Ad Code

សមត្ថកិច្ច​រក​ឃើញ​ការ​លក់​បារី​(555)​ក្លែងក្លាយ​ជាង​១០០០​សុង​នៅក្នុង​ផ្សារ​ធំ​ថ្មី



ភ្នំពេញ ​៖​ បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ស៊ើប​ដឹង​យ៉ាង​ច្បាស់​ថា ​នៅ​តូប​លក់​បារី​ក្នុង​បរិវេណ​ផ្សារ​ធំ​ថ្មី​ចំនួន​២​តូប​ជាប់​គ្នា​ និង​នៅផ្ទះ​មួយកន្លែង​ទៀត​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ បាន​កំពុងតែ​រកស៊ី​ចែកចាយ​បារី​(555)​ក្លែងក្លាយ​នោះ ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាប​បាន​ជាង​១០០០​សុង​កាលពី​រសៀល​ថ្ងៃទី​០៥​ខែមិថុនា ​ឆ្នាំ​២០១៨​នេះ។

ប្រតិបត្តិការ​ ចុះ​បង្ក្រាប​ការ​លួច​លក់​បារី​(555)​ក្លែងក្លាយ​នោះ ​ធ្វើឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​អនុវត្ត​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ មាស រ៉ាវុធ អនុប្រធាន​នាយកដ្ឋាន ទទួលបន្ទុក​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា ​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចុះ​បង្ក្រាប​ករណី​លក់​ចែកចាយ បារី 555 ក្លែងក្លាយ នៅក្នុង​ផ្សារ​ធំថ្មី និង​ផ្ទះ​លេខ​២៨Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន British American Tobacco ដែល​ជា​ក្រុមហ៊ុន ចែកចាយ​ផ្តាច់មុខ​លើ បារី 555 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង​តែម្តង។

លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​ បាន​ចុះ​ត្រួតពិនិត្យ​លើ​៣​ទីតាំង ក្នុង​នោះ គឺ​នៅ​តូប​លក់​បារី​លេខ ០០១+០០២ និង តូប​គ្មាន​លេខ​ជាប់​គ្នា ក្នុង​ផ្សារ​ធំថ្មី ​ហើយ​ដើម្បី​រក្សា​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ផ្សារ កម្លាំង​សមត្ថកិច្ច​សម្រេច​ឲ្យ​ម្ចាស់​តូប​ទាំងពីរ​ខាងលើ ស្ម័គ្រចិត្ត​ប្រមូល​នូវ​បារី​ក្លែងក្លាយ​ដែល​ពួកគាត់​មាន​លក់ យកមក​ប្រគល់ជូន​សមត្ថកិច្ច នៅក្នុង​ទីស្នាក់ការ​នៃ​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី ដែល​ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​បាន​បារី 555 ក្លែងក្លាយ​សរុប​ចំនួន ៣២​សុង។

លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ បាន​បន្ត​ទៀត​ថា​ បន្ទាប់​មក​ទៀត​ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​លេខ​២៨Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ដែល​មាន​ម្ចាស់​ឈ្មោះ ឈួន ឆេង ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ (​ជា​ម្ចាស់​តែមួយ​ជាមួយ​តូប​លេខ ០០១+០០២) សមត្ថកិច្ច​បាន​រកឃើញ​បារី 555​ក្លែងក្លាយ​សរុប​ចំនួន ២០​ប៊ិច និង​២៤​សុង (​ស្មើនឹង ១០២៤​សុង​) និង​បាន​ដកហូត​វត្ថុតាង​ទាំងអស់​យកទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន ហើយ​តម្រូវអោយ​ម្ចាស់​ទីតាំង ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​នីតិវិធី។

លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ បាន​បញ្ជាក់ដែរថា ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានធ្វើការ​បង្ក្រាប​ករណី​ចែកចាយ​បារី​ខុសច្បាប់​ជាច្រើនលើក​រួចមកហើយ ប៉ុន្តែ​នៅតែ​សង្កេតឃើញ​មានការ​ដាក់តាំង​លក់ និង​ចែកចាយ​នូវ​បារី​ខុសច្បាប់​ច្រើន​ប្រភេទ​នៅតាម​បណ្តា​ទីផ្សារ​ជាច្រើន​ដដែល ទាំង​បារី​ក្លែងក្លាយ បារី​ពុំមាន​សារ​ព្រមាន​សុខភាព​ត្រឹមត្រូវ ក៏ដូចជា​បារី​ដែល​គ្មាន​តែមប្រិ៍​ពន្ធ​ផង​ដែរ​។ ដូចនេះ​សមត្ថកិច្ច​សូម​ទទូច​ដល់​បងប្អូន​អាជីវករ សូម​ទទួល​លក់​តែ​បារី​ដែល​មាន​តែមប្រិ៍​ពន្ធ និង​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​ខ្មែរ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ប្រឈម​ណាមួយ​ចំពោះ​ផ្លូវច្បាប់ ។

លោក​បញ្ជាក់ទៀតថា ​លក្ខណៈ​សម្គាល់​របស់​បារី 555 ក្លែងក្លាយ គឺ​ប្រើប្រាស់​សារ​ព្រមាន​សុខ​ភាពជា​ភាសា​អង់គ្លេស ដែល​បន្លំ​ជាមួយ​បារី​ដែល​លក់​នៅក្នុង​ផ្សារ​៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu