អ្នកប្រដាល់កម្ពុជា ឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មី និល លូកម៉ាខាមវ៉ាន (Nil Lukmakarmwarn) នាយប់ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ អ្នកទាំងពីរជួបគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។
និល លូកម៉ាខាមវ៉ាន គេជាជើងខ្លាំងស្រករក្រោយនៅស្រុកថៃ និងជាម្ចាស់ខ្សែក្រវាត់ថែមទៀត។ អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រប្រកួតចំនួន៦៩លើក ដោយវាយឈ្នះ៥៥លើក ចាញ់១២លើក និងស្មើ០២លើក។ និល លូកម៉ាខាមវ៉ាន នេះ មិនធម្មតាទេ ដោយគេមានស្នៀតប្រដាល់ល្អ វាយចេញចូលរហ័ស កម្លាំងស៊ុហ្វខ្លាំង រឹងមាំ មិនងាយស្រួលនឹងបង្ក្រាបនោះឡើយ។ នេះបើតាមអ្នកផ្គូផ្គងកីឡាករថៃឲ្យដឹង។
យ៉ាងណា និល លូកម៉ាខាមវ៉ាន មកជួបឡៅចន្ទ្រាលើកនេះ មិនជាស្រួលខ្លួនប៉ុន្មានទេ ព្រោះថា ចន្ទ្រា គេល្អទាំងកណ្ដាប់ដៃ ជង្គង់ និងកែង។ ចន្ទ្រា ធ្លាប់ជួបប្រកួតជាមួយថៃជាង៥០លើកហើយកន្លងមក ដែលការប្រកួតចុងក្រោយរបស់គេ នៅសង្វៀនបាយ័នស្ទឹងមានជ័យនេះ គឺវាយឈ្នះអ្នកប្រដាល់ថៃគ្រៀង ក្រៃ ក្នុងទឹកទី៥។
ចន្ទ្រា គេទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃកន្លងមក។ តែលើកនេះ ចន្ទ្រា ត្រូវជួបជើងខ្លាំងលើសគូប្រកួតលើកមុនទៅទៀត ហេតុនេះមិនជាការងាយស្រួលប៉ុន្មានឡើយ។
ទោះជាយ៉ាងណា ឡៅ ចន្ទ្រា គេធ្លាប់ជួបប្រកួតជាមួយថៃច្រើនហើយ ដូច្នេះបទពិសោធន៍របស់គេក៏មានច្រើនដែរ។ ចាំមើល ការប្រកួតលើកនេះជាមួយ និល លូកម៉ាខាមវ៉ាន ឡៅចន្ទ្រា អាចយកឈ្នះលើអ្នកប្រដាល់ថៃរូបនេះបានដែរឬអត់?។
ចំពោះអ្នកប្រដាល់ជើងចាស់ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ ត្រូវគេផ្តល់ឱកាសឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះ គ្រៀង ក្រៃ (Kreng Krai Tor. Silachai) ដោយប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម ។ អ្នកប្រដាល់ថៃនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក។
គ្រៀង ក្រៃ គេជាជើងខ្លាំងជើងចាស់នៅស្រុកថៃ និងធ្លាប់ឈ្នះខ្សែក្រវាត់នៅស្រុកខ្មែរម្តង ហើយកាលពីពេលកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតចំនួន៨០លើក ដោយវាយឈ្នះ៥៩លើក ចាញ់១៩លើក និងស្មើ០២លើក។ គ្រៀង ក្រៃនេះ មិនធម្មតាទេ ដោយគេមានស្នៀតប្រដាល់ល្អ វាយចេញចូលរហ័ស កម្លាំងស៊ុហ្វខ្លាំង រឹងមាំ មិនងាយស្រួលនឹងបង្ក្រាបនោះឡើយ។ នេះបើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតឲ្យដឹង។
ចាន់ ប៊ុនលាភ គេក៏មានផ្លែល្អដែរ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស ប៊ុនលាភ នោះ គឺខ្លាចតែចាញ់កម្លាំងស៊ុហ្វ កងវ៉ាន មួយមុខប៉ុណ្ណោះ។ ចាន់ ប៊ុនលាភ មានប្រវត្តិប្រកួតមិនតិចក្រោម១០០លើកនោះទេ ប្រកួតជាមួយថៃលើកចុងក្រោយនេះវាយចាញ់កែវ កងវ៉ាន ដោយពិន្ទុ កាលពីថ្ងៃទី២៧មករាកន្លងមកនេះ។
ទោះជាយ៉ាងណា ចាន់ ប៊ុនលាភ ដែលជួបប្រកួតជាមួយថៃគ្រៀង ក្រៃ នេះ គេមិនហ៊ានអះអាងមុនថា ប៊ុនលាភឈ្នះក្នុងការប្រកួតនេះទេ។ ចាំមើល តើ ប៊ុនលាភ ឈ្នះ ឬមួយ ក៏ គ្រៀង ក្រៃ ឈ្នះសម្រាប់ការជួបគ្នានេះ?។
គ្រៀង ក្រៃ គេមកប្រកួតនៅស្រុកខ្មែរលើកចុងក្រោយនេះ គឺវាយចាញ់ ឡៅ ចន្ទ្រា អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទឹកទី៥។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ នូវ ដារ៉ូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្តល់ឱកាសឲ្យឡើងសងសឹកជាមួយ សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ ដោយប្រកួតក្នុងទម្ងន់៦៣,៥០០ គីឡូក្រាម។ ពួកគេទាំងពីរ ធ្លាប់បានប៉ះគ្នា២ដងហើយកន្លងមក ដោយនូវ ដារ៉ូ ចាញ់ សុវណ្ណ ដោយពិន្ទុទាំងពីរដង។
នូវ ដារ៉ូ ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ គេមានស្នៀតប្រដាល់ល្អ ចិត្តប្រដាល់ធំ។ ទោះជាយ៉ាងណា ដារ៉ូ មិនដឹងថាអាចសងសឹកយកឈ្នះ សុវណ្ណ បានឬអត់នោះឡើយ ព្រោះថាសុខ សុវណ្ណ ជាអ្នកប្រដាល់ជើងចាស់ដែលមានកណ្តាប់ដៃល្អ និងខ្លាំង និងវាយមិនបណ្តាក់ដៃឡើយ។
អ្នកប្រដាល់ ឌុន មករា ក្លិបម៉ៃទីក្រាំងយ៉ូវ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ ឡុង សុវណ្ណ ក្លិបសាលវ័ន្តកីឡា ដោយប្រកួតក្នុងទម្ងន់៤៨គីឡូក្រាម។ ពីរនាក់នេះ ជាអ្នកប្រដាល់ថ្មីស្រករក្រោយដូចគ្នា។ ចំណែក ជុំ មាន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវជួបជាមួយ ប៉ិល ឡៃហេង អ្នកប្រដាល់ក្លិបកុលបុត្រគុនខ្មែរ ក្នុងទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments