បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចាប់បង្ខាំងក្មេងស្រីដើម្បីជំរិតយកប្រាក់ពីក្រុមគ្រួសារ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការយាមប្រមាញ់ និង ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងចាន់ខ្លួនបាន បន្ទាប់ពីជនសង្ស័យរូបនេះ បាននាំក្មេងស្រីចេញពីផ្ទះអស់រយៈពេល៣ថ្ងៃមកហើយ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងផ្សារឡែម ស្ថិតក្នុងភូមិឡែម ឃុំថេបនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយសារតែមានការបាត់ក្មេងស្រីម្នាក់ ឈ្មោះ ចាន់ សុភា អាយុ១០ឆ្នាំ ស្នាក់នៅជាមួយម្តាយត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយឈ្មោះ អ៊ុច តូច អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មកស្នាក់នៅបណ្ដោះអាសន្ននៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដែលបានមកប្ដឹងកម្លាំងនគរបាលស្រុកកំរៀងថា នៅក្នុងផ្សារប្រទេសថៃឈ្មោះ វិន តិច ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវប្ដីក្រោយបានចាប់កូនស្រីរបស់ខ្លួន (កូនចុង) មិនដឹងជាយកទៅលាក់ទុក នៅទីណានោះទេ ហើយបាន ទូរស័ព្ទមកគំរាមទារប្រាក់ចំនួន ២ លានរៀល បើមិនយកអោយទេ ជនសង្ស័យខាងលើនឹងយកកូនទៅប្រទេសវៀតណាមហើយ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នគរបាលខេត្ត និងដោយបានធ្វើការស្រាវជ្រាវទៅតាមជំនាញរួចមក លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានចេញប្រតិបត្តិការដឹកនាំកម្លាំង ជាមួយនឹងលោក អូន ហ្វៃ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីសុំការសហការជាមួយនឹងកម្លាំង នៃស្នងការដ្ឋាន នគរបាលខេត្ត សៀមរាប ក្នុងការតាមចាប់ខ្លួនមុខសញ្ញាខាងលើនេះ។
ទីបំផុត នៅវេលាម៉ោងប្រមាណ ១០ ព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញបានធ្វើការចាប់ខ្លួនជនសង្ស័យ នៅកណ្តាលក្រុងសៀមរាបតែម្តង ដោយនៅពេលនេះដែរ គឺបាន និង កំពុងរៀបចំបញ្ជូនចេញពីខេត្តសៀមរាប ឆ្ពោះមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដើម្បីធ្វើការសាកសួរទៅតាមជំនាញ និងបញ្ជូនទៅសាលាដំបូងក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ដែលនេះ សបញ្ជាក់អោយឃើញអំពីស្នាដៃរបស់កម្លាំង សមត្ថកិច្ចខេត្ត ដែលបានធ្វើអោយប្រជាពលរដ្ឋ មានភាពកក់ក្តៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែសមត្ថកិច្ចបានធ្វើការបង្ក្រាបទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments