ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប ត្រៀមទទួលក្រុមវេស្ទើនភ្នំពេញ ខណៈក្រុមក្រសួងការពារជាតិ (ទ័ព)ត្រៀមជួបក្រុមអគ្គីសនីកម្ពុជា និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ត្រូវប៉ះក្រុមណាហ្គាវើល ក្នុងសប្ដាហ៍ទី៨ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) នៅល្ងាចថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ។
*ក្រុមសាលកវិទ្យាល័យ២ប៉ះគ្នា
ក្រុមដែលមានការឧបត្ថម្ភពីសាលកវិទ្យាល័យឯកជនចំនួន២គឺក្រុមអាស៊ីអឺរ៉ុប ត្រូវទទួលក្រុមវេស្ទើនភ្នំពេញ លើទីលានកីឡដ្ឋាន AEU Park (ម្តុំអរិយក្សត្រ) វេលាម៉ោង៣រសៀល។ ក្រុមអាស៊ីអឺរ៉ុប កំពុងដឹកនាំដោយលោក សុក វាសនា ដោយពេលនេះកំពុងឈរចំណាត់ថ្នាក់លេខ៩បណ្តោះអាសន្នក្នុងតារាងរួមដែលមានក្រុមចំនួន១២ ក្រោយប្រកួតបាន៨លើក ឈ្នះបាន២លើក ស្មើគ្នា៣លើក និងចាញ់៣លើក មាន៩ពិន្ទុក្នុងដៃ។ ខ្សែប្រយុទ្ធកាម៉េរូន Befolo Mbarga Privat ជាកីឡាករឆ្នើមម្នាក់ក្នុងក្រុមក្រោយរកគ្រាប់បាន៧គ្រាប់ម្នាក់ឯងកន្លងមកនេះ។
ចំណែកក្រុមវេស្ទើនភ្នំពេញ វិញកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិម៉ាឡេស៊ី លោក FIZOL BIN A.RAZAK។ វេស្ទើន នៅមិនទាន់ស្គាល់រសជាតិជ័យជម្នះនៅឡើយនោះទេ ក្នុង៨ប្រកួតមកនេះ ខណៈឈរបាតតារាងក្នុងចំណោមក្រុមទាំង១២។ ឆ្លងកាត់ការប្រកួតមួយរយៈពេលនេះមកលោកបានមើលឃើញពីកម្រិតប្រកួតប្រជែងនិងតម្រូវការទាមទារនៅក្នុងលីគកម្ពុជា ដែលជាបទពិសោធល្អសម្រាប់កីឡាករក្មេងៗរបស់លោកក៏ដូចជាសម្រាប់លោកផ្ទាល់ផងដែរ។
*ក្លិបដែលមានកីឡដ្ឋានមើលដំបូលគ្នាឃើញ២ក្រុមត្រូវប៉ះគ្នា
ក្រុមបាល់ទាត់ទាំង២ ដែលមានមូលដ្ឋានក្បែរគ្នាគឺក្រុមក្រសួងការពារជាតិ ត្រូវទទួលក្រុមអគ្គីសនីកម្ពុជា លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) វេលាម៉ោង៦ល្ងាច។ ផេកហ្វេសប៊ុករបស់សារព័ត៌មានកម្ពុជា នឹងផ្សាយផ្ទាល់ពីការប្រកួតនេះផងដែរ។ ក្រសួងការពារជាតិ នឹងអវត្តមានគ្រូបង្វឹក លោក ភា សុភត្រា និងកីឡាករបរទេស២នាក់ផ្សេងទៀត ក្នុងការប្រកួតនេះដោយសារជាប់ពិន័យ។ ៨ប្រកួតមកនេះក្រុមក្រសួងការពារជាតិ ឈ្នះបាន៤លើក និងចាញ់៤លើក ឈរលេខ៦ បណ្តោះអាសន្ន។
ចំណែកក្រុមអគ្គីសនីកម្ពុជា វិញមិនទាន់គេចផុតពីតំបន់បាតតារាងនៅឡើយនោះទេ ក្រោយប្រកួតឈ្នះបាន១លើក ស្មើគ្នា១លើក និងចាញ់៦លើកក្នុងប្រកួតកន្លងមក។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមនេះធ្លាប់លើកឡើង «ឆ្នាំនេះថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាចង់ឲ្យក្រុមឡើងយ៉ាងហោចណាស់គឺដល់វគ្គពាក់កណ្ដាលលផ្ដាច់ព្រ័ត្រក្នុងពានសម្ដេចតេជោ ព្រោះលេងតែកីឡាករខ្មែរសុទ្ធដូចអ្វីដែលក្រុមមាន។ ចំណែកក្នុងពានលីគវិញ គោលដៅរបស់យើងគឺរក្សាខ្លួនឲ្យល្អ និង ប្រឹងដើម្បីបានចំណាត់ល្អជាងរដូវកាលចាស់»។
*អគ្គស្នងការដ្ឋាននគរបាលជាតិ ដណ្តើមពិន្ទុជាមួយណាហ្គាវើល
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវប៉ះក្រុមណាហ្គាវើល លើទីលានពហុកីឡដ្ឋានជាតិ វេលាម៉ោង៦ល្ងាច ខណៈការប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News។ ក្រុមប៉ូលីសកំពុងឈរលេខ៥ ក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៤លើក ស្មើគ្នា២លើកនិងចាញ់២លើក។ លោក នុត សូនី គ្រូបង្វឹកក្រុមនេះរំពឹងថា កូនក្រុមនឹងធ្វើបានល្អបន្ថែមទៀតក្នុងប្រកួតនៅពេលខាងមុខៗ ស្របពេលមានកីឡាករស្ទើរតែពាក់កណ្ដាលក្រុម ទើបតែបញ្ចប់បំពេញកាតព្វកិច្ចនៅសាលាបណ្ឌិតសភានគរបាលជាតិ។
សម្រាប់ក្រុមណាហ្គាវើល វិញកំពុងប្រដេញនៅតំបន់កំពូលតារាងក្រោយប្រកួតឈ្នះបាន៦លើក ស្មើគ្នា១លើក និងចាញ់១លើក មាន១៩ពិន្ទុក្នុងដៃ។ លោក មាស ចាន់ណា គ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ AFC A License បានអះអាងថា លោក នឹងព្យាយាមប្រមូលផ្ដុំអារម្មណ៍កីឡាករឲ្យបានល្អឡើងវិញ និង កែប្រែចំណុចខ្វះខាតដើម្បីបន្តប្រជែងកៅអីកំពូលតារាង៕
Source: Kampuchea Thmey Daily
0 Comments