កណ្តាល ៖ ជនសង្ស័យម្នាក់និងថ្នាំញៀនចំនួន១៧កញ្ចប់ ត្រូវសមត្ថកិច្ចនគរបាលស្រុកពញាឮខេត្តកណ្តាល ធ្វើការបង្ក្រាបនៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង១៦និង១៥នាទីចំណុច ភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
អធិការនគរបាលស្រុកពញាឮលោកវរសេនីយ៍៍ ដួង តេងបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះឡេង ជ័យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម។
វត្ថុតាងចាប់យករួមមាន៖ថ្នាំញៀន ម៉ាទឹកកក ចំនួន ១៧កញ្ចប់តូច ទម្ងន់១,៣៧ ក្រាមទូរស័ព្ទចំនួន០២គ្រឿង ម៉ាក Nokia អ៊ិនចុចពិល ០១គ្រឿង -ម៉ាកIphone5 ចំនួន០១គ្រឿងឧបករណ៍សម្រាប់ច្រកវេចខ្ចប់ថ្នាំមួយចំនួនម៉ូតូ០១គ្រឿង ម៉ាកHONGDA MSX ស្លាកលេខគ្មាន ។
លោកអធិការបញ្ជាក់ថា នៅថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញបានទទួលព័ត៌មាន ពីកម្លាំងភ្នាក់ងារថា នៅភូមិកើតហេតុ មានជនសង្ស័យ ឈ្មោះរិទ្ធ ប៊ុនថន ហៅថាំង ហៅពៅ និងឈ្មោះឡុង ជ័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ធ្វើសកម្មភាពនៅក្នុងភូមិកើតហេតុ។
ក្រោយពីបានទទួលព័ត៌មានរួចមក កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទំនប់ធំ បានទៅឃ្លាំមើល ឃើញជនសង្ស័យឈ្មោះ ឡេង ជ័យ ចេញមកធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅបណ្តោយផ្លូវចូលវត្តដំបូកមានលក្ខណ៍ ភូមិកើតហេតុ កម្លាំងជំនាញ និងប៉ុស្តិ៍ ក៏បានបង្ក្រាប ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន០២កញ្ចប់តូច និង ទូរស័ព្ទដៃ០១គ្រឿង ម៉ាកNOKIa ចុចពិល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឡេង ជ័យ បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកលក់ពេលកើតហេតុនេះ គឺជនសង្ស័យឈ្មោះ រិទ្ធិ ប៊ុនថន ហៅថាំង ហៅ ពៅ ជាអ្នកប្រើឲ្យយកមកលក់ឲ្យគេ។ បន្ទាប់មកជនសង្ស័យឈ្មោះ ឡេង ជ័យ បានជូនកម្លាំងសមត្ថកិច្ចទៅ ចង្អុលបង្ហាញទីតាំង ជនសង្ស័យឈ្មោះ រិទ្ធិ ប៊ុនថន ហៅថាំង ហៅពៅ ធ្វើសកម្មភាពមួយកន្លែងទៀត និងលាក់ខ្លួន នៅរោងជាងជួសជួលរថយន្ត ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំដដែល ពេលនោះជនសង្ស័យឈ្មោះ រិទ្ធិ ប៊ុនថន ហៅថាំង ហៅពៅ បានបោះចោល នូវថ្នាំញៀនចំនួន ១៥កញ្ចប់តូច ទូរស័ព្ទដៃ០១ គ្រឿង ម៉ាក IPhone ហ្វាយ ឧបករណ៍ច្រកវេចខ្ចប់ថ្នាំញៀន និងរត់គេចខ្លួនចូលព្រៃចោលម៉ូតូ០១គ្រឿង ម៉ាក HONGDA MSX គ្មានស្លាកលេខ ។ជនសង្ស័យឈ្មោះឡេង ជ័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments