ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទស្សនិកជននិយមហៅកាត់ថា«ប៉ូលិស»សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបង្ហាញសមាសភាពសំខាន់ៗទាំងថ្នាក់ដឹកនាំក្លិប គ្រូបង្វឹក កីឡាករថ្មី និងទីលានត្រៀមប្រកួតថ្មីដើម្បីស្វាគមន៍ដំណើរមកដល់របស់លីគកំពូលកម្ពុជាឆ្នាំ២០១៩ ខាងមុខនេះ។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ ប៉ុន្តែដាច់ខាតក្នុងនោះត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី ១រូប។ កីឡាករបរទេសទាំង៤រូបដែលបានចុះកិច្ចសន្យារួចរាល់ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មានដូចជាកីឡាករនីហ្សរីយ៉ា Matthew Osa កីឡាករអាហ្វ្រិកខាងត្បូង Shane Booysen កីឡាករនីហ្សេរីយ៉ា Momoh Degule Sumaila និងកីឡាករជប៉ុន Shun Kumagi។
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកថ្មីរបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការនាំចូលកីឡាករបរទេសតែ៤នាក់នេះគឺក្លិបមានគោលបំណង ដើម្បីបំពេញចន្លោះប្រហោងមួយចំនួនក្នុងក្រុមប៉ុណ្ណោះ អ្វីសំខាន់នោះ គឺអភិវឌ្ឍធនធានក្មេងៗ។ លោកបន្តថា ៖«យើងយកបរទេសសម្រាប់បំពេញចំណុចខ្វះខាតក្នុងក្រុម។ គោលដៅសំខាន់របស់ក្លិបមិនមែនតែលើលទ្ធផលទេ គឺយើងចង់អភិវឌ្ឍក្មេងៗដើម្បីជម្រើសជាតិ យើងផ្ដោតលើជាតិជាធំ ព្រោះក្លិបនេះជាក្លិបរបស់ជាតិ អ៊ីចឹងគោលដៅ គឺជាតិជាធំ»។
សូមបញ្ជាក់ថាកីឡាករបរទេសចាស់ៗរបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាកចេញពីក្រុមអស់ហើយខណៈចំពោះរដូវកាលមុន ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើមិនសូវបានល្អនោះទេក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រោយប្រកួតសន្សំពិន្ទុបាន២២លើក ឈ្នះបាន៧លើក ស្មើគ្នាបាន៤លើកនិងចាញ់១១លើក តែឈរចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២ក្លិប។ ប៉ុន្តែតែពួកគេធ្វើបានយ៉ាងល្អវិញក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ដោយទទួលបានជើងឯករង បន្ទាប់ពីប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល៣ទល់០៕
Source: Kampuchea Thmey Daily
0 Comments