Ad Code

គ្រូ​បង្រៀន​ម្នាក់ ​ស្រវឹង​ស្រា ​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ឆ្កែ​មួយ​ក្បាល​ងាប់​នៅ​កណ្ដាល​ផ្លូវ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស​យ៉ាង​ដំណំ



កំពត​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​យ៉ាង​ដំណំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ជិះ​ម៉ូតូ​លឿន​ពេក ​ជ្រុល​ទៅ​បុក​ឆ្កែ​មួយ​ក្បាល​នៅ​លើ​កំណាត់​ផ្លូវលំ បណ្តាល​ឲ្យ​ឆ្កែ​នោះ​ងាប់​ ចំណែក​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់ ​​ត្រូវបាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច។

ហេតុការណ៍​ខាងលើ​​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៤៥​នាទី​ព្រលប់ ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវលំ ស្ថិត​ក្នុ​ងភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

តាម​ប្រភព​ព័ត៌មាន​នៅ​ចំណុច​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ តាម​ផ្លូវលំ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​កន្លែង​កើតហេតុ​ក៏​មាន​ឆ្កែ​មួយ​ក្បាល​រត់​ឆ្លង​ផ្លូវ គាប់​ជួន​ម៉ូតូ​មកដល់​គេច​មិន​ទាន់​ក៏​បុក​ប្រាវ​ បណ្ដាល​ឲ្យ​ឆ្កែ​ប្រកាច់​ងាប់​ភ្លាមៗ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់​ដេក ​សន្លប់​ស្តូក​នៅ​លើ​ដង​ផ្លូវ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លុះ​បន្តិចក្រោយមក​ សមត្ថកិច្ច​មូលដ្ឋាន​ ក៏បាន​ទំនាក់ទំនង​ស្រាវជ្រាវ​រក​សាច់ញាតិ ទើប​ដឹង​ថា បុរស​រងគ្រោះ មានឈ្មោះ អ៊ុង ចន្ថា អាយុ​៣១​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន រស់នៅ​ភូមិ​ភ្ន​មិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ កែប 1B-3454 ហើយ​ករណីបែបនេះ​ផ្តើម​មកពី​ជនរងគ្រោះ​ស្រវឹងស្រា ជិះ​ម៉ូតូ​លឿន​ពេក ទើប​ជួប​រឿងហេតុ​បែបនេះ​។​

​បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ម្ចាស់​យកទៅ​ជួសជុល​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu