ភ្នំពេញ ៖ មូលនិធិជប៉ុន សម្រាប់កាត់បន្ថយភាពក្រីក្រ និងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានកំពុងសហការគ្នា គាំទ្រដល់គម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈចម្រុះក្នុងទីក្រុងភ្នំពេញ។
នៅក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោង ស្តីពីការគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈចម្រុះក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្រោមការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងធនាគារអភិវឌ្ឍន៍អាស៊ី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា សិក្ខាសាលានេះជាផ្នែកមួយដើម្បីបំពេញបន្ថែមទៅនឹងអ្វីដែលសាលាក្រុងភ្នំពេញកំពុងធ្វើ ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ដោះស្រាយបញ្ហាការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញដែលកំពុងមានការកកស្ទះជារៀងរាល់ថ្ងៃ ដែលទាមទារឱ្យមន្ត្រីមានសមត្ថកិច្ច និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ រួមជាមួយដៃគូអភិវឌ្ឍន៍ដើម្បីធ្វើការរួមគ្នាស្វែងរកដំណោះស្រាយរួម គឺបញ្ហាចរាចរ បញ្ហាដឹកជញ្ជូន នៅរាជធានីភ្នំពេញ ឱ្យមាននិរន្តរភាព។
លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងរួមគ្នាដោះស្រាយបញ្ហានេះផងដែរ ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមសហការ គោរពច្បាប់ ហើយត្រូវចេះយោគយល់អធ្យាស្រ័យគ្នា និងចូលរួមគាំទ្រនូវសេវាដឹកជញ្ជូនសាធារណៈ តាមឡានក្រុង និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលយើងបានដាក់ឱ្យដំណើរការសព្វថ្ងៃនេះ។
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងឱកាសបិទសិក្ខាសាលាព្រឹកនេះដែរថា សិក្ខាសាលានេះ មានការចូលរួមពីសាលារាជធានីភ្នំពេញ អគ្គនាយកដ្ឋានដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្នុងបំណងបង្កើនការយល់ដឹងដល់សាធារណជនទូទៅ សំដៅជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ គម្រោងជំនួយបច្ចេកទេសនេះ នឹងទទួលបានហិរញ្ញប្បទានឥតសំណងពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាអ្នកចាត់ចែង ហើយក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញជាអ្នកប្រតិបត្តិអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរឱ្យមានភាពល្អប្រសើរ។ លោកបានសរសើរដល់សាលារាជធានីភ្នំពេញដែលកន្លងមកបានធ្វើការយ៉ាងសស្រាក់សស្រាំ លើការងារដឹកជញ្ជូនសាធារណៈ ហើយទៅមុខទៀតក្រសួងនឹងដាក់ឱ្យបណ្តាខេត្តសំខាន់មួយចំនួន ដូចជាខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ ប៉ោយប៉ែត សាកល្បងដូចក្រុងភ្នំពេញផងដែរ។ ជំនួសមុខឱ្យទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូនលោក ស៊ុន ចាន់ថុល លោកសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់មូលនិធិជប៉ុន សម្រាប់កាត់បន្ថយភាពក្រីក្រ និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានជួយរៀបចំនូវគម្រោងនេះ៕
Source: Kampuchea Thmey Daily
0 Comments