Ad Code

ជន​អន្ធពាល ​ដែល​បញ្ជូន​ពី​អាមេរិក​ បញ្ចេញ​ភាពឃោរឃៅ​ ត្រូវ​ចាប់ខ្លួន



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ហិង្សា​គំរាម​សម្លាប់ ,​បង្ខាំង​ទុក និង អំពើ​ទារុណកម្ម។

ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅ​សេម ភេទ​ប្រុស អាយុ៣៩​ឆ្នាំ ធ្លាប់ជា​អណិកជន​រស់នៅ​សហរដ្ឋអាមេរិក អាច​ចាត់ទុកថា​ជា​ជន​កំណាច​ឃោរឃៅ​ម្នាក់​នៅ​កម្ពុជា ប្រចាំឆ្នាំ​២០១៨ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដោយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃើញថា ជន​នេះ​មាន​មុខរ​បរជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ នៅក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វី​ត បាន​ប្រព្រឹត្ត​អំពើ បង្ខាំង​ទុក​នារី​ម្នាក់ ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ លើ​ជនរងគ្រោះ ឈ្មោះ ម​.​ហ ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ព្រមទាំង​បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ ប្រើ​ពាក្យ​សំដី​មិន​សមរម្យ ប៉ះពាល់​ដល់​កិត្តិយស​ជនរងគ្រោះ និង​គំរាម​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយគ្នា​ផងដែរ។

ជនសង្ស័យ បាន​សារភាព​ឲ្យ​ដឹង​ថា រូប​ខ្លួន និង​ជនរងគ្រោះ បាន​ស្គាល់​គ្នា​រយៈពេល ០១​ឆ្នាំ​មកហើយ ពួកគេ​ទាំង ០២​នាក់ ស្គាល់​ដំបូង គឺ​ជនរងគ្រោះ​តែង​មក​ហាត់ប្រាណ​នៅក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វីត​រាល់ថ្ងៃ ហើយ​ខ្លួន​ជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ​នៅ​ទីនោះ​។ ក្រោយពេល​ពួកគេ​ទាំង ០២​នាក់ ស្គាល់គ្នា​បាន​ប្រហែល ០៣​សប្តាហ៍ ពួកគេ​ទាំង ០២​នាក់ បាន​ស្រលាញ់​គ្នា​ជា​សង្សារ ហើយ​តែងតែ​ទូរស័ព្ទ​ណាត់ជួប​គ្នា ដើម្បី​រួម​ភេទ​ជា​ញឹកញាប់​ក្នុង ០១​សប្តាហ៍ ០២​ទៅ ០៣​ដង ហើយ​ក្នុង​ពេល​រួមភេទ​ម្តងៗ ជនសង្ស័យ​ខាងលើ តែងតែ ថត​ជា​វីដេអូ​ទុក​ផង​ដែរ​។ លើកដំបូង ពួកគេ​រួមភេទ ជាមួយគ្នា​ក្នុងផ្ទះ​សំណាក់​ម្តុំ​ផ្សារ​សុ​វណ្ណា ហើយ​ក្រោយៗ​មក​ទៀត ពួកគេ​បាន​ជួល​បន្ទប់​ខុន​ដូរ​មួយ​ឈ្មោះ​MHM បន្ទប់​លេខ​១៦៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ណាត់ជួប​គ្នា​រួមភេទ​។



តាម​ការ​បញ្ជាក់​របស់​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​រូប​នាង​ពិតជា​បាន​ស្រឡាញ់​ជនសង្ស័យ​ជា​សង្សារ​ខ្លាំង​ណាស់ តែ​រយៈកាល​ក្រោយៗ​មក រូប​នាង​បែរជា​មានការ​ភ័យខ្លាច​ជា​ខ្លាំង ព្រោះតែ​ជនសង្ស័យ​ហាក់ដូចជា​មនុស្ស​រោគ​ចិត្ត ត្បិត​ពេល​រួមភេទ​ជាមួយគ្នា​ម្តងៗ ជនសង្ស័យ​មិន​ត្រឹមតែ​ថត​វីដេអូ​ទុក​ប៉ុណ្ណោះ​ទេ រូបគេ​ថែមទាំង​ប្រើ​ទារុណកម្ម​ឃោរឃៅ ក្នុង​ពេល​រួមភេទ ដូចជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួល​កដៃ​និង​វ៉ៃ​បែក​មាត់ លើ​រូប​នាង​ជា​ញឹកញាប់ រហូតដល់​នាង​បែកចិត្ត​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​អ្នកថ្មី​។ ក្រោយពេល​ជនសង្ស័យ បាន​ដឹង​ថា ​នាង​មាន​គូ​ដណ្តឹង ជនសង្ស័យ​ក៏បាន​ប្រើ​ហិង្សា​លើ​រូប​នាង​ចំនួន​០៦​ដង និង គំរាម​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយគ្នា​ផង​ដែរ​។

នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ពេល​ដែល​នារី​រងគ្រោះ​និង​ជនសង្ស័យ​នៅ​ជាមួយគ្នា ស្រាប់តែ​គូ​ដណ្តឹង​នារី​រងគ្រោះ បាន​ឆាត​មក ក៏​ត្រូវ​ជនសង្ស័យ​ឆែក​ឃើញ បណ្តាល​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​បាន​ឆាត​ទៅ​គំរាម គូ​ដណ្តឹង​នារី​រងគ្រោះ ឲ្យ​ឈប់​ទាក់ទង​នាង​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​រូបគេ​នឹង​ធ្វើ​អ្វីមួយ ចំពោះ​គូ​ដណ្តឹង​នារី​រងគ្រោះ​ជាក់​ជាមិនខាន ហើយ​បន្ទាប់មក ជនសង្ស័យ​បាន​បង្ខាំង​នារី​រងគ្រោះ​ទុក​ក្នុង​បន្ទប់​ខុន​ដូ​មិន​ឲ្យ​ចេញ​ទៅណា ព្រមទាំង​បាន​ចាប់​បោច​សក់ និង​រុញ​ផ្ទប់ នារី​រងគ្រោះ​ទៅ​នឹង​ជញ្ជាំង ហើយ​បាន​ខាំ​ទៅលើ​ជនរងគ្រោះ​០២​កន្លែង គឺ​ដៃ ០១​កន្លែង និង​ខាំ​កំប៉េះគូថ ០១​កន្លែង បន្ទាប់មក​ជនសង្ស័យ​បាន​កាត់​ក្រណាត់​អាវយឺត​ជា​កង់ៗ បំរុង​យក​មក ចងដៃ ចងជើង​នាង តែ​ដោយសារ​នារី​រងគ្រោះ​អង្វរ​ពេក ទើប​រូបគេ​មិនបាន​ចង ហើយក៏​បង្ខំ​នារី​រងគ្រោះ​ឲ្យ​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​គូ​ដណ្តឹង ថា​ពួកគេ​ទាំង ០២​នាក់ រស់នៅ​ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ បើ​នាង​មិន​ទូរស័ព្ទ​ទៅ​ទេ ជនសង្ស័យ​គំរាម​ថា ​នឹង​យក​កន្ត្រៃ​មក​កាត់សក់​ចេញ​ឲ្យ​អស់ ហើយ​សម្លាប់ចោល​តែម្តង ទើប​នារី​រងគ្រោះ​បង្ខំចិត្ត​ទូរស័ព្ទ​ទៅ​គូ​ដណ្តឹង និយាយ​តាម​ការ​គំរាម​របស់​ជនស​ង្ស័​យ ហើយ ជនសង្ស័យ​បាន​បង្ខាំង​នាង​ទុក​នៅក្នុង​បន្ទប់​ខុ​ដូ និង​យក​កាំបិត​ចុង​ស្រួច សស្ងាច​មួយ គំរាម​នាង​មិន​ឲ្យ​ចេញ​ទៅណា​ជាដាច់ខាត​។

លុះដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ម្តាយមីង​របស់​នារីរ​ង​គ្រោះ បាន​បាត់​ដំណឹង​ក្មួយ​ស្រី​ពេញ​មួយ​យប់ ក៏បាន​ដាក់ពាក្យ​បណ្តឹង​មកកាន់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​រកឃើញ​ទីតាំង​បង្ខាំង​ទុក​ផ្ទាល់ ដោយមាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​។

ពេល​ដែល​សមត្ថកិច្ច​អាវុធហត្ថ​ចុះទៅ​ដល់ ជនសង្ស័យ​មិន​ព្រម​បើកទ្វារ​នោះ​ទេ ថែមទាំង​គំរាម​សមត្ថកិច្ច​ថា​រូបគេ​នឹង​សម្លាប់​នារី​រងគ្រោះ​ចោល​ក្នុង​បន្ទប់​ទៀត​ផង បន្ទាប់មក​ជនសង្ស័យ​បាន​យក ស្ព្រា​យ​បាញ់​ទៅលើ​ទ្វារ​កញ្ចក់ មិន​ឲ្យ​សមត្ថកិច្ច​មើលឃើញ​ដល់​ក្នុង​បន្ទប់ បម្រុង​រត់​គេច​ខ្លួន តែ​មិនអាច​ចេញ​ទៅណា​រួច ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ទម្លាយ​ទ្វារ​ចូល​ទៅ​ឃាត់ខ្លួន និង​រំដោះ​ជនរងគ្រោះ​បានតែ​ម្តង​។ បន្ថែម​ពីលើ​នេះ​ទៅទៀត តាម​ការ​ធ្វើ​តេស្ត​ទឹកនោម​របស់​ជនសង្ស័យ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា ជនសង្ស័យ​ដែលជា​មនុស្ស​កំណាច​ឃោរឃៅ​ម្នាក់នេះ មាន​ជាប់​សារធាតុ​ញៀន​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu