Ad Code

សម្ដេច​តេ​ជោ ៖ ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​សក្តានុពល​ក្នុងការ​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថ​ភាពយ​ល់​ដឹង​របស់ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត​



ភ្នំពេញ ៖ ថ្ងៃទី​០៣ ឧសភា​នេះ​គឺជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២៦​។ នៅ​កម្ពុជា​ទិវា​សេរីភាព​សារព័ត៌​មាននៅ​ឆ្នាំ​២០១៩​នេះ ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ​«​តួនាទី​ប្រកបដោយ​សក្កា​នុព​ល​របស់​សារព័ត៌មាន​ក្នុងការ​គាំទ្រ​សន្តិភាព​និង ប្រជាធិបតេយ្យ​»​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​៣​ឧសភា​នេះ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ហ៊ាន​និយាយ​ការពិត​ពី​បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម​។​

សារលិខិត​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ត្រូវបាន​អាន​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល ក្រោម​អធិបតីភាព​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា​នេះ​។​

នៅក្នុង​សារលិខិត​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​៖«​ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​សក្តានុពល​ក្នុងការ​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បន្តទៀត​នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត ធ្វើការ​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត​ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន​ក្លាយជា​ព័ត៌មាន​ពិត​ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​គ្រប់​តថភាព​សង្គម​ដើម្បី​ចូលរួមចំណែក​កសាង​សង្គម​មួយ​ឲ្យ​មាន​ភាពយុត្តិធម៌ សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​ដែលជា​បំណងប្រាថ្នា​របស់​មនុស្ស​ជាតិ​នៅ​ទូទាំង​សកលលោក​»​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឆ្លៀតឱកាស​នេះ​ដាស់តឿន​ដល់​អ្នក​សារព័ត៌​ទាំងអស់​ឱ្យ​អនុវត្ត​ការងារ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ជៀសវាង​ផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង ឬក៏​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ជូន​ដល់​សាធារណជន​។ ការជំរុញឱ្យ​អនុវត្តតាម​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​នេះ​ក៏​ជា​អ្វីដែល​សមាគម​សារព័ត៌មាន និង អ្នកសារព័ត៌មាន​ជើងចាស់​តែងតែ​ក្រើនរំលឹក​និង​បន្ត​ជំរុញ​ដល់​អ្នកកាសែត​ផ្សេងទៀត​ដែរ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​កត់សំគាល់​ផងដែរ​ថា​៖​ការបើក​ទូលាយ​នូវ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​បានធ្វើ​ឲ្យ​វិស័យ​ព័ត៌មាន​មានការ​រីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​ទាំង​សារព័ត៌មាន​បោះពុម្ពផ្សាយ សារព័ត៌មាន​អេឡិចត្រូនិក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ ដែលមាន​និន្នាការ​ផ្សេងៗ​គ្នា​ស្របតាម​ស្ថានភាព​នយោបាយ​និង​ការវិវឌ្ឍ​នៃ​បច្ចេកវិជ្ជា​ទំនើប​នាពេល​បច្ចុប្បន្ន​ដែល​អាច​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ទូទាំង​សកលលោក​បាន​យ៉ាង​ឆាប់រហ័ស​។​

សម្តេច​តេ​ជោ​បាន​បន្តថា ក្នុងសង្គម​ប្រជាធិបតេយ្យ​សារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកជា​អំណាច​ទី​៤ ដែល​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​សម្រាប់​ពង្រឹង​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ពង្រឹង​យុត្តិធម៌​សង្គម​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​អ្នកព័ត៌មាន​ថា​ដើម្បីឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​សក្តានុពល​ក្នុងការ​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ គឺ​ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ និង​ហ៊ាន​និយាយ​នូវ​ព័ត៌មាន​ពិត​។​

នៅក្នុង​ថ្ងៃ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​សាកល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​បរទេស​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា និង​បំពេញការងារ​នៅ​បរទេស​ក្តី ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង​ដោយ​មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​សភាពការណ៍​ទាំងមូល​ដោយ​ពុំបាន​គិតគូរ​អំពី​ក្រឹត្យក្រម​ក្បួនខ្នាត​នៃ​ការសរសេរ​ព័ត៌មាន ឬ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បំប៉ោង​សភាពការណ៍ និង​ប​ន្ទុះ​បង្អាប់ ញុះញង់​អុជអាល​ឲ្យ​មានការ​ស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ជំនឿ សាសនា និន្នាការ​នយោបាយ ឬ ស្ថានភាព​ដទៃទៀត ដែល​ធ្វើ​ឲ្យ​មាន​អរិភាព​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ បង្ក​ឲ្យ​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង ឬ​បង្ក​ឲ្យ​មានទំនាស់​ជាមួយ​បរទេស​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេសជាតិ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទទូច​ឱ្យ​អ្នកសារព័ត៌មាន​ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការវិភាគ​សភាពការណ៍​ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ដើរទា​ន់​ការវិវឌ្ឍ​សភាពការណ៍​ទាំង​នៅក្នុង​ប្រទេស នៅក្នុង​តំបន់ និង​នៅលើ​សកលលោក​នាពេល​បច្ចុប្បន្ន​។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​អ្នកសារព័ត៌មាន​រួមគ្នា​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​អគតិ​មួយចំនួន ដើម្បី​បំរើ​មហិច្ឆតា​លោភលន់​របស់ខ្លួន ដែល​កំពុងតែ​គំរាមកំហែង​សុខសន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នៅលើ​សកលលោក​ទាំងមូល​។​

នៅក្នុង​ពិធី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅថ្ងៃនេះ ក្នុង​រាជធានី​ភ្នំពេញ​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏បាន​សង្កត់ធ្ងន់​ពី​ការ​ឲ្យ​តម្លៃ​លើ​ការលើកស្ទួយ​សេរីភាព​នៃ​ការបញ្ចេញមតិ​សេរីភាព​ខាង​សារព័ត៌មាន​ការការពា​រ​ឯករាជ្យភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការជ្រៀតជ្រែក ហើយ​លោក​ក៏បាន​ឧទ្ទិស​ផងដែរ​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​បាត់បង់​ជីវិត​ក្នុងការ​បំពេញភារកិច្ច​នាពេល​កន្លងមក​។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏បាន​ទាញ​ចំណាប់អារម្មណ៍​ពី​សារៈសំខាន់​នៃ​ការប្រយុទ្ធ​ប្រ ឆាំង​នឹង​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែលមាន​លក្ខណៈ «​លាប​ពណ៌​ការ​ញុះញង់​អុចអាល​ជេរប្រមាថ​ដោយ​ការ​ស្អប់​គ្នា ដើម្បី​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ដែល​ធ្វើ​ឲ្យ​សាកលលោក​មាន​ចលាចល​» រហូតដល់​បង្ក​ឲ្យ​មាន​អំពើហិង្សា និង​ជម្លោះ​ប្រដាប់អាវុធ​ទៀតផង​។​

នៅ​ថ្ងៃទី ៣ ខែ ឧសភា​នេះដែរ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ក៏បាន​បន្ត​ជំរុញ​លើកទឹកចិត្ត​ឱ្យ​អ្នកកាសែត​ធ្វើ​ការងារ​របស់ខ្លួន​ដោយ​ឈរលើ​ភាពត្រឹមត្រូវ ស្មោះត្រង់ សីលធម៌ វិជ្ជាជីវៈ សុចរិត​ភាព និង ដោយ​គ្មាន​ការភ័យខ្លាច​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩​នេះ​។​

ចំណែក​លោក​ប៉ែន បូ​ណា ដែលជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​វិញ​បាន​លើកឡើងថា​តម្លៃ​នៃ​សារព័ត៌មាន​គឺ​ផ្តើមចេញពី​អ្នកសារព័ត៌មាន​ខ្លួនឯង​មុនគេ​។ លោក​ពន្យល់ថា​ពេលណា​ដែល​អ្នកកាសែត​ឱ្យ​តម្លៃ​ដល់​អាជីព​របស់ខ្លួន​ដោយ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​ភ្ជាប់​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ពេលនោះ​ពួកគេ​នឹង​ទទួលបាន​តម្លៃ​ដែល​អ្នកដទៃ​ផ្តល់ឱ្យ​។​គឺ​តម្លៃ​នោះ​ហើយ​ដែលជា​អំណាច​សារព័ត៌មាន និង​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ពង្រឹង​និង​ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន​ដ៏​ពិតប្រាកដ​មួយ​ដែល​អ្នកកាសែត​គ្រប់រូប​ចង់បាន​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu