Ad Code

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​បន្ត​ឃុំខ្លួន​អតីត ​ឧកញ៉ា​ ហូរ ចំរើន​



​ភ្នំពេញ ​៖ សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បានសម្រេច​បន្ត​ឃុំខ្លួន​អតីត​ ឧកញ៉ា ហូរ ចំរើន រហូតដល់​តុលាការ​សម្រេច​ក្នុង​អង្គសេចក្ដី ពោល​គឺ​មិន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ តាម​ការ​សុំ​របស់​ជនជាប់ចោទ​ទេ។​ សេចក្ដីសម្រេច​នេះ ​ធ្វើឡើង​ដោយ​កំបាំងមុខ​ជន​ត្រូវ​ចោទតែ​ចាត់ទុកជា​ចំពោះមុខ។​

កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​លើក​យក​សំណុំ​រឿង​មុន​អង្គសេចក្ដី​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ឧកញ៉ា​ ហូរ ចំរើន មក​បើកសវនាការ​ស្ងាត់ៗ​តាម​រូបភាព​អសាធារណៈ។​

ជនជាប់ចោទ​ ហូរ ចំរើន ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ.​ស បញ្ជូនមក​នៅ​ចំពោះ​មុខ​សភា​ស៊ើបសួរ​អមដោយ​មេធាវី​គូ​ក្ដី​ នៃ​រឿង​ព្រហ្មទណ្ឌ។​

ក្រោយពី​បញ្ចប់​នៃ​ការ​លើក​សំអាង​ហេតុ​របស់​ជនជាប់ចោទ​រួចមក ក្រុមប្រឹក្សាតុលាការ​បាន​សម្រេច​កំណត់​យក​ថ្ងៃទី​១៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ខាងមុខ ដើម្បី​ប្រកាស​សាលដីកា។​

អ្វី​ជាការ​កត់សម្គាល់ ជនជាប់ចោទ​ ហូរ ចំរើន មិន​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ឲ្យ​ស្លៀក​សំលៀកបំពាក់​ជា​អ្នកទោស​ទេ ហើយ​ថែមទាំង​យក​អាម៉ាត្យ​ឯកជន​ប្រមាណ​១០​នាក់មក​កាង​ការពារ​ទៀត​ផង ធ្វើ​ដូចជា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មួយ​ទាំងមូល​ គ្មាន​សមត្ថភាព​ការពារ​សុវត្ថិភាព​​ជន​ជាប់ចោទ​បាន។​

ពាក់ព័ន្ធ​នឹង​សំណុំរឿង​មុន​អង្គសេចក្ដី​ដែល​សភា​ស៊ើបសួរ​លើក​យកមក​បើកសវនាការ​នេះ ត្រូវ​បាន​មន្ត្រី​សាលាឧទ្ធរណ៍​បង្ហើប​ឲ្យ​ដឹងថា​ ជា​រឿងក្ដី​ដែល​ លោក ​ហូរ ចំរើន​ លួច​យក​ដី​របស់​ក្រុមហ៊ុន​កូរ៉េ​មួយ​ទៅ​ដាក់​បញ្ចាំ​ធនាគារ​យក​ប្រាក់​ចំនួន​៩​លាន​ដុល្លារ រឿង​ចេញ​សែក​ស្អុយ និង​ឆបោក។​

ដើមបណ្ដឹង​ក្នុង​រឿងក្ដី​ថ្មី​នេះ​ ឈ្មោះ Kim Myungil ឆ្នាំ​កំណើត ១៩៥៨ ជនជាតិ​កូរ៉េ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជា​អតីត​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន KTC ជា​សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត បាន​ប្ដឹង​ឈ្មោះ​ ហូរ ចំរើន ឆ្នាំ​កំណើត​១៩៨១ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧២ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ពីបទ ឆបោក បទ​រំលោភ​លើ​ទំនុកចិត្ត បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៥។​

ប្រភព​បាន​បន្ត​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៥ លោក KIM YUNGIL បាន​លក់​ដី​របស់​ក្រុមហ៊ុន​KTC ដែលមាន​ទីតាំងនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​ពោធិ៍ ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ឲ្យ​ឈ្មោះ ហូរ ចំរើន តាមរយៈ​ការ​ចរចា​​ពី​ ឈ្មោះ លី ធុច ដែល​បាន​ណែនាំ​ឲ្យ​​ស្គាល់ ហូ ចំរើន ហើយ​បានធ្វើ​កិច្ចព្រមព្រៀង​ទិញ​លក់​ដី​ចុះ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។​

ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​បាន​មួយខែ គូ​ភាគី​ទិញ លក់ បាន​កែប្រែ​កិច្ចព្រមព្រៀង​បន្ថែម​ ចុះ​ថ្ងៃ​ទី ២២ ខែ​ធ្នូ​ ​ឆ្នាំ​២០១៥ និង​មាន​ធ្វើ​លិខិត​កិច្ចសន្យា​ចុះ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥ ​ដោយ​ផ្ដិតមេដៃ​ផ្ទេរ​ក្រុមហ៊ុន ​រួមទាំង​អចលនវត្ថុ​ទាំងអស់​ឲ្យ​មក​ភាគី​ លោក KIM YUNGIL វិញ ​នៅមុខ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធានា​ការទូទាត់​ប្រាក់​ជា​បន្តបន្ទាប់​តាមរយៈ​មូលប្បទានប័ត្រ ប៉ុន្តែ​មូលប្បទានប័ត្រ​ទាំងអស់​ សុទ្ធតែ​គ្មាន​ប្រាក់​សម្រាប់​ទូទាត់។ ហើយ ​លោក ​ហូរ ចំរើន​ ចេះតែ​គេចវេះ​រហូត និង​ពន្យារ​ពេល​រហូត​ ដោយ​ការ​ពន្យារ​ពេល​ម្ដងៗ​ សុទ្ធ​ធ្វើឡើង​នៅ​ចំពោះមុខ​ លោក ​លី ធុច។ ទើប​នៅ​ថ្ងៃទី ១៨ ខែ​មិថុនា ឆ្នាំ​២០១៧ ហូរ ចំរើន​ បាន​ប្រើល្បិច​ថា ​នឹង​បញ្ចប់​ការទិញ​លក់​ដោយ​ប្រគល់​ដី​ទាំង​អស់​ឲ្យ​មក​ លោក ​KIM YUNGIL វិញ ​នៅ​ខែមិថុនា ឆ្នាំ​២០១៧។

ដោយសារ​មិន​ចង់​មានទំនាស់​តទៅទៀត​ លោក ​KIM ក៏​រង់ចាំ​ការផ្ទេរ​សិទ្ធ​មកវិញ ប៉ុន្តែ​ លោក​ ហូរ ចំរើន ចេះតែ​ថា​កំពុង​ដំណើរការ​ផ្ទេរ​សិទ្ធ។

លុះ​ក្រោយមក​ ទើប​លោក​KIM ដឹង​ថា ​ហូរ ចំរើន កាត់ឈ្មោះ​ចេញពី​ដី​របស់​ក្រុមហ៊ុន​ ដោយ​មិន​ឲ្យ​លោក​KIM ដឹង ហើយ​បាន​យក​ទ្រព្យ​ទាំងនោះ​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​យកប្រាក់​ចំនួន​៩​លាន​ដុល្លារ​ទៅ​បាត់​ហើយ។​

ទង្វើ​ទាំងនេះ​បង្ហាញ​ពី​ភាព​ទុច្ចរិត​របស់​ ឈ្មោះ​ ហូរ ចំរើន ដែល​បាន​រៀបចំ​គម្រោង​បោក​បញ្ឆោត​ស៊ី​ដាច់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​KTC។​

នៅក្នុង​ពាក្យបណ្ដឹង​របស់ លោក ​KIM YUNGIL បាន​ទាមទារ​យក​ដី​រ​បស់​ក្រុមហ៊ុន​មកវិញ សំណូម​ពរ​ឲ្យ​តុលាការ​ចោទប្រកាន់​ផ្ដន្ទាទោស​ ឈ្មោះ​ ហូរ ចំរើន​ តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត​ចំនួន​៥​សែន​ដុល្លារ។​

សូម​រំលឹក​ថា​ បច្ចុប្បន្ន​នេះ ​ទណ្ឌិត ​ហូរ ចំរើន​ កំពុង​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពាក់ព័ន្ធ​ការ​បាញ់​កាំភ្លើង​គំរាមកំហែង​ម៉ែឪ​ក្មេក​ និង​ប្រពន្ធ​នៅក្នុង​ផ្ទះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu