Ad Code

បញ្ជូន​ស្ត្រី​ជនជាតិ​ថៃ​២​នាក់​ ដែល​ដឹក​គ្រឿងញៀន​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន



ភ្នំពេញ​ ៖​ ស្ត្រី​ជនជាតិ​ថៃ​២​នាក់ ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ពាក់ព័ន្ធ​ការ​ដឹកជញ្ជូន​គ្រឿងញៀន​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន ត្រូវ​បាន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នា​ថ្ងៃទី​០៦ ខែ​​មិថុនា ឆ្នាំ​២០១៨​នេះ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។

ជន​សង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ SORNSIN RUTHAIRAT អាយុ​៣៨​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ TONGOON WORAPHA អាយុ​៤២​ឆ្នាំ រស់នៅ​ក្រុង​បាងកក ប្រទេស​ថៃ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​២​នាក់​ខាង​លើ​នេះ លោក​ឧត្តមសេនីយ៍ឯក​ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​ជន​ស្ត្រី​ថៃ​២​នាក់​បាន ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកកាន់​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​មកជួប​មេខ្លោង​ទទួលយក​គ្រឿងញៀន​ប្រមាណ​ជាង​៤​គីឡូក្រាម ក្នុង​គោលដៅ​បន្ត​ដឹកជញ្ជូន​តាម​ជើង​យន្តហោះ​ទៅកាន់​ប្រទេស​ជប៉ុន​សមត្ថកិច្ច​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឲ្យ​ចុះទៅ​សហការ​ជាមួយ​សមត្ថកិច្ច​គយ និង នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ រង់ចាំ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង។ ជា​លទ្ធផល ​ផ្នែក​ជំនាញ​បាន​ឃាត់​ស្ត្រី​ថៃ​២​នាក់ និង ចាប់​យក​វត្ថុ​តាង​មាន​សារធាតុ​ញៀន ប្រភេទ​មេតំហ្វេតាមីន ​ICE បង្កប់​ក្នុង​អាវ​រងា​ចំនួន​៣​មាន​ទម្ងន់​ជាង​៤​គីឡូក្រាម។

តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ ​គ្រឿងញៀន​ទាំងនេះ​ ត្រូវ​បាន​មេខ្លោង​រៀបចំ​វេច​ខ្ចប់​ដាក់​ក្នុង​អាវ​រងា​នៅ​ខេត្តសៀមរាប​ ហើយ​ពួកគេ​ត្រូវ​នាំទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​០៣ ខែ​​មិថុនា​តាម​ជើង​យន្តហោះ​នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ​ ក៏ត្រូវ​សមត្ថកិច្ច​កម្ពុជា​ស្ទាក់​ចាប់​ខ្លួន​តែម្ដង​មុន​ពេល​ក្រុម​ជនសង្ស័យ​ឡើង​ជិះ​យន្តហោះ ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុន។ឥឡូវនេះ​ព្រះរាជអាជ្ញា​អម​តុលាការ​ កំពុង​សាកសួរ​ស្ត្រី​ថៃ​ទាំង​២​នាក់​នៅឡើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu