កុមារា Kasidef Vasunan ដែលមានឪពុកជាជនជាតិថៃ និងម្តាយជាជនជាតិខ្មែរ និងជាសមាជិករបស់យុវជនថ្នាលក្លិបបឹងកេតអែហ្វស៊ី ក្នុងលីគកំពូលកម្ពុជា ពោលគឺកូនប្រុសបង្កើតរបស់លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានធ្វើដំណើរទៅទឹកដីCamp Nou របស់ក្លិបយក្ស FC Barcelona ក្នុងប្រទេសអេស្ប៉ាញ ដើម្បីធ្វើតេស្តសមត្ថភាពចូលរួមក្នុងក្លិបមួយនេះតាមការកោះហៅ។
យោងតាមការឲ្យដឹងពីប្រភពមកពីក្លិបបឹងកេត បានបញ្ជាក់ថា «កុមារា Kasidej Vasunan (ហៅ DOME) ដែលជាយុវជនសាលាបាល់ទាត់បឹងកេត និងត្រូវជាកូនប្រុសរបស់អ្នកស្រីប្រធានក្លិបបឹងកេត បានចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញ តាមការកោះហៅរបស់សាលាបាល់ទាត់ក្លិប Barcelona ( FCBESCOLA ) ដើម្បីសាកល្បងសមត្ថភាព បន្ទាប់ពីរូបគេធ្លាប់បានទៅហ្វឹកហាត់កន្លងមកនៅទីនោះ និងទទួលបានការចាប់អារម្មណ៍ពីក្រុមគ្រូបង្ហាត់។ ការសាកល្បងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៧ ខែមេសាខាងមុខ ហើយប្រសិនបើជាប់ នោះ DOME នឹងចូលរួមការហ្វឹកហាត់ជាមួយពួកគេចាប់ពីខែមិថុនាតទៅ។
ប្រភពបានបន្តទៀតថា «នេះគឺជាលើកទីបី របស់កុមារា DOME ដែលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការទៅចូលរួមហ្វឹកហាត់២លើកកន្លងមក កាលពីឆ្នាំ ២០១៨ ជាមួយនឹងកុមារជាច្រើននាក់មកពីជុំវិញពិភពលោក។ ក្លិបសូមជូនពរដល់ DOME ទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសបាល់ទាត់ដ៏ល្អពីសាលាបាល់ទាត់ BARCELONA»។
លោក បែ មករា អ្នកចាត់ការបឹងកេត ធ្លាប់បានឲ្យដឹងថា Kasidef Vasunan ជាយុវជនរបស់បឹងកេត(Academy) ដែលហ្វឹកហាត់រាល់ថ្ងៃតាំង ពីការបើកបង្ហាត់យុវជន៣ឆ្នាំមកហើយ ប៉ុន្តែរូបគេធ្លាប់បានទៅហ្វឹកហាត់រយៈពេល ប្រហែល១សប្ដាហ៍ នៅសាលាបាល់ទាត់ Barcelona ប្រចាំនៅប្រទេសសិង្ហបុរី (បើករយៈពេលខ្លី) កាលពីឆ្នាំ២០១៧ថ្មីៗ។ ទេពកោសល្យ និង ការលេងបាល់របស់កុមារាវ័យ១០ ឆ្នាំរូបនេះបានទាក់ចំណាប់គ្រូយុវជនថ្នាលរបស់ក្លិប Barca ដែលទៅបង្វឹកនៅប្រទេសសិង្ហបុរី ហើយក៏ទទួលបានការអញ្ជើញទៅហ្វឹកហាត់នៅទីលាន Camp Nou ម្តងទៀតនៅដើមឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments