Ad Code

សុបិន​របស់​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ បាន​ក្លាយជា​ការពិត​ហើយ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន



ភ្នំពេញ ​៖​ អ្វី​ដែល​ជា​ក្តី​សុបិន​របស់​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​បាន​ក្លាយជា​ការ​ពិត​ហើយ ក្រោម​ការ​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដោយ​បងប្អូន​ទទួល​បាន​ដី​កម្មសិទ្ធិ​ស្របច្បាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​អាចអោយ​សាងសង់​ផ្ទះ​ស្នាក់នៅ​ជាមួយនឹង​ផ្លូវ ភ្លើង​និង​ប្រព័ន្ធ​ទឹកស្អាត​ផងដែរ​។

ជា​ជំហាន​ទី​១​នេះ ប្រជាពលរដ្ឋ​ចំនួន​១៥២​គ្រួសារ ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​៥៦២​គ្រួសារ​រស់នៅ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ បាន​ឈានដល់​ការចាប់​ឆ្នោត​ទទួលយក​ដី​កម្មសិទ្ធិ​ហើយ ក្រោយពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាក់ដី​បំពេញ​រួច​ក្នុង​ជំហាន​ទី​១​នេះ​។

ពិធី​ចាប់ឆ្នោត​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦ មិថុនា​នេះ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

លោក​ឃួ​ង ស្រេង​បាន​មាន​ប្រទេស​ថា ក្រោម​ការយកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន អ្វី​ដែលជា​ក្តី​សុបិន​របស់​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​បាន​ក្លាយជា​ការពិតហើយ ដោយ​ក្នុង​ជំហាន​ទី​១​នេះ ប្រជាពលរដ្ឋ​ចំនួន​១៥២​គ្រួសារ ទទួលបាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​នឹង​កន្លែង​តែម្តង។ លោក​សូមអោយ​ប្រជាពលរដ្ឋ ពេល​បាន​កម្មសិទ្ធិ​ស្របច្បាប់​ហើយ នៅពេល​សាងសង់​ផ្ទះ កុំ​អោយ​ទាស់ទែង​គ្នា អាច​ដាក់​ជញ្ជាំង​ជាប់​ព្រំ​គ្នា​និង​អធ្យាស្រ័យ​អោយ​គ្នា​ទៅវិញទៅមក។



លោក​ឃួ​ង ស្រេង​បាន​បន្តថា សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុងនាម​ជា​ម៉ែ ជា​ឪ​ប្រជាពលរដ្ឋ​ជាង​១៥​លាន​នាក់​បាន​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​ខ្លាំងណាស់ ដោយបាន​កែប្រែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ពី​កសិករ​ទៅជា​កម្មករ​បម្រើ​ការងារ​នៅតាម​រោងចក្រ​។​ ក្រៅពីនេះ​នៅបាន​ប្រទានកម្ម​នូវ​អ្វី​ជាច្រើន​ទៀត​ជូន​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មិន​រៀបរយ​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ត្រូវ​បាន​ជួយ​ជ្រោមជ្រែង និង​រក​តំបន់​ដែល​អាច​រស់​នៅបាន​ដោយ​ស្របច្បាប់ ​និង​តំបន់​ខ្លះ​ប្រែក្លាយ​ដោយ​អោយ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​តែម្តង​។​ ជាក់ស្តែង​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​នេះ គឺ​ប្រជាពលរដ្ឋ​ត្រូវបាន​សម្តេច​ប្រគល់​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

លោក​ឃួ​ង ស្រេង​ ក៏បាន​ថ្លែង​ការ​ដឹងគុណ​ផងដែរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ និង​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើអោយ​រាជធានី​ភ្នំពេញ​មាន​សោភណភាព។

លោក​បន្តថា​ យើង​មាន​ប្រយោជន៍​ដូចគ្នា ពោលគឺ​ប្រជាពលរដ្ឋ​បាន​ដី ជា​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅ​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ។ ចំណែក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​វិញ​ទទួលបាន​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​កុំអោយ​លិចលង់​រាជធានី​ភ្នំពេញ ហើយ​ប្រឡាយ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​រំដោះ​ទឹក ពោលគឺ​អាចជួយ​រំដោះ​ទឹក​ដល់​តំបន់​សាលាក្តី​ខ្មែរក្រហម​ថែម​ទៀតផង​។​



លោក​បាន​សន្យាថា មិនអោយ​លិចលង់​ភ្នំពេញ​ទៀត​ទេ បើ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី ក្នុងការ​ទុកដាក់​សម្រាម​កុំអោយ​ចូល​លូ​នោះ​។​

ចំពោះ​ប្រឡាយ លូ អាជ្ញាធរ​រាជធានី​បានគិត​គូរ​យ៉ាង​ច្បាស់លាស់​អស់ហើយ​។ ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង​ក៏បាន​សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​កក្កដា​២០១៨​នេះ​អោយបាន​គ្រប់គ្នា ហើយ​បោះ​អោយ​ចំ​គោលដៅ អ្នកណា​ធ្វើអោយ​ប្រទេសជាតិ​មាន​សន្តិភាព មានការ​អភិវឌ្ឍ នរណា​អ្នក​រំដោះ​បងប្អូន​ចេញពី​របប​ប៉ុលពត និង​នាំ​សន្តិភាព​មកដល់​សព្វថ្ងៃ​នេះ​។​

ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ។ លើ​គម្រោង​នេះ បាន​បែង​ចែកជា​៤​ដំណាក់កាល ក្នុងនោះ​ដំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ដំណាក់កាល​ទី​១​នេះ ក្រុមការងារ​បាន​សម្រេច​ការងារ​របស់​ខ្លួន​បាន​១០០​ភាគរយ​ហើយ។ ក្រៅពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការ​ចាក់ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​បាន​ចាក់​បំពេញ​បាន​មួយ​រយ​ភាគរយ​ហើយ​ដែរ។

គួរ​បញ្ជាក់ថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​នេះ ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​នឹង​កន្លែង​តែម្តង​។​

ប្រឡាយ​ស្ទឹងមានជ័យ​នឹងត្រូវ​សាងសង់ឡើង ដោយ​បុក​បេតុង​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គិសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែមទៀត។

ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការ​នាំ​ទឹក​ទម្លាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu