រតនគិរី ៖ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការកង្វះខាតឈាមសម្រាប់សង្គ្រោះជីវិតមនុស្ស យុវជន សហភាពសហព័ន្ធយុវជន មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានស្ម័គ្រចិត្តអញ្ជើញផ្តល់ឈាមជូន មន្ទីរពេទ្យបង្អែកខេត្តរតនគីរី។
លោកវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃ នៃសេចក្តីស្រលាញ់ ហើយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលបានយក ថ្ងៃ១៤កុម្ភៈជារៀងរាល់ឆ្នាំ ជាទិវាផ្តល់ឈាម ដើម្បីសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាម។
លោកវេជ្ជបណ្ឌិតបានបន្តថា ជាក់ស្ដែងថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ មានក្រុមយុវជនសហភាពសហព័ន្ធ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តប្រមាណជាង១០០នាក់ បានស្ម័គ្រមកផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា យុវជន យុវនារី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ពួកគាត់មានការយល់ដឹងច្រើនទាក់ទងនឹងការផ្តល់ឈាមសម្រាប់ ជួយសង្គ្រោះជីវិតមនុស្ស។
លោកវេជ្ជបណ្ឌិតបន្តថា នេះជាលើកទី៦ ហើយដែលមន្ទីរពេទ្យបង្អែខេត្តរតនគិរី បានទទួលការស្ម័គ្រចិត្តផ្តល់ឈាមពីមហាជនទូទៅហើយនៅក្នុង ១ថ្ងៃៗ មន្ទីរពេទ្យត្រូវការឈាម ២ប្លោក សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដូច្នេះឈាមដែលបានមកពីការបរិច្ចាគពីសប្បុរសជនថ្ងៃនេះខាងមន្ទីរពេទ្យ និងយកទៅប្រើប្រាស់ឲ្យមានតម្លាភាពបំផុត៕
Source: Kampuchea Thmey Daily
0 Comments