ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្មីៗ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧នោះ បានលើកឡើងថា លោកធ្លាប់ជាប់គុកជាង១០លើករួចមកហើយ នៅតាមតំបន់ព្រំដែនថៃ តែស្រុកខ្មែរទើបតែលើកទី១ទេ ដូច្នេះលោកមិនគេចវេះទេ លោកសុខចិត្តប្រឈមជាមួយច្បាប់ គ្រាន់តែសំណូមពរឲ្យអ្នកច្បាប់អនុវត្តឲ្យបានត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ និងបន្ទាប់ពីចៅក្រមត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ។
លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ២០១៧ ជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧កន្លងទៅ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទនោះ លោក ញឹក ប៊ុនឆៃ អះអាងថា ការចាប់ខ្លួនលោកក្នុងករណីគ្រឿងញៀននៅខេត្តកំពង់ស្ពឺ គឺលោកមិនជាប់ពាក់ព័ន្ធទេ ដូច្នេះហើយ បានជាលោកមិនរត់ទៅណា លោកនៅប្រឈមជាមួយច្បាប់ ជាមួយតុលាការ តែអ្វីដែលសំខាន់នោះ គឺលោកសូមសំណូមពរឲ្យតុលាការ មានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ។
លោក ញឹក ប៊ុនឆៃ លើកឡើងយ៉ាងនេះថា "មកដល់ពេលនេះអត់មានភស្តុតាងអ្វី ដែលត្រូវចោទប្រកាន់ខ្ញុំបានឡើយ ថាខ្ញុំពាក់ព័ន្ធរឿងអ្វីនោះ គឺអត់មានទេ មកដល់ពេលនេះ ប៉ុន្តែអ្នកនយោបាយចេះតែលាបពណ៌ខ្ញុំ ថាខ្ញុំអីចេះ ខ្ញុំអីចុះ និយាយឲ្យត្រង់ទៅ ថាខ្ញុំលក់ក្បាលអីចេះ លក់ក្បាលអីចុះ ពេលនេះខ្ញុំបានបញ្ជាក់ច្បាស់ហើយ ខ្ញុំធម្មតាទេ សុខភាពខ្ញុំធម្មតាទេ អត់មានអ្វីទេ ។ ខ្ញុំធ្លាប់បានជម្រាបហើយថា តាំងពីឆ្នាំ១៩៧៩មក នៅតាមតំបន់ព្រំដែនថៃ ខ្ញុំជាប់គុកជាង១០ លើករួចមកហើយ ហើយស្រុកខ្មែរទើបតែលើកទីមួយទេជាប់គុក តែនៅព្រំដែនជាង១០លើកហើយ គុកគ្រប់ប្រភេទ យ៉ាងម៉េចក៏ស្គាល់ដែរ។ ដូច្នេះគ្មានបញ្ហាអ្វីទេ ខ្ញុំបានពិចារណារួចហើយ ខ្ញុំអត់គេចវេសទៅទេការចោទប្រកាន់ ខ្ញុំប្រឈមជាមួយច្បាប់ គ្រាន់តែសំណូមពរឲ្យអ្នកអនុវត្តច្បាប់នៅតុលាការធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនិងយុត្តិធម៌តែប៉ុណ្ណោះទេ។
ដោយឡែកទាក់ទងនឹងព័ត៌មានមួយចំនួននាពេលកន្លងមក ដែលបានលើកឡើងថា លោកមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិនោះ លោក ញឹក ប៊ុនឆៃ បានអះអាងថា កន្លងមកពិតជាមានមែន តែជាការយល់ច្រឡំប៉ុណ្ណោះ។ លោកបញ្ជាក់ថា “កន្លងមកវាមានបញ្ហាហ្នឹងមែន និយាយឲ្យពិតទៅ ខ្ញុំមិនលាក់អីទេ តាមពិតខ្ញុំមានទំនាក់ទំនងជាមួយកូនចៅម្នាក់នៅខេត្តកំពង់ធំនោះទេ ឈ្មោះគឹមអៀង ហើយនៅពេលសុំលេខពីគេមក ទៅជាលេខ អេង ឆៃអ៊ាង ហើយនៅពេលតេចូលលោកនិយាយតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ វាជាការចៃដន្យ ជាការច្រឡំលេខទេ ហើយរឿងនោះមិនមែនជារឿងសំខាន់ ដែលគេធ្វើការចោទប្រកាន់ខ្ញុំទេ គ្រាន់តែច្រឡំតែប៉ុណ្ណោះ”។
ទាក់ទងទៅនឹងការចោទប្រកាន់មួយចំនួនដែលបានលើកឡើងថា គណបក្សតូចៗតែងតែទទួលបានការឧបត្ថម្ភពីគណបក្សធំ ឬគណបក្សប្រជាជនកម្ពុជានោះ លោក ញឹក ប៊ុនឆៃ បានអះអាងថា ការបើកគណបក្សនេះ គឺលោកលក់ផ្ទះមួយនៅឯសៀមរាប ហើយមកដល់ម៉ោងនេះ ក៏គ្មានលុយច្រើនដែរ គឺបានមកពីការជួយរបស់សមាជិក សមាជិកា ហើយថ្នាក់ដឹកនាំតាមរាជធានី ខេត្ត នីមួយៗទទួលខុសត្រូវ ទំនុកបំរុងទាំងក្រុមការងារ ទាំងគណៈកម្មការខេត្តក្រុង ស្រុក ទាំងអស់ ធ្វើការចំណាយទៅលើសកម្មភាព បូករួមទាំងការធ្វើខិតប័ណ្ណ និងការឃោសនាផ្សេងៗ។ លោកបញ្ជាក់ថា “អត់មានបានមកពីណាទេ និយាយដោយត្រង់ គឺបានមកពីក្រុមការងារ ថ្នាក់ដឹកនាំសមាជិក សមាជិកា តែប៉ុណ្ណោះ។ ពីព្រោះយើងបានបញ្ជាក់រួចហើយថា បក្សនេះ គឺជាបក្សរបស់យើងទាំងអស់គ្នា មិនមែនជាបក្សរបស់ ញឹក ប៊ុនឆៃ ទេ ដូច្នេះយើងត្រូវតែចូលរួមឧបត្ថម្ភគាំទ្រទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments