Ad Code

ណាហ្គា​វើ​លដ៍ គាំទ្រ​ទិវា​សម្អាត​ពិភពលោក



ភ្នំពេញ​ ៖ បុគ្គលិក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅ​កាត់​ថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​” ជាង ១៣០ នាក់​បាន​ចូលរួម​ក្នុង​ទិវា​សម្អាត​ពិភពលោក​កាលពី​ថ្ងៃ ទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៨​ដើម្បី​គាំទ្រ​ដល់​គម្រោង​ថ្នាក់ជាតិ​ក្នុង​ការជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ស្អាត មាន​អនាម័យ​ជាង​មុន និង​គ្មាន​សំរាម ។​

កម្មវិធី​នេះ ត្រូវបាន​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​ក្រោម​ប្រធានបទ “​តោះ​! ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​!” ដែលមាន​ការសហការ​ពី​អង្គការ GoGreen Cambodia ។​



ទិវា​សម្អាត​ពិភពលោក បាន​ក្លាយជា​ចលនា​ដ៏​ធំ​បំផុត​របស់​ប្រជាជន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​សំរាម​ដែលមាន​អ្នកស្ម័គ្រចិត្ត​ប្រមាណ ១៣ លាន​នាក់​មកពី ១៥៥ ប្រទេស​ទូទាំង​ពិភពលោក​បាន​ចូលរួម​ដើរ​ប្រមូល​សំរាម​។

យោងតាម​អង្គការ GoGreen Cambodia មាន​សំរាម​ប្រមាណ ២,១២ ពាន់​លាន​តោន ត្រូវបាន​ចាក់ចោល​ដោយ​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់​នៅក្នុង​សកលលោក​ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក ប្រទេស​កម្ពុជា មាន​សំរាម​ប្រមាណ ១,៤២ លាន​តោន​កាលពី​ឆ្នាំមុន​ដោយ​ក្នុងនោះ​ទីក្រុង​ភ្នំពេញ​មាន​សំរាម​រហូតដល់ ២.៧០០ តោន​ជា​រៀងរាល់ថ្ងៃ ខណៈ​ការ​ចោល​សំរាម គឺជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​។

​បន្ទាប់ពី​ពិធី​បើក​ទិវា​សម្អាត​ពិភពលោក​នៅ​ក្រសួងបរិស្ថាន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​ក្រុមការងារ​សង្គម​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ជាមួយ​អ្នកស្ម័គ្រចិត្ត​រាប់ពាន់នាក់ បានរួម​គ្នា​ដើរ​ប្រមូល​សំរាម​នៅតាម​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​សិស្ស និស្សិត និង​ប្រជាជន​មកពី ១.៦៤៦ ឃុំ​/​សង្កាត់​ទូទាំង ២៥ រាជធានី​-​ខេត្ត​ក៏បាន​រួមគ្នា​ប្រមូល​សំរាម​ទូទាំងប្រទេស​ផងដែរ​។



​លោក Pern Chen នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ បាន​មានប្រសាសន៍ថា “​ការចូលរួម​របស់​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស​នៅក្នុង​យុទ្ធនាការ​សកល​នេះ គឺ​ដើម្បី​ជួយ​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាជន​ស្តីអំពី​បរិស្ថាន និង​អប់រំ​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងមូល​។ យើង​ត្រូវ​រួមគ្នា​គ្រប់គ្រង​សំរាម និង​ការពារ​បរិស្ថាន​ដើម្បី​ពិភពលោក​កាន់តែ​បៃតង និង​ស្អាត​ជាង​មុន​!”​។

​គួរ​បញ្ជាក់​ថា ​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ណាហ្គា​វើ​លដ៍​បាន និង​កំពុង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។

ក្នុង​ខែមីនា ឆ្នាំ ២០១៤ ក្រុមការងារ​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ជាមួយ​គោលបំណង​ផ្តោតទៅលើ​សសរស្តម្ភ ៤ គឺ លើកកម្ពស់​ការអប់រំ ចូលរួម​ក្នុង​សហគមន៍ អភិវឌ្ឍ​វិស័យ​កីឡា និង​អភិរក្ស​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ១៦០.០០០ នាក់​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu