ប៉ៃលិន ៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន បានរំលឹកអំពីវីរភាព របស់វីរជនកម្ពុជា ដែលបានធ្វើការលះបង់ សាច់ស្រស់ ឈាមស្រស់ និងពុះពារគ្រប់ឧបសគ្គ ដើម្បីប្តូរយកសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។
ការរំលឹកអំពីវីរភាព នៃវីរជនកម្ពុជា ដែលហ៊ានលះបង់ អ្វីៗគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ ពីសំណាក់នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តប៉ៃលិននាពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តប៉ៃលិន សមាជិកក្រុមប្រឹក្សាខេត្ត ,ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងសមត្ថកិច្ចទាំងបីស្ថាប័ន យ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីសំណោះសំណាលនេះដែរ លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងថា ៖ នៅក្នុងចន្លោះ ឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុង របបវាលពិឃាដ ដែលបានឆក់យកជីវិតជនស្លូតត្រង់ ជាង ៣លាននាក់ និងបានធ្វើឱ្យការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋយើងរាប់លាននាក់ផ្សេងទៀត ជួបតែភាពឈឺចាប់ខ្លោចផ្សា រស់នៅដោយគ្មានក្តីសង្ឃឹម និងប្រឈមមុខ ចំពោះសេចក្តីស្លាប់គ្រប់ពេលវេលា។ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការលះបង់ សាច់ស្រស់ ឈាមស្រស់ របស់វីរជនយើង កម្ពុជាត្រូវបានសង្គ្រោះ ឱ្យរួចផុតពីក្រញាំ នៃរបបអាវខ្មៅ នាំមកនូវក្តីសង្ឃឹមថ្មី ជូនដល់បងប្អូនជនរួមជាតិរបស់យើង។ លោកបានបន្តថា៖ បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ នោះទេ ប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត អាចនឹងត្រូវបានសម្លាប់ ប្រទេសជាតិអាចនឹងត្រូវបានបំផ្លាញខ្ទេចគ្មានសល់ ដូច្នេះ យើងទាំងអស់គ្នា គួរចូលរួមថែរក្សា និងលើកកម្ពស់សន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក តាមរយៈ ការស្វែងយល់អំពីតម្លៃនៃសន្តិភាព ការកសាងខ្លួន ឱ្យក្លាយជាពលរដ្ឋគំរូ ការគោរពច្បាប់ និងការផ្សះផ្សាជាតិ។
លោកបានបន្តទៀតថា ៖ សុខសន្តិភាព និងភាពសុខដុម របស់កម្ពុជា នាពេលបច្ចុប្បន្ន គឺបានកើតចេញពីកម្ពុជា ដោយខ្លួនឯង និងការលះបង់ សាច់ស្រស់ ឈាមស្រស់ របស់អតីតយុទ្ធជនកម្ពុជា មិនមានទេវតា មកប្រទានឱ្យឬ ប្រទេសណាមួយ ជាអ្នកផ្តល់ឱ្យនោះទេ។ ជាមួយនឹងសុខសន្តិភាព និងភាពសុខដុម របស់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំ និងគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច បានខិតខំ ក្នុងការកសាងប្រទេសតាំងពីបាតដៃទទេ រហូតដល់ប្រទេសមានការអភិវឌ្ឍរីកចម្រើន ដូច្នេះសរុបមក សន្តិភាព មានតម្លៃឥតគណនា ព្រោះវីរជនរបស់យើង ហើយជាពិសេសសម្តេចតេជោ ហ៊ុន សែន បានធ្វើការលះបង់ សាច់ស្រស់ ឈាមស្រស់ និងពុះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាពជូនប្រទេសជាតិយើងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments