សៀមរាប ៖ លោកវរសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវឲ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ត្រូវពាក់អាវកាក់សម្គាល់ឲ្យបានគ្រប់ៗគ្នា នៅរៀងរាល់ម៉ោងធ្វើការ នៅសាលាក្រុងសៀមរាប ដោយអាវកាក់មួយតម្លៃ៦ដុល្លារតែប៉ុណ្ណោះ ជៀសវាងមានការផាកពិន័យនៅថ្ងៃខាងមុខ។
លោកវរសេនីយ៍ទោ បានធ្វើការលើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងថ្មីៗនេះ។
លោក ជា វុទ្ធី នាយរងការិយាល័យចរាចរណីបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នករត់រ៉ឺម៉កកង់បី ដែលគ្មានអាវកាក់សម្គាល់ សមត្ថកិច្ចមិនទាន់មានការផាកពិន័យនោះទេ ប៉ុន្តែគ្រាន់តែអប់រំដល់ម្ចាស់រ៉ឺម៉កកង់បី ធ្វើការស្វែងយល់ពីសារៈសំខាន់ នៃអាវកាក់ តែប៉ុណ្ណោះ។
លោកបានបន្តទៀតថា នៅថ្ងៃខាងមុខ បើសិនជាម្ចាស់រ៉ឺម៉កណានៅតែមិនគោរពទៅតាមការអំពាវនាវរបស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោកទេនោះ សមត្ថកិច្ចនឹងធ្វើការពិន័យជាក់ជាមិនខាន។
លោកនាយរងការិយាល័យចរាចរណ៍ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បើមានមន្ត្រីនគរបាលណាមួយ ផាកពិន័យលើអ្នករត់រ៉ឺម៉កកង់បីដែលមិនបានពាក់អាវកាក់ សម្គាល់នោះ ពលរដ្ឋអាចរាយការណ៍មកការិយាល័យចរាចរណ៍ផ្លូវគោក តាមរយៈលេខ ទូរស័ព្ទ ០១៧ ៦៩ ១១ ២៣ ហើយរាល់ការរាយការណ៍ត្រូវបានរក្សាការសំងាត់ និងធានាជូនពីសុវត្ថិភាពផងដែរ៕
Source: Kampuchea Thmey Daily
0 Comments