ភ្នំពេញ ៖ ឆ្នាំនេះ ជាខួបទី ២០ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។ សន្តិភាពដែលប្រទេសកម្ពុជាទទួលបានរយៈពេល ២ ទសវត្សរ៍មកនេះ បាននិងកំពុងហុចផ្លែផ្កាដល់ប្រជាពលរដ្ឋគ្រប់គ្នា។
គ្មានទៀតឡើយសង្គ្រាមស៊ីវិល និងគ្មានទៀតឡើយក្តីព្រួយបារម្ភអំពីការចាប់បង្ខំឲ្យធ្វើទាហាន។ ប្រជាពលរដ្ឋខ្មែរដែលធ្លាប់តែវេចបង្វេចនិងរស់ក្នុងក្តីព្រួយបារម្ភជាប្រចាំនោះ លែងមាននៅក្នុងអារម្មណ៍ទៀតហើយ។ ដូចនេះ ការរក្សាបាននូវសុខសន្តិភាពគឺសំខាន់ជាងអ្វីទាំងអស់។
ចាប់តាំងពីប្រទេសជាតិបានទទួលសន្តិភាពពេញលេញតាំងពីឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាម្ចាស់តែម្នាក់គត់នៃនយោបាយនេះមក ប្រជាពលរដ្ឋកម្ពុជាបានទទួលផ្លែផ្កាពីសន្តិភាពនោះយ៉ាងច្រើន ។ គ្រប់គ្នាអាចធ្វើដំណើរទៅណាមកណានិងពេលណាក៏បានដោយគ្មានការព្រួយបារម្ភពីសង្គ្រាមដូចកាលពីមុនទៀតឡើយ ។ ប្រជាពលរដ្ឋខ្មែរដែលធ្លាប់តែវេចបង្វេចនិងរស់ក្នុងក្តីព្រួយបារម្ភជាប្រចាំនោះ បានចាកចេញពីអារម្មណ៍ភ័យខ្លាចអស់ហើយ ។ យុវជនស្រករក្រោយដែលកើតក្រោយសម័យសង្គ្រាម រឹតតែលែងស្គាល់សោះនូវអារម្មណ៍ភ័យខ្លាចនេះ ។ នេះគឺជាការប្រែប្រួលថ្មីដែលសបញ្ជាក់ឲ្យឃើញថា ពួកគេមានទំនុកចិត្តទៅលើសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសច្រើនជាងមុន ។ សន្តិភាពពេញផ្ទៃប្រទេសគឺជាវត្ថុបំណងដ៏ពិសិដ្ឋរបស់ពលរដ្ឋខ្មែរគ្រប់ៗគ្នា។
នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការបង្រួបបង្រួមជាតិឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិ ៥០០ឆ្នាំ របស់ប្រទេសកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន យកជីវិតដើម្បីធ្វើជាដើមទុនទៅប្តូរយកមកជូនជាតិនិងប្រជាជន។ពាក្យមួយឃ្លា ដែលសម្តេចបានឆ្លើយតបជាមួយម្តាយបង្កើតរបស់សម្តេចនិងម្តាយធំរបស់សម្តេចមុនធ្វើដំណើរទៅកាន់តំបន់ខ្មែរក្រហមគឺ “ម៉ែ/ធំ ប្រសិនបើស្លាប់គឺស្លាប់ខ្ញុំតែម្នាក់ និងអ្នកទៅជាមួយខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែបើបានមកវិញគឺបានផែនដីទាំងមូលតែម្តង”។
ឥឡូវសមិទ្ធផល២០ឆ្នាំ នៃសុខសន្តិភាពបានធ្វើឲ្យទឹកដីកម្ពុជាមួយនេះ មានតែការអភិវឌ្ឍ បង្កើតការងារ បង្កើតប្រាក់ចំណូលដល់ពលរដ្ឋ ពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ផ្លូវជាតិ ផ្លូវលំ ស្ពានត្រូវបានតភ្ជាប់ពីទីក្រុង ទីប្រជុំជន ទៅកាន់ទីជនបទ សាលារៀន មន្ទីរពេទ្យ ត្រូវបានពង្រាយទៅដល់មូលដ្ឋានក្បែរផ្ទះប្រជាជន។ យុវជនបានសិក្សានៅតាមមហាវិទ្យាល័យ និង មានសិទ្ធិរៀនសូត្រ និងធ្វើការងារទៅតាមបំណងប្រាថ្នារបស់ខ្លួន ។ ក្រោមពន្លឺនៃសន្តិភាពក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចសង្គមកិច្ច។
តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងការបែងចែកផ្លែផ្កានៃកំណើននេះប្រកបដោយសមធម៌ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ ជីវភាពរស់នៅរបស់ប្រជាជនជាទូទៅត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង។ កម្ពុជាបានចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួនឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាកំពុងចូលរួមដោយស្មើភាពនិងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិ កម្ពុជាដែលពីមុនជាប្រទេសទទួលយកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវគឺជាប្រទេសគំរូមួយដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសជាច្រើន។
បើគ្មានគណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូលរបស់ជាតិ ក្នុងដំណើរការស្វែងរកសន្តិភាព និងការបង្រួមបង្រួមជាតិទេនោះ គឺពិតជាពុំអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីដំណោះស្រាយបញ្ហាកម្ពុជា នាថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ឡើយដូច្នេះក៏ពុំអាចមានរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងព្រះរាជាណាចក្រកម្ពុជាទី ២ បច្ចុប្បន្ននេះបានដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចបំភ្លៃបាន។ ប៉ុន្តែ សង្គ្រាមទើបនឹងត្រូវបានបញ្ចប់ទាំងស្រុងគឺតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យអង្គការចាត់តាំងរបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយទាំងស្រុងទាំងខាងនយោបាយ និង យោធា បង្កើតបានសន្តិភាពពេញលេញនៅទូទាំងប្រទេសមានការឯកភាពជាតិ និងឯកភាពទឹកដីចាប់ពីចុងឆ្នាំ ១៩៩៨ មក។
សន្តិភាពបានផ្តល់ឱកាសដ៏ថ្លៃថ្លាបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង លើកស្ទួយជីវភាពរបស់នៅរបស់ខ្លួន។
ជាការពិត ពាក្យថាសន្តិភាពមិនសំដៅត្រឹមតែការបញ្ចប់សង្គ្រាមស៊ីវិលប៉ុណ្ណោះទេ វាក៏ផ្តោតសំខាន់ផងដែរទៅលើសន្តិភាពផ្លូវចិត្ត ។ ថ្វីត្បិតសង្គ្រាមបានបញ្ចាប់ទាំងស្រុកក៏ពិតមែនក៏ប៉ុន្តែសកម្មភាពរំខានផ្លូវចិត្តរបស់ប្រជាជននៅតែមាន ដោយសារតែសកម្មភាពខុសច្បាប់របស់ពួកអ្នកនយោបាយប្រឆាំងដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ។ ក៏ប៉ុន្តែសកម្មភាពបង្កភ្លើងសង្គ្រាមឡើងវិញនេះមិនទទួលបានលទ្ធផលនោះទេ គឺត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបង្ក្រាបបានទាន់ពេលវេលា ។ ក៏ប៉ុន្តែសកម្មភាពរបស់ពួកប្រឆាំងដែលប៉ុនប៉ងនាំសង្គ្រាមជាថ្មីមកឲ្យកម្ពុជា ក៏នៅតែមានដូចនេះការរក្សាបានសុខសន្តិភាពគឺជាបញ្ហាសំខាន់បំផុតនាពេលបច្ចុប្បន្ន និងពេលអនាគត។
ប្រជាពលរដ្ឋគ្រប់គ្នាពិតជាសាទរខ្លាំងណាស់ចំពោះសន្តិភាពដែលប្រទេសទទួលបាន ពោលគឺលែងមានទៀត ហើយសង្គ្រាមឈ្លបសង្គ្រាមទ័ពព្រៃឬសង្គ្រាមដណ្តើមអំណាចដូចកាលពីមុន។
ដើម្បីរក្សាបានសន្តិភាព វាមិនមែនជាការលំបាកនោះទេ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលបានរស់នៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ ១៩៧៩ មកច្បាស់ជាដឹងនិងស្គាល់ច្បាស់ណាស់ថាអ្នកណាដែលបានរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត អ្នកណាជាអ្នកទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រឡប់កម្ពុជា និងស្តារកសាងប្រទេសឡើងវិញពីលេខសូន្យនៅក្នុងស្ថានភាពមានសន្តិភាពផង និង សង្គ្រាមផង ហើយថែមទាំងត្រូវគេហ៊ុមព័ទ្ធខាងនយោបាយ និង សេដ្ឋកិច្ចពីខាងក្រៅយ៉ាងអមនុស្សធម៌ និងអយុត្តិធម៌ថែមទៀត ។ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បានស្តារនិងកសាងវិស័យសេដ្ឋកិច្ចសង្គមកិច្ចឲ្យមានការប្រែប្រួលនិងរីកចម្រើនជាបន្តបន្ទាប់ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាពជាជំហាន ៗ និងបាននាំមកនូវសុខសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះទៀត។
ប្រជាជនកម្ពុជាពិតត្រូវការតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដើម្បីធានាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។ ដូចនេះមានតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀតទើបរក្សាបាននូវសុខសន្តិភាព និង ការអភិវឌ្ឍ៕
Source: Kampuchea Thmey Daily
0 Comments