រតនគិរី ៖ យុវជន២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចកែងប៉េអិមចាស់ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
មន្ត្រីនគរបាលប៉ុស្តិ៍ឡាបានសៀកបានឲ្យថា យុវជនម្នាក់ ឈ្មោះ ហេង សុខកន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសស្រាល មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ហើយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១E ២០៣១ បើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច។
ចំណែកយុវជនម្នាក់ទៀត ឈ្មោះ ស៊ីម ស្រីវីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់ មានទីលំនៅភូមិ/ឃុំជាមួយគ្នា ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាzoomer x ពណ៌ក្រហម ពាក់ស្លាកលេខ រតនគិរី ១E -៧១៣៦ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែក មធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments