្រាស់ដំបូងគេរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Huawei បានចុះកិច្ចព្រមព្រៀងគ្នាក្នុងការនាំយកប្រព័ន្ធអ៊ីនធឺណិត ៥G ដាក់ឲ្យដំណើរការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ កម្ពុជានឹងក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ានដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ៥G នេះ។
លោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន Huawei បាននិយាយថា ប្រទេសកម្ពុជាជាប្រទេសទី១ហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មី គឺ ៥G ។ លោកថា វិស័យឌីជីថលនេះគឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ បើតាមលោក វ៉ុ វ៉ៃតាវ ក្រុមហ៊ុននឹងសហការជាមួយនឹងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងវិស័យឌីជីថលនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើជាអធិបតីភាពនៃការចុះកិច្ចព្រមព្រៀងរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និងក្រុម ហ៊ុន Huawei បាននិយាយថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត ៥G នេះគឺពិតជាល្អបំផុតព្រោះអ៊ីនធឺណិតដើរលឿន។
នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការសហការជាមួយនៅកម្ពុជា។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចចង់ឲ្យក្រុមហ៊ុន huaweiជួយកសាងសមត្ថភាពជាពិសេស ជាពិសេសទៅវិស័យបច្ចេកវិទ្យាបង្កើនសេវាល្បឿនលឿន។
-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនថាមពលដើរដោយខ្យល់និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិនចូលជួបសំដែងការគួរសមនឹងពិភាក្សាការងារ នៅក្នុងជំនួបនេះភាគីខាងក្រុមហ៊ុនថាមពលដើរដោយខ្យល់និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិនបានជម្រាបជូនសម្ដេចតេជោថា លោកបានឃើញជាក់ស្ដែងថា នៅប្រទេសកម្ពុជាអាចផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនឹងដើរដោយខ្យល់បាន។ លោកបានបន្តថា ក្រុមហ៊ុនក៏មានការចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជាដោយមានបំណងបង្កើតរោងចក្រផលិតបន្ទះ solar panel គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបម្លែងទៅជាអគ្គិសនី។
នៅក្នុងឱកាសនៃការស្នើសុំពីសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការសហការជាមួយនឹងក្រសួងរ៉ែនិងថាមពលនិងអាជ្ញាធរអគ្គិសនីកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់របស់ចិនសម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់របស់ចិនចូលជួបសំដែងការគួរសម ដែលនៅក្នុងជំនួបនោះ ប្រធានក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានបណ្តាក់ទុននៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដោយបានសហការជាមួយនឹងក្រសួងពាក់ព័ន្ធជាពិសេសក្រុមហ៊ុនបានកសាងវារីអគ្គិសនីនៅស្ទឹងតាតៃ ហើយជួយកែលម្អក្របខ័ណ្ឌអគ្គិសនីនៅប្រទេសកម្ពុជាតែម្ដងនៅស្ទឹងអាតៃនៅឆ្នាំ ២០១២ ក្នុងគម្រោងថវិកា ៥៤០លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើនិងជំរុញឲ្យមានការវិនិយោគទៅលើថាមពល នៅកម្ពុជា បន្ថែមទៀត ហើយលោកប្រធានក្រុមហ៊ុនក៏បានរាយការណ៍ជូនសម្ដេចថា ការធ្វើពាណិជ្ជកម្មលើថាមពលនេះគឺបានដំណើរការទៅមុខដោយរលូន។ ក្រុមហ៊ុនក៏បានស្នើដល់សម្ដេចគឺចង់បន្តអភិវឌ្ឍក្រុមហ៊ុនថ្មីទៀតនៅពេលខាងមុខ ខាងថាមពលនេះហើយកន្លងមកលោកក៏បានចាប់ដៃសហការជាមួយនឹងស្ថាប័នរដ្ឋរបស់កម្ពុជាជាពិសេសក្រសួងរ៉ែ និង ថាមពល។
សម្តេចតេជោក៏បានស្វាគមន៍និងអរគុណចំពោះក្រុមហ៊ុន ដែលមកបណ្ដាក់ទុនជួយអភិវឌ្ឍន៍ដល់វិស័យថាមពលនៅប្រទេសកម្ពុជាដើម្បីបន្តធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍វិស័យថាមពលមានការវិវត្តន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាជាពិសេសសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជានិងធ្វើយ៉ាងណា ឲ្យតម្លៃអគ្គិសនីមានការថយចុះបន្ថែមទៀត។
សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន អនុញ្ញាតក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនចូលជួបសំដែងការគួរសមនៅក្នុងជំនួបនេះក៏បានពិភាក្សាយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកម្ពុជាមានក្រុមហ៊ុនផ្លូវដែកមួយច្បាស់លាស់ដើម្បីទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជាគឺក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង។
ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិនដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal Railway នៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព។
លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិនបានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២១ ០០០ គីឡូម៉ែត្រ ហើយនិងបានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។
នៅក្នុងឱកាសនេះផងដែរ លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិនក៏បានគូសបញ្ជាក់ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា គាត់នឹងធ្វើយ៉ាងណាឲ្យការងារនេះបានជោគជ័យ។
សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឲ្យក្រុមហ៊ុន china huaneng groupចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងប៉េកាំងប្រទេសចិន។
ក្រុមហ៊ុន China Hauneng Group បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីគម្រោងនិងការអនុវត្តរបស់ខាងក្រុមហ៊ុននៅកម្ពុជាបានទទួលជោគជ័យទៅលើការផលិតអគ្គិសនីនៅទំនប់វារីអគ្គិសនីសេសានក្រោម២។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលតែងតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការផលិតនូវថាមពលអគ្គិសនី។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ដោយសារតែក្រុមហ៊ុន china huaneng group គឺជាក្រុមហ៊ុនដែលផលិតអគ្គិសនីដោយវារីអគ្គិសនី តាមរយៈនៃការបង្កើតវារីអគ្គិសនី ហើយក៏ជាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការផលិតអគ្គិសនី ដូចក្រុមហ៊ុនផលិតអគ្គិសនីដើរដោយខ្យល់និងពន្លឺព្រះអាទិត្យផងដែរ។
តំណាងខាងក្រុមហ៊ុន China huaneng group ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមអំពីគម្រោងថ្មីទាក់ទិនទៅនឹងការផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលក្រុមហ៊ុន China huaneng group គ្រោងនឹងវិនិយោគដើម្បីអគ្គិសនីចំនួន ២០០ មេហ្គាវ៉ាត់ ដោយថាមពលពន្លឺព្រះអាទិត្យនាពេលខាងមុខនេះលោកក៏បានបញ្ជាក់ផងដែរថា ការសិក្សាគឺទទួលបានលទ្ធផលល្អរួចហើយ នេះជាគម្រោងទំនើបមួយនៅកម្ពុជា។
ជាការឆ្លើយតបសម្ដេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាចង់បានគឺថាមពលស្អាត ថាមពលដែលគាំទ្រដល់បរិស្ថាន ជាពិសេសថាមពលដើរដោយពន្លឺព្រះអាទិត្យដែលជាបច្ចេកវិទ្យាចុងក្រោយនេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺជាជោគជ័យមួយ ដោយបានកៀងគរការវិនិយោគ និងជំនួយបន្ថែមមកកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ក៏បាននាំមកនូវផលប្រយោជន៍កាន់តែច្រើនចំពោះប្រទេសកម្ពុជា។ ទស្សនកិច្ចនេះបានពង្រឹងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយវាហាក់ដូចជាបើកទំព័រថ្មីទៀតសម្រាប់ទំនាក់ទំនង និង ភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ចិន ដោយបានចុះហត្ថលេខារហូតដល់១០ ឯកសារ ហើយឯកសារដែលសំខាន់នោះគឺការចុះហត្ថលេខាលើឯកសារការកសាងសហគមន៍រួមគ្នារវាងកម្ពុជា-ចិន ដែលជាឯកសារមួយដ៏សំខាន់ៗ ជាផែនទីចង្អុលដ៏សំខាន់សម្រាប់អភិវឌ្ឍន៍កម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments