បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យអ្នកតំណាងរាស្ត្រ លោកហឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមពិធីសម្ពោធផ្លូវបេតុង៣ខ្សែ ដែលមានប្រវែង៣.៤០០ម៉ែត្រ និងបើកការដ្ឋានសាងសង់ស្ពានបេតុង១កន្លែងប្រវែង១២០ម៉ែត្រឆ្លងកាត់ស្ទឹងសិរីសោភ័ណក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ផ្លូវចាក់បេតុងទាំង៣ខ្សែដែលទើបនិងធ្វើរួចដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនេះកន្លងមកពិបាកក្នុងការធ្វើដំណើរអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ ផ្លូវនេះធ្វើដំណើរ ទៅណាមក ណាពិបាកខ្លាំងទាំងការដឹកកសិផលយកទៅលក់នៅទីផ្សារ និងនៅពេលប្រជាពលរដ្ឋជួបបញ្ហាដូចជាមានជំងឺ ឬស្ត្រីឈឺពោះឆ្លងទន្លេដឹកទៅពេទ្យពិបាកធ្វើដំណើរយ៉ាងខ្លាំងតែបើខែវស្សាវិញធ្វើដំណើរមិនរួចតែម្តងព្រោះផ្លូវឆ្អិតទៀតផង។
ដោយមើលឃើញអំពីទុក្ខលំបាកក្នុងការធ្វើដំណើរពេក និង យកកសិផលយកមកលក់ក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យពេកទើបលោក និង ក្រុមការងារធ្វើការកសាងផ្លូវចាក់បេតុងទាំង៣ខ្សែនេះឡើងដែលចំណាយអស់ថវិកាចំនួន២០ម៉ឺនដុល្លាឯណោះ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រាប់បញ្ជាក់ឲ្យដឹងទៀតថា ផ្លូវចាក់បេតុងទាំង៣ខ្សែនេះវាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់អូរអំបិលនេះ បើមានផ្លូវល្អហើយធ្វើដំណើរចេញចូលប្រកបមុខរបររកស៊ីប្រចាំថ្ងៃធ្វើដំណើរ ទៅណាមក ណាដឹកកសិផលយកទៅលក់នៅទីផ្សារ និងនៅពេលប្រជាពលរដ្ឋជួបបញ្ហាដូចជាមានជំងឺ ឬស្ត្រីឈឺពោះឆ្លងទន្លេដឹកទៅពេទ្យក៏ស្រួលជាងមុនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងសង្កាត់អូរអំបិលទាំងអស់ ក្រោយពេលដែលផ្លូវធ្វើរួចល្អហើយ ត្រូវរួមគ្នាជួយថែរក្សាឲ្យបានល្អនិងយូរអង្វែងព្រោះ១ខ្សែៗចំណាយថវិកាអស់ច្រើនណាស់។
លោកបានបញ្ជាក់ទៀតថា ផ្លូវបេតុង៣ខ្សែ ប្រវែង៣.៤០០ម៉ែត្រដាក់ដំណើរការឲ្យប្រើប្រាស់ហើយឈានបើកការដ្ឋានសាងសង់ស្ពានបេតុង១កន្លែងប្រវែង១២០ម៉ែត្រឆ្លងកាត់ស្ទឹងសិរីសោភ័ណបន្តទៀតពេលដែលធ្វើស្ពានហើយទៀតនោះប្រជាពលរដ្ឋទាំងអស់រឹតតែស្រួលធ្វើដំណើរឆ្លងកាត់ស្ពានថ្មីនេះឆ្ពោះទៅស្រុកមង្គលបូរីមិនបាច់ផ្លូវវាងបន្តទៀតឡើយ៕
Source: Kampuchea Thmey Daily
0 Comments