ភ្នំពេញ ៖ សំណង់ដ៏ធំស្កឹមស្កៃមួយកន្លែង ដែលគេស្គាល់ថាជារបស់ លោក ឡឹម អ៊ូ និងប្រពន្ធឈ្មោះដួង រស្មី ត្រូវបានអាជ្ញាធរ អះអាងថា អត់ច្បាប់អនុញ្ញាត និងសង់រំលោភលើការកំណត់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ហើយកំពុងតែបន្តសាងសង់ផ្គើននឹងអាជ្ញាធរខណ្ឌឫស្សីកែវ ទោះបីអាជ្ញាធរចុះទៅហាមឃាត់ចាប់ដកហូតសម្ភារៈយ៉ាងណាក៏ដោយ។
សំណង់នោះ ត្រូវបានគេដឹងថា មាន៤ល្វែងអាចសង់ជាខុនដូ ឬផ្ទះជួល ស្ថិតនៅតាមអតីតផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សី ដែលបានដំណើរការជាច្រើនខែមកហើយ ។ ដែលតាមច្បាប់ គឺសុំសង់ច្បាប់តែ២ល្វែង ហើយ២ជាន់ប៉ុណ្ណោះ ។
តាមកំណត់ហេតុ របស់ សាលាខណ្ឌឫស្សីកែវ ដែលបានចុះទៅចាប់ដកហូតសម្ភារៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ការដ្ឋានសំណង់នេះ នៅតែបន្តសកម្មភាពសាងសង់ដោយមិនមានលិខិតអនុញ្ញាតសាងសង់ពីសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ ហើយបញ្ហានេះក្រុមការងារសំណង់ខណ្ឌក៏បានចុះណែនាំ ព្រមទាំងធ្វើកំណត់ហេតុ ដោយដោយតម្រូវឲ្យម្ចាស់សំណង់ ,ជាង ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន រួចបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវទើបបន្តការសាងសង់បាន ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់សំណង់, ជាងសំណង់ មិនបានអនុវត្តតាមការណែនាំឡើយ ហើយនៅតែរឹងរួស និងលបលួចបន្តការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតដដែល។
នៅក្នុងកំណត់ហេតុ ក៏បានបញ្ជាក់ថា ដើម្បីរក្សាបានប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ក្រុមការងារចម្រុះខណ្ឌ ក៏បានសម្រេចធ្វើការដកហូតសម្ភារៈ និងឧបករណ៍មួយចំនួន។
ទោះបីជាអាជ្ញាធរ ចុះហាមឃាត់ និងដកហូតសម្ភារៈយ៉ាងណាក៏រហូតមកដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ គេនៅតែឃើញ ក្រុមការងារជាង នៅតែបន្តការសាងសាងសង់ ដោយផ្គើននឹងអាជ្ញាធរ ខណ្ឌឫស្សីកែវទៀត។
តាមព័ត៌មានឲ្យដឹងថា សំណង់ មិនមែនជាផ្ទះល្វែង គឺសង់បុកគ្រឹះ ជើងសសរធំទំនងជាផ្ទះជួល ឬខុនដូរ ដែលការសាងសង់ គឺឃ្លាតពីអ័ក្សអតីតផ្លូវរថភ្លើង ប្រមាណ១០ម៉ែត្រ មិនតែប៉ុណ្ណោះវាប៉ះពាល់ដល់គម្រោងពង្រីកផ្លូវដែលសាលារាជធានីភ្នំពេញបានដំណើរការបើកការដ្ឋានរួចហើយ តែមិនទាន់ដោះស្រាយផលប៉ះពាល់រួចរាល់ផង ស្រាប់តែសំណង់នោះ សង់រំលោភទៀត។ មិនត្រឹមតែប៉ុណ្ណោះ គឺសង់រំលោភការកំណត់របស់អនុក្រឹត្យរាជរដ្ឋាភិបាល។
តាមអាជ្ញាធរបានឲ្យដឹងថា តាមអនុក្រឹត្យ បានកំណត់ និងរក្សាទុកទំហំ៣០ម៉ែត្រ ពីអ័ក្សផ្លូវរថភ្លើង តែមិនទាន់ដឹងថា សាលារាជធានីភ្នំពេញ ស្នើឲ្យមានការកែប្រែ ដោយរក្សាទុកប៉ុន្មានម៉ែត្រពីអ័ក្សផ្លូវរថភ្លើង ដើម្បីអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុងនោះទេ។
ពាក់ព័ន្ធសំណង់អត់ច្បាប់ខាងលើ អាជ្ញាធរខណ្ឌឫស្សីកែវ ឲ្យកម្ពុជាថ្មីដឹងថា នឹងចុះហាមឃាត់ឲ្យផ្អាកការសាងសង់ បើមិនស្តាប់តាមការណែនាំ នឹងចាប់សម្ភារៈសំណង់ ជាការព្រមានលើកទី២ ប៉ុន្តែអាជ្ញាធរឆ្លើយថា រវល់ តែមកដល់ថ្ងៃទី១៨កុម្ភៈនេះ គេសង្កេតឃើញក្រុមជាងនៅតែមមាញឹកក្នុងដំណើរការសាងសង់ដដែល ហាក់មិនញញើត នឹងអាជ្ញាធរឡើយ ឬក៏អាចឃុបឃិតត្រូវរ៉ូវគ្នាអស់ហើយក៏មិនដឹង៕
Source: Kampuchea Thmey Daily
0 Comments