ស្វាយរៀង ៖ លោកជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោកជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ និងលោក អភិបាលក្រុង/ស្រុកទាំង៨ សិស្សានុសិស្សវិទ្យាល័យស្វាយរៀង និស្សិតមណ្ឌលសិក្សាបច្ចេកទេសធនាគារ យុវជនស.សយ.ក.ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម សរុបប្រមាណ៦០០នាក់។
លោក ម៉ែន វិបុល អភិបាលខេត្តបានថ្លែងពីស្ថានភាព ភូមិសាស្ត្រ និងការរីកចម្រើនរបស់ខេត្តស្វាយរៀង និងការប្រកបមុខរបរក្នុងវិស័យផលិតកម្មកសិកម្ម និងដំណាំកសិ-ឧស្សាហកម្ម ដោយអនុវត្តតាមយុត្តិសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើអោយខេត្តស្វាយរៀងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកបន្តថា ក្នុងនាមអភិបាលខេត្តស្វាយរៀង សូមចូលរួមអបអរសាទរពិធីសម្ពោធដាក់ អោយដំណើរការអាគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ដែលកន្លងមកបាន ចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការសហការសម្របសម្រួលលើផ្នែកក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេសធ្វើអោយវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងខេត្តមានដំណើរការដោយរលូន ស្តែងឡើងតាមរយៈការបោះទីតាំងធ្វើសកម្មភាពក្នុងវិស័យនេះ មានរហូតដល់៧៦កន្លែងនៅទូទាំងខេត្តស្វាយរៀង។
លោកជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានពង្រឹងសមត្ថភាពសាខារាជធានី-ខេត្តជាបន្តបន្ទាប់ ទាំងនេះដោយសារកត្តា សុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយសកម្មភាពសេដ្ឋកិច្ចមានរីកចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្តែងនៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តស្វាយរៀង ត្រូវបានកសាងឡើង និងដាក់អោយដំណើរការ នៅពេលនេះគឺជាសមិទ្ធផលថ្មី ដែលចូលរួមកាន់តែសកម្មថែមទៀត ក្នុងការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកសោភ័ណភាពខេត្ត នឹងជាឃ្លាំងយ៉ាងរឹងមាំក្នុងការ សម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕
Source: Kampuchea Thmey Daily
0 Comments