Ad Code

ការ​ផ្លាស់ប្តូរ​អាកាសធាតុ ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​កុមារ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​



អង្គការ UNICEF បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គ្រោះ​មហន្តរាយ​បរិស្ថាន​ ដែល​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​និង​អនាគត​របស់​កុមារ​ជាង​១៩​លាន​នាក់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​រួមទាំង​ជំរុញ​ឲ្យ​ក្រុមគ្រួសារ​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ឲ្យ​កូនស្រី​របស់​ពួកគេ​រៀបការ​ទាំង​វ័យក្មេង​ផងដែរ​។​

ភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា “​ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើ​ឲ្យ​ការគំរាមកំហែង​ផ្នែក​បរិស្ថាន​កាន់តែខ្លាំង​ឡើង​ដែល​ក្រុមគ្រួសារ​ក្រីក្រ​នៅ​ប្រទេស​បង់​ក្លា​ដែ​សត្រូវ​ប្រឈមមុខ​ហើយ​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​រក្សា​កូន​របស់​ពួកគេ​ឲ្យ​មាន​សុខភាព​ល្អ ផ្តល់​ចំណីអាហារ​និង​មានការ​អប់រំ​ល្អ​”​។​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា កុមារ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ប្រហែល​១២​លាន​នាក់​គឺ​បាន​រស់នៅក្នុង​និង​ជុំវិញ​ប្រព័ន្ធ​ទន្លេ​ដ៏​មាន​ឥទ្ធិពល​ដែល​ហូរ​កាត់​ប្រទេស​បង់​ក្លា​ដែ​ស​។​

កុមារ​ចំនួន​៤.៥​លាន​នាក់​ទៀត​ដែល​រស់នៅក្នុង​តំបន់ឆ្នេរ​គឺ​ត្រូវបាន​វាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា​ដែល​រាប់បញ្ចូល​ទាំង​កុមារ​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជិត​កន្លះ​លាន​នាក់​មកពី​ប្រទេសជិតខាង​មី​យ៉ាន់​ម៉ា​ផងដែរ​ដែល​បានរស់នៅ​ក្នុង​ខ្ទម​ធ្វើ​ពី​ឫស្សី​និង​តង់​កៅស៊ូ​។ កុមារ​៣​លាន​នាក់​ទៀត​បានរស់នៅ​លើដី​គោក​ដែលជា​កន្លែង​សហគមន៍​កសិកម្ម​ជួប​គ្រោះរាំងស្ងួត​។​

ផ្ទៃដី​ដែលមាន​រាង​សំប៉ែត​របស់​ប្រទេស​បង់​ក្លា​ដែ​ស ប្រជាពលរដ្ឋ​ច្រើន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទន់ខ្សោយ​បានធ្វើ​ឲ្យ​វា​ងាយ​រងគ្រោះ​នឹង​ព្រឹត្តិការណ៍​អាកាសធាតុ​ដ៏​សាហាវ​ជា​យូរ​មកហើយ​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​និយាយថា វា​បាន​ក្លាយទៅជា​ភាព​ញឹកញាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅពេល​សីតុណ្ហភាព​ទូទាំង​ពិភពលោក​កើនឡើង​។​

ក្នុង​ឆ្នាំ​២០០៧ ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំង​មួយ​បានសម្លាប់​មនុស្ស​ជិត​៤,០០០​នាក់​និង​ប៉ះពាល់​ដល់​មនុស្ស​រាប់សែន​នាក់​ទៀត​។​

ទឹកជំនន់​ដ៏​ធំ​បំផុត​នៃ​ទន្លេ Brahmaputra ក្នុង​ឆ្នាំ​២០១៧​បាន​ជន់​លិច​បណ្តាញ​សុខភាព​សហគមន៍​យ៉ាងតិច​៤៨០​និង​បំផ្លាញ​អណ្តូង​ចំនួន​៥០,០០០​ដែល​ចាំបាច់​សម្រាប់​បំពេញតម្រូវការ​ទឹកស្អាត​របស់​សហគមន៍​។​

របាយការណ៍​នេះ​បាន​និយាយថា ការផ្លាស់ប្តូរ​អាកាសធាតុ​គឺជា​កត្តា​សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​បង់​ក្លា​ដែ​ស​ក្រីក្រ​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ដា​កា​និង​ទីក្រុង​សំខាន់ៗ​ដទៃទៀត​ដែលជា​កន្លែង​កុមារ​ត្រូវ​ប្រឈម​នឹង​ការធ្លាក់​ចូលទៅក្នុង​ទម្រង់​នៃ​ពលកម្ម​ដ៏​គ្រោះថ្នាក់​និង​អាពាហ៍ពិពាហ៍​មុន​អាយុ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu