ភ្នំពេញ ៖ បើទោះបីច្បាប់ចរាចរណ៍ បានកំណត់ និងហាមឃាត់ មិនឲ្យមានការដឹកជញ្ជូនទំនិញ សំពីងសំពោង លើសទម្ងន់កំណត់បើកបរនៅលើដងផ្លូវ ផ្ទុយទៅវិញ ករណីនេះ នៅតែឃើញមានរថយន្តទាំងអស់នោះ បើកបរទៅមកនៅលើដងផ្លូវជាហែហូរ។
ការដឹកទំនិញសំពីងសំពោងបែបនេះ នាំឲ្យបាត់បង់ របៀបរាបរយ សណ្ដាប់ធ្នាប់សាធារណៈ ហើយជាងនេះទៅទៀត វាក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៅដល់ប្រជាពលរដ្ឋ ឬ អ្នកដំណើរនៅលើដងផ្លូវជាយថាហេតុផងដែរ។
ជាក់ស្តែងរថយន្តកូរ៉េ ១គ្រឿង ដឹកទំនិញសំពីងសំពោងខ្ពស់ហួសទ្រុងរថយន្តប្រហែល ២ម៉ែត្រ និងលយមកខាងក្រោយរថយន្តប្រហែលជាង ២ម៉ែត្រ បើកបរតាមបណ្តោយផ្លូវចោមចៅ ( អតីត ផ្លូវ វេងស្រេង ) ក្នុងទិសដៅពីកើតទៅលិច ត្រូវបានភ្នាក់ងារកាសែតកម្ពុជាថ្មីយើងថតបាន កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
មតិមហាជនបានលើកជាសំនួរសួរថា ចាត់ពីស្ពានដែកស្ទឹងមានជ័យ រហូតទៅដល់ដល់រង្វង់មូលចោមចៅ គឺមានគោលដៅប៉ូលិសចរាចរឈរជើង ចំនួន ២ទីតាំងដែរ ចុះហេតុអ្វី ??? បានជាមានរថយន្ត កូរ៉េ ដឹកទំនិញសំពីងសំពោងខ្ពស់ហួសទ្រង់ បើកបរនៅលើដងផ្លូវបានយ៉ាងរលូនបែបនេះ ??? តើប៉ូលិសចរាចរណ៍មិនបានត្រួតពិនិត្យទេឬ ?។
ដោយសារខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ពលរដ្ឋ សូមសំណូមពរទៅដល់អាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍ផ្ទាល់តែម្តង គួរមានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា កុំឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងខ្ពស់ហួសទ្រង់បែបនេះ បើកបរនៅលើដងផ្លូវបន្តទៀត ចៀស វាងបង្កគ្រោះថ្នាក់ចរាចរណ៍ទៅដល់ប្រជាពលរដ្ឋ ឬ អ្នកដំណើរនៅលើដងផ្លូវជាយថាហេតុណាមួយ៕
Source: Kampuchea Thmey Daily
0 Comments