ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់អំពីបំណងរបស់សម្តេចដោយកំពុង ពិចារណាក្នុងការបង្កើត«ក្រុមមេធាវីការពារក្តី ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេចដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ។នេះបើយោង តាមព័ត៌មានបង្ហោះនៅក្នុងផេកហ្វេសបុករបស់សម្តេចនៅថ្ងៃទី ១៨ កុម្ភៈ នេះ ។
បើយោងតាមផេកហ្វេសបុករបស់សម្តេច ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
ផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដើម្បីជួយស្ត្រីរងគ្រោះទន់ខ្សោយអោយកាន់តែមានប្រសិទ្ធភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត “ក្រុមមេធាវីការពាក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោដើម្បីជួយដល់ជនរងគ្រោះដែលជាស្ត្រីក្រីក្រ»។
បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីស្ថាប័នអនុវត្តច្បាប់និងអង្គភាពពាក់ព័ន្ធបន្តចាត់វិធានការបង្ក្រាបបទលើរួមមានការប្រឆាំង អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ករណីរំលោភសេពសន្ថវៈនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាបញ្ហាប្រឈមបច្ចុប្បន្ន។ លទ្ធផលនៃការផ្តល់សេវាជំនួយផ្នែកច្បាប់ដល់ស្តី និង ក្មេងស្រីរងគ្រោះដោយអំពើហិង្សាបានបង្ហាញថា ករណីរំលោភសេពសន្ថវៈលើជនរងគ្រោះត្រូវបានកត់សំគាល់ក្នុងចំនួនខ្ពស់។ ស្ថិតិរបស់គណៈមេធាវកម្ពុជាឆ្នាំ ២០១៨ បានផ្តល់សេវាផ្នែកច្បាប់ក្នុងការការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ ពលរដ្ឋ ក្រីក្រ ស្ត្រីក្រីក្រ និង កុមារជាអនីតិជនចំនួនសរុប ២ ៦៥៥ ករណីនៃចំនួនពលរដ្ឋសរុប៣.៩០៨ នាក់ក្នុងនោះស្ត្រីមាន២៥៨ករណី,អនីតិជនចំនួន ១០៤៨ ករណីនិងផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់សរុប ៤៩៦ ករណី។
លទ្ធផលនៃការចុះអភិបាល និង តាមដានវាយតម្លៃលើការចេញកោសល្យវិច័យរបស់គណៈកម្មាការរាជធានី ខេត្ត បង្ហាញថាមានករណីរំលោភសេព សន្ថវៈសរុប ១៨២ ករណី ទទួលបានសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនិង២៤ ករណី ទទួលបានសេវានៅមណ្ឌលសុខភាព(ក្នុងរយៈពេល៧២ម៉ោង ដំបូង) ក្នុងនោះមន្ទីរពេទ្យបានចេញកោសល្យវិច័យវេជ្ជសាស្ត្រលើករណីរំលោភសេពសន្ថវៈសរុប១៦៦ ករណី និង ករណីលើកលែងការបង់ថ្លៃចំនួន ១៦១ ករណី។
ក្នុងការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សា ក្រសួងសុខាភិបាល និង ក្រសួងកិច្ចការនារី បានសហការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សា តាមរយៈមណ្ឌលសុខភាពចំនួន ៤៨ ក្នុងខេត្តចំនួន០៨ ដែលកំពុងផ្តល់សេវាឆ្លើយតបអំពើហិង្សា។ ក្រសួងកិច្ចការនារីកំពុងសិក្សាពង្រីកមណ្ឌលសេវា ចំរុះ ដែលឆ្លើយតបទៅនឹងអំពើហិង្សាលើស្ត្រី ដើម្បីផ្តល់កិច្ចអន្តរាគមន៍ និងសេវាជួយស្ត្រីរងគ្រោះដោយអំពើហិង្សាទាន់ពេលវេលានិងប្រសើរជាងមុន។
គួររំលឹកជូនថាកាលពីឆ្នាំ ២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចបង្កើនថវិកាពី ២០០ លានរៀល ទៅ ៥០០លានរៀលសំរាប់ជួយដោះស្រាយ សេវាផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗ។
នៅក្នុងអនុសាសន៍១១ចំណុចដែលផ្តល់ជូនក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងឆ្នាំ ២០១៩ នេះនៅអនុសាសន៍ទី៥ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើក ឡើងថា៖ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ត្រូវបន្តពង្រឹងកិច្ចសហការល្អរវាងមន្ត្រីនគរបាល និង តុលាការក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទៅតាម សមត្ថកិច្ចនិងតួនាទីដែលបានកំណត់ក្នុងនីតិវិធីច្បាប់ជាធរមានដើម្បីធានាបានការស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធហើយត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទព្រមទាំងបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ស្ត្រីនិងកុមារដល់ចៅ ក្រម ព្រះរាជអាជ្ញានិងមន្ត្រីអនុវត្តច្បាប់ដើម្បីធានានូវភាពយុត្តិធម៌និងពន្លឿនការដោះស្រាយរឿងក្តីឲ្យបានឆាប់រហ័សជាពិសេសសំណុំរឿងក្តីដែលពាក់ព័ន្ធទៅនឹងស្ត្រី។
ដោយឡែកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីត្រូវបន្តខិតខំជួយសម្របសម្រួលក្នុងការស្វែងរកសេវាផ្លូវច្បាប់ និង សេវាផ្សេងទៀតសម្រាប់ផ្ដល់ជូន ដល់ស្ត្រីក្រីក្ររងគ្រោះដោយអំពើហិង្សាទាំងក្នុងករណីមានបណ្ដឹង និង ក្នុងករណីមិនមានបណ្ដឹង៕
Source: Kampuchea Thmey Daily
0 Comments