អ្នកចាំទី Leonardo Oliveira របស់ក្លិបភ្នំពេញក្រោន លើកឡើងថារូបគេនឹងខិតខំការពារសំណាញ់ទីឲ្យបានជាប់នឹងជួយក្រុមធ្វើយ៉ាងណាដើម្បីរក៣ពិន្ទុជូនអ្នកគាំទ្រពេលប៉ះក្រុមចំណាត់ថ្នាក់លេខ៣ឆ្នាំចាស់វិសាខា នៅវេលាម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះក្នុងសប្ដាហ៍ទី៣នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2019) លើទីលានកីឡដ្ឋាន Smart RSN Stadium របស់ខ្លួន។
អ្នកចាំទីវ័យ២២ឆ្នាំរូបនេះ បានបង្ហាញទស្សនៈរបស់ខ្លួនមុនការប្រកួតមកដល់ថា «ខ្ញុំសប្បាយចិត្តដែលបានបង្ហាញខ្លួនលើទីលានជាមួយនឹងការឈ្នះកាលពីថ្ងៃអាទិត្យ តែអ្វីដែលសំខាន់នោះគឺការប្រកួតបន្ទាប់ដែលយើងនឹងយក៣ពិន្ទុសម្រាប់អ្នកគាំទ្រ»។ ប្រកួតជាមួយក្រុមភ្ញៀវវិសាខា នេះដែរមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។
អ្នកចាំទីជនជាតិប្រេស៊ីល រូបនេះបានបន្ថែមថា «វាពិតជាការប្រកួតដ៏លំបាកមួយសម្រាប់ពួកយើង តែយើងក៏បានធ្វើការហ្វឹកហាត់ខ្លាំងក្លាដែរសម្រាប់ការប្រកួតនេះ ព្រោះគោលបំណងចម្បងរបស់ពួកយើងគឺ៣ពិន្ទុ។ មួយវិញទៀតអ្នកគាំទ្រក៏សំខាន់ដែរព្រោះពួកគេជាអ្នកជំរុញទឹកចិត្តពួកយើង ពួកគេជួយយើងច្រើនណាស់ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមកគាំទ្រការប្រកួតនៅកីឡដ្ឋានរបស់យើងបានច្រើន។ គាំទ្រពួកយើងដល់ទីបញ្ចប់ យើងនឹងខ្លាំងទាំងអស់គ្នា»។
កីឡាករ Leonardo Oliveira Tavares កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៦។ រូបគេបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅប្រទេសកំណើតជាមួយក្លិប Flamengo នៅឆ្នាំ២០០៩ ហើយបន្តដំណើរទៅកាន់ក្លិប Botafogo នៅឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ រូបគេបន្តទៅកាន់ក្លិប Porto -SCហើយក៏បន្តទៅលេងនៅក្លឹប Queimados នាឆ្នាំ២០១៧ និងលេងនៅក្លឹប Bacabal ឆ្នាំ២០១៨ ថ្មីៗនេះ មុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន កំពុងតែឈរចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកចំនួន១៤ក្រុម ក្រោយប្រកួត២លើកឈ្នះ១លើកនិងចាញ់១លើកពោលគឺចាញ់ក្រុមបឹងកេតអែហ្វស៊ី ៣ទល់២ កាលពីប្រកួតបើកឆាកនិងឈ្នះលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល២ទល់០ ក្នុងប្រកួតលើកទី២៕
Source: Kampuchea Thmey Daily
0 Comments