Ad Code

កំដៅ​នៅតែ​បន្ត​កើនឡើង​ក្នុង​តំបន់​ទេសចរ​ភ្នំ​គូ​លេន​រវាង​ពលរដ្ឋ​នឹង​អាជ្ញាធរ

កំដៅ​នៅតែ​បន្ត​កើនឡើង​ក្នុង​តំបន់​ទេសចរ​ភ្នំ​គូ​លេន​រវាង​ពលរដ្ឋ​នឹង​អាជ្ញាធរ

សៀមរាប ៖ អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ​ដែល​កម្លាំង​សមត្ថកិច្ច​ចំរុះ​ជិត​៣០០​នាក់​បាន​ធ្វើ​ការ​ចុះ​រុះរើ​ខ្ទម​ពលរដ្ឋ​សាងសង់​គ្មាន​ច្បាប់ទម្លាប់​ជាច្រើន​ខ្នង​ស្ថិតនៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន បន្ទាប់ពី​ពលរដ្ឋ​ទាំងនោះ​សាងសង់ នៅក្នុង​ចំការ​របស់​រដ្ឋបាល ព្រៃឈើ ហើយ​ពលរដ្ឋ​ទាំងនោះ​កំពុង​ឡើង​កំដៅ​ជាមួយ​សមត្ថកិច្ច​ផង​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ចំរុះ​នៅ​រង់ចាំ​បទបញ្ជា​ថ្នាក់លើ​សិន។ ប្រតិបត្តិការ​ចុះ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៤​និង​ទី​៥​ខែមករា​នេះ ដឹកនាំ​កំលាំង​ដោយ​លោក ស៊ិន រុន អភិបាលរង​ខេត្ដ​សៀមរាប រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​ផង​ដែរ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ខ្ទម​ប្រជាពលរដ្ឋ​ប្រហែល​ជាង​១០០​ខ្នង​ត្រូវ​បាន​សមត្ថកិច្ច​មាន​រដ្ឋ​បាល ព្រៃឈើ នគរបាល និង​កងរាជអាវុធហត្ថ រុះរើ​ចោល​ដោយ​អះអាង​ថា ជា​សំណង់​ខុសច្បាប់។ ប្រភព​ដដែល​បាន​បន្ដ​ថា កូនខ្ទម​ទាំងនោះ​បាន​សាងសង់​នៅក្នុង​អំឡុង​ខែធ្នូ​ឆ្នាំ​២០១៤​កន្លងមក​នោះ ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន និង​ជា​ចំការ​ព្រៃឈើ​របស់​រដ្ឋបាល​ព្រៃឈើ។ ពួកគេ​បាន​កាប់​ដើមឈើ​ដែល រដ្ឋបាល​ព្រៃឈើ​ទើប​ដាំ​ដុះ​កាលពី​ឆ្នាំ​២០០២។

ប្រភព​បាន​ឲ្យ​ដឹង​បន្ថែម​ថា ខ្ទម​ដែល​សមត្ថកិច្ច​រុះរើ​នេះ មាន​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ មក​សង់​ដោយ​លួចលាក់ ហើយ​និង​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ទើប​ដាំ​ថ្មីៗ​យក​ទៅ​សង់​ខ្ទម​ពួកគេ ផង​ដែរ។ ទោះជា​យ៉ាងណា​ការ​រុះរើ​មិន​មាន​ហិង្សា​កើតឡើង​នោះ​ទេ ដោយសារ​ពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ដឹងខ្លួន ហើយ​បាន​រត់​គេចខ្លួន​អស់ ហើយ​មន្ត្រី​ជំនាញ​កំពុង​តាម​ចាប់​ខ្លួន​អ្នក​នៅ​ពី​ក្រោយខ្នង។ ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​សង់​ខ្ទម​នោះ មាន​ជាង​៥០០​គ្រួសារ ដែល​កន្លងមក​ធ្លាប់​បាន​បិទផ្លូវ​និង​ធ្លាប់​មក​តវ៉ា​នៅ​សាលា​ខេត្ដ​សៀមរាប បន្ទាប់ពី​ឃើញ​អាជ្ញាធរ​ខេត្ត​សម្រេច​កាត់​ដី​ជាង​៩៦​ហិតា ផ្ដល់​ឲ្យ​ពលរដ្ឋ​៨៥​គ្រួសារ ដែល​ធ្លាប់​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​យ៉ាង​ខ្លាំងក្លា​នា​ពេល​កន្លងមក។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្តសៀមរាប លោក ទា គឹម​សុទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់ កម្ពុ​ជាថ្មី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥​នេះ​ថា កម្លាំង​សមត្ថកិច្ច​ចំរុះ​ប្រមាណ​ជិត​៣០០​នាក់​បាន​ចុះ​ធ្វើការ​រុះរើ​នៅ​ព្រឹក​មិញ បន្ទាប់ពី​ពលរដ្ឋ​ទាំងនោះ កំពុង​ប្រមូល​ផ្តុំគ្នា​ដើម្បី​កាប់​ព្រៃ​សាងសង់​ខ្ទម​ឡើងវិញ។ លោក​បន្ត​ថា មកទល់​ម៉ោង​នេះ​ស្ថានភាព​នៅ​តំបន់​ភ្នំ​គូ​លេន​មាន​សភាព​តឹងតែង​នៅឡើយ ហើយ​ក្រុមការងារ​កំពុង​រង់ចាំ​បទបញ្ជា​ថ្មី​របស់​លោក​អភិបាលខេត្ត ដើម្បី​មាន​ផែនការ​បន្ត​ទៀត។ លោក​បន្ត​ថា សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​មេខ្លោង​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ចូល​មក​សាងសង់​សំណង់​ខុសច្បាប់​នៅ​តំបន់​ភ្នំ​គូ​លេន​នេះ។

លោក សួស ណារិន អ្នកឃ្លាំមើល សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក​នៃ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ខ្ទម​ដែល​សមត្ថកិច្ច​រុះរើ​នេះ​មាន​ពលរដ្ឋ​ប្រមាណ​ជា​៥០០​គ្រួសារ​មក​សាងសង់​លួចលាក់​ដោយ​ខុសច្បាប់ ដូច្នេះ​ករណីនេះ​លោក​សាទរ​ទៅ​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច។ លោកបន្ត​ថា ទោះជា​យ៉ាងណា​ការ​ចុះ​រុះរើ​របស់​សមត្ថកិច្ច​នោះ​ពុំ​មាន​ធ្វើ​ហិង្សា​ណាមួយ​នោះ​ទេ ហើយក៏​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​ចេញមុខ​តវ៉ា រារាំង​នោះ​ដែរ។ លោក​បន្ត​ថា នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ២០១៥​នេះ ពលរដ្ឋ​នៅតែ​បន្ត​មានបំណង​ចង់​បិទផ្លូវ​ឡើង​ទៅ​កាន់​តំបន់​ទេសចរណ៍​ភ្នំ​គូ​លេន ប៉ុន្តែ​សមត្ថកិច្ច​បាន​រារាំង​មិន​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ​នោះ​ទេ។

ប្រភព​ព័ត៌មាន​ថ្មី​ចុងក្រោយ​នៅ​តំបន់ភ្នំ​គូ​លេន​បាន​ឲ្យ​ដឹង​ថា ពេលនេះ​សមត្ថកិច្ច​ចាប់បាន​មេខ្លោង​បាន​ម្នាក់​ដែល​មាន​ឈ្មោះ ឈន ណាត់​ហៅ​ណាត ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មាន​ស្រុកកំណើត​ភូមិ​ទួល​ពន្លៃ ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ព្រមទាំង​ដកហូត​បាន ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​, វិទ្យុ​១​គ្រឿង​ផង​ដែរ ហើយ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ដើម្បី​ស្វែងរក​ចាប់​មេខ្លោង​បន្ថែម​ទៀត​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់។

ដោយឡែក​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​សាងសង់​ខុសច្បាប់​នៅ​តំបន់​ភ្នំ​គូ​លេន​បាន​ឲ្យ​ដឹង​ថា ពួកគេ​នៅតែ​ចង់បាន​ដី​នៅក្នុង​តំបន់​ចំការ​ពូជ​របស់​រដ្ឋបាល​ព្រៃឈើ​នេះ ព្រមទាំង​ដី​ដែល​អាជ្ញាធរ​ខេត្ត​កាត់​ដី​ឲ្យ​ក្រុម​ពលរដ្ឋ​ចំនួន​៩៦​ហិតា ដែល​ដី​ទាំងនោះ​មិនបាន​ចែក​ឲ្យ​ពួកគេ ដូច្នេះ​បើ​អ្វីៗ​ត្រូវ​បាត់បង់​ពួកគេ​នៅតែ​បន្ត​ការ​តវ៉ា​តទៅទៀត៕

កុសល

Post a Comment

0 Comments

Close Menu