Ad Code

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ ដាក់​ចេញ​នូវ​អាទិភាព​ចំនួន​៨​ ដើម្បី​ឲ្យ​ក្រសួង​បន្ត​អនុវត្ត



ភ្នំពេញ ​៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានផ្ដល់​នូវ​ការងារ​អាទិភាព​សំខាន់ៗ​ចំនួន​៨​ដើម្បី​អោយ​ក្រសួង​បន្ត​អនុវត្តន៍​កាន់តែ​ល្អ​ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោកជំទាវ​ថ្លែង​បែបនេះ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់ខ្លួន​ប្រកបដោយ​ជោគជ័យ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​១៥​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២ ត្រូវ​នឹង ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង បន្ត​ផ្តោតលើ​ការយកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​ចំនួន​៨ ទី​១​ក្រុមការងារ​ក្រសួង ត្រូវ​បន្ត​យុទ្ធនាការ អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ គ្រប់​២៥ រាជធានី​-​ខេត្ត ជាពិសេស​ទៅតាម​ទីប្រជុំជន និង​ជនបទ​ដាច់​ស្រយាល​។ ជំរុញ​ការងារ​សិក្សា​ស្ទាបស្ទង់​មតិ (Survey) ដោយ​បណ្តុះបណ្តាល​ពី​វិធីសាស្ត្រ នៃ​ការសិក្សា​ស្ទាបស្ទង់ និង​ការវិភាគ​ទិន្នន័យ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ ដើម្បី​ធ្វើ​របាយការណ៍ នៃ​លទ្ធផល​ដែល​រកឃើញ​ពី​ការ​ស្ទាបស្ទង់​ទាំងនោះ។ ទី​២​ត្រូវខិតខំ​បន្ត​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ផ្នែក​សំខាន់ៗ នៃ​សេចក្តីព្រាងច្បាប់ អធិការកិច្ច និង​អនុក្រឹត្យ ដែល​ពាក់ព័ន្ធ​ចម្បង​ៗ​។ ការងារ​សម្របសម្រួល​នោះ ​ត្រូវការពារ​ឱ្យបាន​ជា​អតិបរមា​នូវ​តួនាទី ភារកិច្ច​ស្នូល​របស់​ក្រសួង ស្របតាម​ច្បាប់​ដែល​អនុញ្ញាត​។​ ទី​៣​ត្រូវ​រៀបចំ និង​ដំឡើង​កម្មវិធី​ទទួល​ពាក្យបណ្តឹង អន​ឡាញ និង​បណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែល​តាមរយៈ​កម្មវិធី​ទាំងនោះ ប្រជាពលរដ្ឋ អាចដាក់​ពាក្យបណ្តឹង និង​អាច មើល​ឯកសារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត នានា តាម​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ​បាន​យ៉ាង​ងាយស្រួល​។ ការអនុវត្ត​កម្មវិធី គឺជា​ការសម្រួល ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ សំដៅ​ពង្រឹង​អភិបាលកិច្ច​ល្អ និង រួមចំណែក ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ ។​ទី​៤​ត្រូវ​ពង្រឹង​ប្រសិទ្ធិភាព ក្នុង​បេសកកម្ម​ចុះ​ធ្វើ​អធិការកិច្ច ការអង្កេត​ស្រាវជ្រាវ​ពាក្យបណ្តឹង និង​ការតាមដាន​ការអនុវត្ត​ច្បាប់ តាមរយៈ​ការរក​ព័ត៌មាន​ឲ្យ​មាន​តុល្យភាព​ច្បាស់លាស់ មាន​ភស្តុតាង និង​ឯកសារ​សំអាង​គ្រប់គ្រាន់​ទាំង​អង្គហេតុ និង​អង្គច្បាប់​។ រាល់​ពាក្យបណ្តឹង​ដែល​បញ្ជូនទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ពិនិត្យ​ដោះស្រាយ ត្រូវ​តាមដាន ស៊ើបសួរ​ព័ត៌មាន​អំពី​វឌ្ឍភាព​នៃ​ការដោះស្រាយ ឲ្យ​បានច្បាស់លាស់ និង​ទាន់ពេលវេលា រួច​ជូន​ព័ត៌មាន​ទៅ​ដើមបណ្តឹង​វិញ​។ ទង្វើ​នេះ បង្ហាញ​ពី ការទទួលខុសត្រូវរ​បស់​ស្ថាប័នរដ្ឋ ដែលជា​អ្នកផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។​ទី​៥​មន្ត្រីរាជការ ក្រសួង ជាពិសេស​មន្ត្រី ឬ​ភ្នាក់ងារ​អធិការកិច្ច ត្រូវ​ស្វែងយល់​អំពី​ច្បាប់ និង​បទបញ្ញត្តិ​នានា ដែល​ពាក់ព័ន្ធ និង​ការងារ​ស្នូល របស់​ក្រសួង ដើម្បី​មានលទ្ធភាព​បកស្រាយ និង​ពន្យល់​ពី​ការរកឃើញ​ភាព​អសកម្ម​នានា​។ ​ទី​៦​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច ត្រូវបង្កើត​ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​រៀប​ចំ​ខ្លឹមសារ កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​បឋម​ថ្នាក់​មធ្យម និង​ថ្នាក់​ឧ​ត្ត​ម លើ​ជំនាញ​អធិការកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​។ វិទ្យាស្ថាន​ក៏ត្រូវ​បណ្តុះបណ្តាល មុខជំនាញ​ផ្សេង​បន្ថែម ក្រៅពី​អធិការកិច្ច ដូចជា​ជំនាញ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ជំនាញ​ការសិក្សា​ស្រាវជ្រាវ​ជំនាញ​វាយតម្លៃ ជំនាញ​ផ្នែក​ស្ទាបស្ទង់​មតិ និង​ជំនាញ​ផ្សេងៗ​ទៀត ដែលជា​តម្រូវ​ការចាំបាច់​របស់​ក្រសួង​។​ទី​៧​ត្រូវ​ត្រៀម​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (FMIS) ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់ ច្បាស់លាស់ ជាពិសេស​ការប្រើប្រាស់​ក​ញ្ច​ប់​ថវិកា​ឱ្យមាន​ប្រសិទ្ធិភាព គណនេយ្យភាព និង​សមស្រប​តាម​បទដ្ឋាន​គតិយុត្ត​។​ ទី​៨​ក្នុងពេល​បំពេញបេសកកម្ម ចុះ​ធ្វើ​អធិការកិច្ច មន្ត្រី ឬ​ភ្នាក់ងារ​អធិការកិច្ច ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់ នូវ​ក្រមសីលធម៌​មន្ត្រីរាជការ អធិការកិច្ច ដែល​បាន​ដាក់ចេញ​រួចហើយ និង​ត្រូវមាន​ឯកសណ្ឋាន ដូចដែល​ក្រសួង​បាន​ណែនាំ​រួចហើយ និង​ត្រូវអនុវត្ត​ឱ្យបាន​ល្អ តាម​អភិក្រម​ទាំង​ប្រាំ​របស់ សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី គឺ​៖ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដែល​យើង​ត្រូវ​ចងចាំ​ជានិច្ច​ដោយ​អនុវត្ត​អោយ​កាន់​តែមាន​ប្រសិទ្ធភាព៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu