កំពង់ស្ពឺ ៖ រណាយន្តធុនធំ (ម៉ាស៊ីនរ៉ៃ) ០២គ្រឿង និងគំនរឈើមូលចម្រុះប្រមាណជាង១០០កំណាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការបង្ក្រាបជាមួយអាវុធហត្ថស្រុកឱរ៉ាល់ ចុះបង្ក្រាបក្នុងដែនសមត្ថកិច្ចបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខណៈនាយកដែនជម្រកសត្វមិនបង្ក្រាបដោយសង្ស័យថា យកលុយប្រចាំខែ។
មន្ត្រីកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានរាយការណ៍ថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងចម្រុះកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចុះបង្ក្រាបរោងម៉ាស៊ីនអារឈើមួយកន្លែង ខណៈម្ចាស់រត់បាត់ស្រមោល។
ប្រភពបន្តថា ទីតាំងរោងម៉ាស៊ីនអារឈើល្មើសច្បាប់ខាងលើ ស្ថិតនៅក្នុងព្រៃ ក្នុងភូមិសាស្ត្រ ភូមិតាជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងនោះកម្លាំងបាន ដកហូតបាន ម៉ាស៊ីន រ៉ៃ ០២គ្រឿង,ម៉ាស៊ីនថាសច្រៀក ០១គ្រឿង,ឈើអារក្តារជញ្ជាំង ០៣ម៉ែត្រគូប ,ឈើដុលចម្រុះជាង ១០០កំណាត់។
ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ការដឹកជញ្ជូនឈើធម្មតា និងឈើប្រណីតនៅតែកើតមានខណៈដែលនាយកដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ បិទភ្នែកសំងំប្រមូលលុយដាក់ហោប៉ៅ តាមរយៈការរត់ការជាមួយលោក ខន ដុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កំពង់ស្ពឺ។
ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នឈើប្រណីត ក្នុងដែនជម្រកសត្វភ្នំឱរ៉ាល់ ត្រូវបានក្រុមឈ្មួញចូលទៅកាប់ អារច្រៀក និងដឹកជញ្ជូនធ្វើ អាជីវកម្មខុសច្បាប់យ៉ាងពេញបន្ទុក។ បញ្ហានេះ កើតឡើងដោយសារតែ លោក ខន សុខុន នាយកដែន ជម្រកសត្វភ្នំឱរ៉ាល់ គឺជាអ្នកបើកដៃឲ្យឈ្មួញធំៗ ដែលជា ជនល្មើសចូលទៅកាប់ឈើ និងដឹកជញ្ជូនចេញយ៉ាងរលូន។
សូមរម្លឹកថា លោក ខន សុខុន នាយក ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតព្រមានម្ដងរួចហើយ កាលពីឆ្នាំ២០១២ កន្លងមក ដើម្បីឱ្យការប្រែកំហុសឆ្គង និងភាពអសកម្មផ្សេងៗរបស់ខ្លួន ប៉ុន្តែដូចជាគ្មានប្រសិទ្ធភាពសោះ គឺនៅដដែល។ ក្រៅពីអង្គភាពប្រឆាំងអំពើពុករលួយព្រមានក៏មានពាក់ព័ន្ធសំណុំរឿងដីធ្លីក្នុងតំបន់ការពារនោះផងដែរ។
បច្ចុប្បន្ន ម៉ាស៊ីនរ៉ៃ និងកំណាត់ឈើ ត្រូវបានប្រគល់ឱ្យមន្ត្រីបរិស្ថានដែនសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការវាស់វែងដើម្បីយកទៅរក្សាទុក ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments