Ad Code

គ្រូបង្វឹក​ក្រុម​អគ្គីសនី​កម្ពុជា ត្រឡប់មក​ដឹកនាំ​កូនក្រុម​ឡើងវិញ​ក្រោយ​ក្រោយ​ជា​ពី​ជំងឺ​



គ្រូបង្វឹក​អគ្គិសនី​កម្ពុជា លោក ប្រាក់ វុទ្ធី បាន​ត្រឡប់​ចូល​ដឹកនាំ​និង​បញ្ជា​កូនក្រុម​វិញ​ហើយ​ក្នុង​ព្រឹត្តិការណ៍ Metfone Cambodian League 2018 កាលពីពេល​ថ្មីៗ ក្រោយ​បាត់​មុខ​លោក​អស់​ជាង​២​សប្ដាហ៍ ដោយ​ត្រូវ​សម្រាក​ព្យាបាល​សុខភាព​នៅ​ស្រុកកំណើត​ឯ​ខេត្តកំពង់ចាម​។

លោកគ្រូ​បង្វឹក​រូបនេះ​មាន​បញ្ហា​សម្ពាធ​ឈាម ហើយ​ឮថា​ខ្លាញ់​រុំ​បេះដូង​ផង ហើយ​វា​តែង​ធ្វើទុក្ខ​ឲ្យ​លោក​ឧស្សាហ៍​វិលមុខ ងងឹតមុខ អស់កម្លាំង​។ លោក​បាន​ត្រឡប់មក​ដឹកនាំ​ក្រុម​ប៉ះ​ក្រុម​ចាស់​បឹងកេត កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ក្នុង​សភាព​សុខភាព​ស្រស់បស់​ឡើងវិញ​។ យ៉ាងណាក្តី​លោក​នៅសល់​បេសកម្ម​២​ប្រកួត​ទៀត​ដើម្បី​ដឹកនាំ​ក្រុម​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​។



​លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ឌ​កម្រិត A ប្រចាំ​ទ្វីបអាស៊ី (AFC A License) ធ្លាប់បាន​ដឹកនាំ​ក្រុម​បឹងកេត​អង្គរ លើក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2012) ក្នុង​ឆ្នាំ​២០១២ បាន​បង្ហាញ​ខ្លួន​ដឹកនាំ​ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា តាំងពី​នៅ​លី​គ​លំដាប់​ទី​២​ឆ្នាំ​២០១៦ ខណៈ​ឆ្នាំ​២០១៧ ក្រុម​នេះ​មានឈ្មោះ​ចូល​លេង​ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​។



ស្នាដៃ​របស់​លោក ប្រាក់ វុទ្ធី មានកំណត់​ត្រា​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន ដោយ​លោក​បាន​ដឹកនាំ​ក្រុម​បឹងកេត​អង្គរ​ឈ្នះ​ជើងឯក​រង​ពានរង្វាន់​មហាជន​ក្របខ័ណ្ឌ​ក​១ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុង​ឆ្នាំ​២០១១ ហើយ​នៅ​ឆ្នាំ​២០១២ លោក​បាន​ដឹកនាំ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម មួយ​នេះ​ចូលរួម​លេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ថែមទាំង​ឈ្នះ​ជើងឯក​នៅ​ឆ្នាំ​នោះ​ផងដែរ​។ គ្រានោះ​ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​ជើងឯក លោក ប្រាក់ វុទ្ធី ទទួល​បាន​ងា​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​ពានរង្វាន់​ផងដែរ​។ ក្រោយមក​នៅ​រដូវ​កាល​២០១៣ និង​២០១៤ លោក​ដឹកនាំ​ក្រុម​បាន​ត្រឹម​ជើងឯក​រង​២​ឆ្នាំ​ជាប់​គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu