ភ្នំពេញ ៖ តៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ម៉ាកFUSO បើកបរក្នុងស្ថានភាពស្រវឹង បានបុក នឹងគោយន្តកន្ត្រៃ ដែលបើកស្របទិសគ្នាបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង១៥និង៤៥នាទី ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះ ទឹម សុភា លើផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2421 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅលិចទៅកើត បើកបរដោយឈ្មោះ ផាត់ ខ្លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងរពាក់ ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KOBUTA ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ដោប សារ៉ាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ ស្នាក់នៅភូមិដីក្រហម ឃុំនិព្វាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ)។ ក្រោយកើតហេតុតៃកុងរថយន្តបង្កត្រូវបានឃាត់ខ្លួន។
ក្នុងករណីនេះបណ្តាលអោយ មនុស្សស្លាប់០១នាក់ ខូចខាតគោយន្តកន្ត្រៃធ្ងន់ ០១គ្រឿង រថយន្តស្រាល ០១គ្រឿង។ មូលហេតុបណ្តាលមកពីរថយន្តបើកបរលឿនក្នុងស្ថានភាពស្រវឹង ហើយក្នុងករណីនេះយើងប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments