ភ្នំពេញ ៖ ស្ត្រីម្នាក់ ទ្រាំលែងបាន ចំពោះប្តីដែលប្រើហិង្សាមកលើខ្លួន និងកូនញឹកញាប់ពេក និងម៉ៅស្វិតមិនឲ្យកាន់លុយ ក៏សម្រេចចិត្តប្តឹងលែងប្តី និងចេញពីផ្ទះជួលនៅភ្នំពេញ វិលទៅផ្ទះកំណើត នៅខេត្តកំពង់ចាមវិញ។
ការដឹកដៃកូនមកប្តឹង ធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប៉ុស្តិ៍ទួលសង្កែ១ខណ្ឌឫស្សីកែវ។
ស្ត្រីដែលគ្រាំគ្រាចិត្តអស់ជាច្រើនឆ្នាំខាងលើមាន ឈ្មោះ ញ៉េង ផល្លាង អាយុ៣០ឆ្នាំ ចំណែកបុរសជាប្តី ឈ្មោះ ស៊ីម ឃាង អាយុ៣៧ឆ្នាំ អ្នកទាំងពីរ មានលំនៅអចិន្ត្រៃយ៍ជាមួយគ្នាភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមកស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយនាងជាប្រពន្ធធ្វើជាកម្មការិនីរោងចក្រ ប្តីជាជាងផ្សារដែក។
ស្ត្រីខាងលើបានរៀបរាប់ឲ្យដឹងថា រូបនាង និងប្តី បានរៀបអាពាហ៍ពិពាហ៍តាមច្បាប់ត្រឹមត្រូវ កាលពីឆ្នាំ២០១១ មកដល់ពេលនេះ មានរយៈពេលជិត៨ឆ្នាំហើយៗ ចំណងដៃ នៃអាពាហ៍ពិពាហ៍ គឺទទួលបានកូនប្រុស២នាក់ កូនប្រុសបងអាយុ៦ឆ្នាំ និងប្អូនអាយុ៣ឆ្នាំ។
កន្លងមកនេះ នាងរស់នៅជាមួយប្តីមិនបានសេចក្តីសុខសុភមង្គលឡើយ គឺប្តីតែងតែរករឿង និងប្រើហិង្សាមកលើនាង និងកូនៗមិនសូវលស់ថ្ងៃឡើយ បើទោះពេលស្រវឹង ឬមិនស្រវឹងស្រាក៏ដោយ ឲ្យតែចំពេលគាត់ខឹង ប្រាកដជាប្រើហិង្សាក្នុងគ្រួសារ ហើយជាងនេះ នៅពេលរកលុយបានមក មិនបានឲ្យនាងជាប្រពន្ធកាន់លុយនោះឡើយ គឺចង់ទិញអីហូបដូចជា ម្ហូបអាហារ និងលុយចាយវាយផ្សេងៗ ទាល់តែហុចដៃសុំពីប្តីដូចអ្នកសុំទានទើបលោកប្តីហុចលុយឲ្យបន្តិចបន្តួច។
ស្ត្រីរងគ្រោះបន្តថា រហូតដល់ថ្ងៃចុងក្រោយ នៅអំឡុង៤ខែមុន ប្តីបានប្រើហិង្សាមកនាងម្តងទៀត និងប្រើហិង្សាវាយមកលើកូនបងរហូតបែកឈាមពេញខ្នង ដោយអត់ទ្រាំនូវទង្វើរបស់ប្តីមិនបានទើបដឹកដៃកូនរត់ពីផ្ទះជួលនៅភ្នំពេញ ត្រឡប់ទៅនៅស្រុកកំណើត ដោយក្នុងខ្លួនមានលុយតែ២០០០រៀលប៉ុណ្ណោះ។
នាងបន្ថែមថា ដោយសារគ្មានលុយធ្វើសោហ៊ុយ នាងមិនអាចទៅស្រុក រួចក៏បានហៅទូរស័ព្ទទៅប៉ុស្តិ៍វិទ្យុមួយឲ្យជួយអន្តរាគមន៍ទើបនាងបានទៅដល់ផ្ទះ នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នាងបន្តទាំងទឹកភ្នែកទៀតថា លុះនាំកូនៗទៅដល់ស្រុកកំណើតហើយ ស្រាប់តែក្រោយមក លោកប្តីម៉ៅស្វិត បានទៅលួចកូនៗទាំង២នាក់ត្រឡប់មកភ្នំពេញវិញ។ ក្រោយមក ដោយឮថាប្តីវាយធ្វើបាបកូនៗទៀត ទើបនាងបង្ខំចិត្តមកយកកូនពីភ្នំពេញ ទៅស្រុក តែដោយខ្លាចប្តីប្រើហិង្សាមកលើខ្លួននាង រួមទាំងម្តាយ និងបងប្អូនប្រុស២នាក់ទៀត ក៏ចូលមកប៉ុស្តិ៍ទួលសង្កែទី១ សុំឲ្យសមត្ថកិច្ចជូនទៅយកកូនៗពីកន្លែងស្នាក់នៅរបស់ប្តីត្រឡប់ទៅស្រុកវិញ។
យោងតាមពាក្យបណ្ដឹងដែលនាងប្តឹងសុំលែងប្តីនៅសាលាដំបូងខេត្តកំពង់ចាម កាលពីដើម ខែកុម្ភៈឆ្នាំ២០១៩នេះ នាងបានទាមទារទី១-សុំលែងលះប្តីមានឈ្មោះដូចខាងលើ ,ទី២-នាងសុំសិទ្ធគ្រប់គ្រងកូនប្រុសចំនួន២នាក់ ដោយទី១-ឈ្មោះ ឃាង ម៉េងហ័ង អាយុ៦ឆ្នាំ និងទី២-ឈ្មោះ ឃាង ម៉េងហុង អាយុ៣ឆ្នាំ ព្រមទាំងបានរៀបរាប់អង្គហេតុចាំបាច់ដែលជាមូលហេតុ នៃការទាមទារ៕
Source: Kampuchea Thmey Daily
0 Comments