ភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានថា ក្រុមហ៊ុនហង្សម្ចាស់ដីបានលក់ដីខ្យល់ និង គម្រោងមួយនេះបានគេចពីការចោទប្រកាន់របស់ព្រះរាជអាជ្ញាខេត្តបាត់ដំបងនោះ លោក ហង្ស ព្រីន្សយ៉ា ជាអ្នកសេដ្ឋកិច្ចវិទូ និងជាម្ចាស់ក្រុមហ៊ុនបានអះអាងថា ក្រោយមានការចោទប្រកាន់ពីព្រះរាជអាជ្ញានៅខេត្តបាត់ដំបង លោកបានយកឯកសារទិញដីក្នុងគម្រោងឋានព្រះឥន្ទឲ្យមើល ដោយមិនបានគេចហើយលោកនឹងយកក្បាលមកធានា ប្រសិនបើមានអតិថិជនណាម្នាក់ទិញដីគម្រោងឋានព្រះឥន្ទហើយមិនបានចម្ការ។
លោកនិយាយបន្តថា នេះអាចជាករណីបំផ្លើសការពិត និងធ្វើស៊ីពីភាគីណាមួយដែលចង់បង្ខូចឈ្មោះក្រុមហ៊ុន លោកដោយបានដាក់បណ្ដឹងបំផ្លើសទៅកាន់ព្រះរាជអាជ្ញាខេត្តបាត់ដំបង ហើយនៅពេលដែលលោកចូលខ្លួនទៅបំភ្លឺ តបតាមការកោះហៅ បែរជាមានបុគ្គលម្នាក់ស្នើឲ្យលោកប្រគល់លុយ៩ម៉ឺនដុល្លារ ដើម្បីកុំឲ្យវែងឆ្ងាយ។
លោកថា ក្រោយពេលអាជ្ញាធរបានចាប់តំណាងរបស់ក្រុមហ៊ុនលោកទៅសួរចម្លើយលោកបានចូលខ្លួនទៅបកស្រាយភ្លាមៗ ដោយបានទាំងប្រមូលឯកសារយកទៅបញ្ជាក់ដើម្បីឲ្យដឹងថា គម្រោងលក់ដីចម្ការពុះឡូត៍របស់លោកទាំងអស់ មិនថានៅខេត្តបាត់ដំបង ពោធិ៍សាត់ ឬ សៀមរាប ដែលបានប្រកាសឡើង គឺសុទ្ធតែមានដីសម្រាប់ប្រគល់ជូនអតិថិជនទាំងអស់។
លោក ហង្ស ព្រីន្សយ៉ា បាននិយាយថា នៅពេលលោកទៅជួបមន្ត្រីអាជ្ញាធរប្រចាំខេត្តបាត់ដំបង ហើយបានឲ្យកូនចៅប្រមូលយកឯកសារទិញដីពីពលរដ្ឋ ដើម្បីបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកពិតជាមានដីតាមចំនួនហិកតា ដែលបានប្រកាសលក់ ក៏ស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមមន្ត្រីដែលឃាត់ខ្លួនលោក ក្នុងពេលទៅបកស្រាយជំនួសកូនចៅនោះ តម្រូវឲ្យលោកប្រគល់លុយ៩ម៉ឺនទៅ នោះរឿងរ៉ាវដែលបានចោទប្រកាន់នោះ នឹងត្រូវបញ្ចប់។
លោកក៏បានសារភាពថា មុនពេលកូនចៅរបស់លោកប្រមូលប្លង់ និង ឯកសារដីទៅបំភ្លឺនៅខេត្តបាត់ដំបងមិនទាន់ពេល ត្រូវបានមន្ត្រីអាជ្ញាធរពិតជាឃាត់ខ្លួនលោកមែន ប៉ុន្តែក្រោយការបកស្រាយ ការដោះលែងត្រូវបានធ្វើឡើង ដោយសូម្បីតែព្រះរាជអាជ្ញាខេត្តបាត់ដំបង ក៏មិនព្រមទទួលជួបលោក ក្នុងការទៅបំភ្លឺនោះដែរ ដោយគិតតែមានមនុស្សមកនិយាយឲ្យលោកប្រគល់លុយ៩ម៉ឺនដុល្លារ ទើបមិនវែងឆ្ងាយច្រើន។
លោក ហង្ស ព្រីន្សយ៉ា លើកឡើងទៀតថា ខ្លួនឯកសារបញ្ជាក់ច្បាស់ពីគម្រោងឋានព្រះឥន្ទ និងថាខ្លួនមានដីសម្រាប់ប្រគល់ឲ្យអតិថិជន តើហេតុអ្វីលោកត្រូវខ្លាចការចោទប្រកាន់ និងត្រូវប្រគល់លុយ៩ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿង។ លោកបានអះអាងថា ខ្លួនហ៊ានយកក្បាលមកធានា ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ទិញចម្ការនៅកន្លែងណាមួយ ពីក្រុមហ៊ុនហង្សម្ចាស់ដី ហើយមិនទទួលបានដី។
លោកថា ខ្លួនកំពុងឈូសឆាយដីដែលប្រមូលទិញពីពលរដ្ឋ ដើម្បីដាំជាចម្ការផ្សេងៗ ហើយពុះជាឡូត៍ប្រគល់ឲ្យអតិថិជនតាមដំណាក់កាល ដែលបានសន្យា ដោយមិនមែនប្រកាសលក់ដីខ្យល់ដូចការចោទប្រកាន់នោះទេ។
លោកសង្កត់ធ្ងន់ថា មន្ត្រីអាជ្ញាធរចាប់ឃាត់ខ្លួន តែក្រុមភ្នាក់ងារអ្នកផ្សព្វផ្សាយលក់២នាក់ ក្នុងពេលមានការចោទប្រកាន់ពីព្រះរាជអាជ្ញាខេត្តបាត់ដំបងប៉ុណ្ណោះ ប៉ុន្តែលោកបានទទួលភ្លាម ក៏ចុះទៅកាន់កន្លែងសាកសួរ ហើយដោយសារតែកូនចៅរបស់លោក ប្រមូលយកឯកសារទៅបំភ្លឺទៅបង្ហាញនៅខេត្តបាត់ដំបងមិនទាន់ទើបមានការឃាត់ខ្លួនលោកដោយមានទាំងអ្នកកាសែត២បីនាក់ មកថតផ្សាយផងក្នុងពេលដែលលោកមិនព្រមប្រគល់៩ម៉ឺនតាមការទាមទារ។
លោក ហង្ស ព្រីន្សយ៉ា បន្ថែមថា តើក្រុមហ៊ុនរបស់លោកដល់ដំណាក់កាលប្រគល់ដី ហើយមិនមានដីចម្ការប្រគល់ជូនអតិថិជន ឬនៅ ទើបមកចោទថា លោកលក់ដីខ្យល់ ហើយលោកក៏រឹតតែមិនទទួលយកទៅទៀត នៅពេលដែលលោកទៅបំភ្លឺ ដោយមានទាំងឯកសារច្បាស់លាស់ បែរជាមានការដាក់សំណើរឲ្យលោកប្រគល់លុយ៩ម៉ឺនដុល្លារដែលលោកយល់ថានេះជាករណីធ្វើស៊ី និងចាប់ជំរិតផ្ទុយពីអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានតែស្នើឲ្យមានការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមកបណ្ដាក់ទុន ដើម្បីជួយជំរុញដល់វិស័យកសិកម្ម និងជួយដល់វិស័យសេដ្ឋកិច្ចជាតិផងនោះ៕
Source: Kampuchea Thmey Daily
0 Comments