Ad Code

រក​ឱកាស​ចូល​ទៅ​បាញ់​ហ្ស៊ី​ប បែរជា​បាញ់សម្លាប់​ខ្លួនឯង​នៅក្នុង​ទី​លា​បាញ់​គ្រាប់​ពិត​របស់លោក​សុខ ខេមរិន្ទ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង



ភ្នំពេញ ៖ បុរស​ម្នាក់​គេ​មិន​ដឹង​ថា ​មាន​ជំងឺ​ប្រចាំ​កាយ​ស្អី​ឲ្យ​ពិតប្រាកដ​នោះទេ បាន​បាញ់សម្លាប់​ខ្លួនឯង ខណៈ​ចូល​ទៅ​បាញ់​ហ្ស៊ី​ប​ក្នុង​ទីលាន​បាញ់កាំភ្លើង​ភ្នំពេញ របស់​លោក សុខ ខេមរិន នៅ​ក្បែរ​អង្គភាព​តម្រួត​បទបញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​ទីតាំង ស្ថិតនៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ២០១៩​។ ក៏ប៉ុន្តែ ខាង​សមត្ថកិច្ច​និង​ខាង​ក្លឹប​បាញ់កាំភ្លើង​ព្យាយាម​លាក់កំបាំង​ព័ត៌មាន ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩​នេះ​ ទើប​បែកធ្លាយ រូបភាព​ខ្សែ​វីដេអូ តាមរយៈ​កាមេរ៉ា​សុ​វត្ថិភាព គួរ​ឲ្យ​រន្ធត់​យ៉ាងខ្លាំង។



សមត្ថកិច្ច​មូលដ្ឋាន លោក​យឹម សារ៉ាន់ បាន​ឲ្យ​ដឹង​ថា លោក​បានដឹង​ដែរ តែ​បាន​ត្រឹមតែ​រាយការណ៍ សូម្បីតែ​ពិនិត្យ​កោសល្យវិច័យ ជំនាញ​ក្រុង​មិនបាន​ចូល​ទៅ​ទេ ករណី​ខាងលើ​ជំនាញ​ខាង​ក្រសួង ចុះ​ទៅ​ពិនិត្យ កោសល្យវិច័យ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា ជន​ដែល​ធ្វើអត្តឃាត​នោះ​ឈ្មោះ កែវ សុថា​រិ​ទ្ធ ភេទប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ មាន​ជម្ងឺ​ប្រចាំកាយ មិនអាច​ព្យាបាល​បាន។ កាលពី​ព្រឹក​ថ្ងៃ​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ជួល​កាំភ្លើង​បាញ់​ហ្ស៊ីប នៅ​ទីលាន​៩១១ ម្តង​ហើយ ក៏​ចេញ​មកវិញ លុះដល់​វេលា​ម៉ោង​កើតហេតុ បាន​ចូល​ទៅ​ជួល​កាំភ្លើងខ្លី ម៉ា​កឡុក នៅ​ក្លឹប​បាញ់កាំភ្លើង ទីលាន របស់​លោក សុខ ខេមរិន ចំនួន​៥​គ្រាប់ បាញ់​លើក​ទី​១ បាញ់​អស់​៣​គ្រាប់ សំដៅ​ផ្ទាំង​ហ្ស៊ីប បាញ់​លើក​ទី​២ តម្រង់​ផ្ទាំង​ហ្ស៊ីប​១​គ្រាប់ ហើយ​១​គ្រាប់​ចុងក្រោយ លើក​កាំភ្លើង​បាញ់​ខ្លួនឯង​ចំក្បាល ស្លាប់​យ៉ាង​រន្ធត់​តែម្តង។

ទោះជា​យ៉ាង​ណា​ក្តី មិនអាច​សុំ​ការបំភ្លឺ ពី​ខាង​អ្នកគ្រប់គ្រង​ក្លឹប ឬ​ម្ចាស់​ក្លឹប​ហាត់​បាញ់កាំភ្លើង​បានឡើយ សូម្បីតែ​ទៅ​ក្បែរ​មិនបាន​ផង​កុំថាឡើយ​ចូល​ទៅ​រក​សួរនាំ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu