Ad Code

លោក ញឹក ប៊ុនឆៃ ក្លាយជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជា​ផ្លូវការ​វិញ​ហើយ ក្រោយ​សមាជ​ពេញ​មួយ​ព្រឹក



ភ្នំពេញ​ ៖ លោក ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្មីៗ​នេះ ទាក់ទង​បញ្ហា​គ្រឿង​ញៀន​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​នោះ ទទួល​បាន​តួនាទី​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជា​ផ្លូវការ​វិញ​ហើយ តាមរយៈ​អង្គ​សមាជ​របស់​គណបក្ស កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨​។



សមាជ​នោះ​ធ្វើឡើង ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី ជំនួស​លោក សឹង គិរី ដែល​មាន​ជំងឺ​មិនអាច​ដឹកនាំ​គណបក្ស​បាន ហើយ​បាន​លាឈប់ និង​ជ្រើសរើស​អនុប្រធាន​១​រូប ដែល​អង្គសមាជ​នេះ បាន​រៀបចំឡើង​នៅផ្ទះ​លោក ញឹក ប៊ុនឆៃ ដែល​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​៦០០​នាក់ ជា​តំណាង​មកពី​រាជធានី ខេត្ត ចំនួន​២៥ ទូទាំងប្រទេស​។

នៅក្នុង​សមាជ​នេះ​ បាន​សម្រេច​ជ្រើសរើស​ថ្នាក់ដឹកនាំ​គណបក្ស ដែល​មាន​ដូចជា លោក​ទា ចំ​រ៉ាត់ ប្រធានកិត្តិយស​គណបក្ស​, លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​, លោក សឹង្ហ គី​រី ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​, លោក ទេព ន​ន្ន​រី អនុប្រធាន​គណបក្ស​, លោក អ៊ុំ សុម​ន្ថា អនុប្រធាន​គណបក្ស​, លោក សុខ វិសាល អគ្គលេខាធិការ​គណបក្ស​, លោក មូល ឈឿន អគ្គលេខាធិការរង​គ​ណ​បក្ស និង​លោក ភិន ផុន អគ្គលេខាធិការរង​គ​ណ​បក្ស​។



លោក ទា ចំ​រ៉ាត់ ប្រធានកិត្តិយស​គណបក្ស​បាន​លើក​ឡើង​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​នយោបាយ​បង្រួបបង្រួម​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​សាមគ្គី​ជា​ធ្លុង​មួយ មាន​យុត្តិធម៌​ក្នុង​សង្គម ប្រកាន់​នយោបាយ​អ​ព្យា​ក្រឹត្យ និង​បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា​អត់ធ្មត់ និង​ជៀសវាង​នូវ​ការ​ច្រណែន​និន្ទាឈ្នានីស​គ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​នៅ​មូលដ្ឋាន ទៅ​បោះឆ្នោត​ជូន​គណបក្ស​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ទទួល​បាន​ជោគជ័យ ឬ​ទទួល​បាន​អាសនៈ​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។

ចំណែក​លោក ញឹក ប៊ុនឆៃ ក្រោយពី​ទទួល​បាន​តួនាទី​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើងវិញ​បាន​ថ្លែងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​អតីត​អ្នកតស៊ូ​ស្នេហា​ជាតិ ដែល​ធ្លាប់បាន​ដង្ហែ​សម្តេចព្រះ​នរោត្តម​សីហនុ ក្នុង​ការ​តស៊ូ​រំដោះ​ប្រទេសជាតិ នា​ទសវត្សរ៍​ទី​៨០ ជា​គណបក្ស​យើងទាំងអស់​គ្នា មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​បុគ្គល​ណាមួយ​នោះ​ទេ​។



លោក​បន្ត​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​គាំទ្រ​របប​រាជានិយម​គាំទ្រ​ព្រះមហាក្សត្រ ព្រមទាំង​មាន​ផែនការ​កែទម្រង់ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន រុងរឿង​លើ​គ្រប់​វិស័យ​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រកាន់យក​គោលនយោបាយ​អ​ព្យា​ក្រឹត្យ មិន​រណប​មហាអំណាច មិន​រណប​បរទេស ធ្វើការ​ទំនាក់​ទំនងជា​មួយ​បណ្ដា​ប្រទេស​ទាំងអស់ លើ​សាកលលោក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ពណ៌​សម្បុរ​ឡើយ​។



តាម​លោក ញឹក ប៊ុនឆៃ ការដឹកនាំ និង​គ្រប់គ្រង​នៅក្នុង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ធ្វើឡើង​តាមបែប​លទ្ធិប្រជាធិបតេយ្យ គ្មាន​បក្សពួកនិយម គ្មាន​គ្រួសារនិយម និង​គ្មាន​អំពើពុករលួយ អ្នក​ស្មោះត្រង់​អ្នក​សកម្ម​ការងារ និង​អ្នក​ជួយឧបត្ថម្ភ​គណបក្ស ជា​អ្នកទទួលបាន​លទ្ធផល​ផ្លែផ្កា ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិន​គោរព​គោលការណ៍​គណបក្ស​ទទួល​បាន​លទ្ធ​ផល ឬ​ផ្លែផ្កា​នោះឡើយ​។ ជាមួយគ្នា​នោះ លោក ញឹក ប៊ុនឆៃ បាន​អះអាង​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​គណបក្ស​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ខ្មែរ​បាន​ឯកភាពគ្នា​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ និង​បញ្ហា​របស់​ប្រជាជន ដែល​កំពុង​ប្រឈម នាពេល​បច្ចុប្បន្ន ដូចជា​បញ្ហាដីធ្លី បញ្ហា​អយុត្តិធម៌ និង​បញ្ហា​ពុករលួយ​ជាដើម​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu