Ad Code

នគរបាល​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ ​និង​អគ្គិភ័យ​ សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ​នៅ​ផ្សា​ចំការ​គរ​ការប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ



​បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ នៅ​បរិវេណ​ផ្សារ​ចំការ​គរ ស្ថិតក្នុង​ភូមិ​ផ្សារ​ថ្មី​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​ដឹកនាំ​ដោយ ​លោក​វរសេនីយ៍ឯក ប៊ុន ផេង ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ការងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ តំណាង​ឲ្យ​លោក​ឧត្ដមសេនីយ៍​ទោ អាត់​ ខែម ​ស្នងការ​នគរបាល​ខេត្ត ​បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​ លោក នាង ហាវ អភិ​បាលរង​ក្រុង​សិរីសោភ័ណ តំណាង​ឲ្យ​ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ នៅ​ផ្សា​ចំការ​គរ ហៅ​ផ្សារ​ថ្មី ក្រុង​សិរីសោភ័ណ អំពី​វិធានការ​បង្ការ ការពារ​ករណី​អគ្គិភ័យ ដែល​តែងតែ​កើតមានឡើង​ក្នុង​ក្រុង​សិរីសោភ័ណ​ជា​ញឹកញាប់ និង​បាន​ប្រាប់​ពី​របៀប ​នៃ​ការប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ជាដើម​។​

លោក​វរសេនីយ៍ឯក ប៊ុន ផេង​ ប្រាប់​អ្នក​ព័ត៌មាន​ឲ្យ​ដឹងថា ​តាម​ការ​អំពាវនាវ​រប​ស់​ក្រសួងមហាផ្ទៃ​លេខ​៦៤០ សជណ សេចក្ដីណែនាំ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​លេខ​០០៣ ស​ណន ដោយមាន​ការ​ចង្អុល​បង្ហាញ ពី​លោក​ឧត្ដមសេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​ លោក​បាន​ដឹកនាំ​ក្រុម​គ្រូ​បង្គោល ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចុះ​ផ្សព្វផ្សាយ​នូវ​វិធានការ​បង្ការ គ្រោះ​ថ្នាក់​អគ្គិភ័យ និង​វិធី​សង្គ្រោះ ជម្លៀស​ខ្លួន​ចេញពី​កន្លែង​មាន​គ្រោះ​អគ្គិភ័យ បឋម នៅ​តាម​បណ្ដា​គោលដៅ​នានា ក្នុង​ទីប្រជុំជន​ក្រុង ស្រុក​ទាំង​៩ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត និង​ធ្វើការ​អំពាវនាវ​ដល់​មហាជន អាជីវករ អាជ្ញាធរ គ្រប់​ជាន់ថ្នាក់ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នូវ​គ្រោះថ្នាក់​អគ្គិភ័យ ណែនាំ បង ប្អូន កូន ចៅ កុំ​ឲ្យ​លេង​ច្រក​ទឹក​ដាក់​ថង់ ឬ​បឺត ប៉ោង​ដាក់​ទឹក​គប់​គ្នា ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​ជាតិ​យើង។

​លោក​សង្ឃឹមថា​ ក្រោយពី​ចេញ​សេចក្ដីប្រកាស​នេះ​ហើយ​ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ និង​យកទៅ​អនុវត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ឲ្យ​បាន​ល្អ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu