Ad Code

៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ បទល្មើស​ ឆក់​ ប្លន់​ ហិង្សា​ និង​​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន

ភ្នំពេញ ​៖​ បី​ថ្ងៃ​នៃ​ពិធី​បិណ្ឌ ​ភ្ជុំបិណ្ឌ ​គិត​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២ ខែ​​តុលា​បទល្មើស លួច​ឆក់ ប្លន់ ហិង្សា​ និង​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​គឺ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៣៤​នាក់ របួស​១៤៧​នាក់​ ដោយឡែក​អំពើ​ហិង្សា​មានតែ​១០​ករណី​ប៉ុណ្ណោះ។


លោក​គៀត ចន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អ្នក​នាំ​ពាក្យ​បាន​ឲ្យ​ដឹង​ថា ​គិត​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២​ ខែ​តុលា​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើត​មាន​៧៤​លើក បណ្ដាល​ឲ្យ​មនុស្ស​៣៤​នាក់​ស្លាប់​។ ក្នុង​នោះ​របួស​១៤៧​នាក់ របួសធ្ងន់​៩៥​នាក់​។ ចំនួន​នេះ​មានការ​ថយ​ចុះ​ជាង​ឆ្នាំមុន​តែ​បន្តិច​ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។ ឆ្នាំមុន​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​៧៧​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៥​នាក់​។ លោក​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ភាគច្រើន​គឺ​បណ្ដាលមកពី​ការបុក​ប៉ះទង្គិច​គ្នា​រវាង​ម៉ូតូ​និង​ម៉ូតូ​ ហើយ​អ្នកជិះ​ម៉ូតូ​នោះ​ទៀតសោត​មិន​ពាក់មួក​សុវត្ថិភាព។


លោក​អគ្គ​ស្នងការ​រង​បន្ត​ថា បទល្មើស​ ឆក់​ លួច​ ប្លន់​ និង​អំពើ​ហិង្សា​ កើត​មាន​តិចតួច​បំផុត​ពោល​គឺ​ហិង្សា​ដោយ​ចេតនា​កើតមាន​១០​ករណី​ ហើយ​ដោះស្រាយ​បាន​៨០​ភាគរយ និង​ចាប់​បាន​ជនបង្ក​មួយ​ចំនួន​ចាត់ការ​តាមផ្លូវ​ច្បាប់។ ចំណែក គ្រោះ​អគ្គិភ័យ​ក៏​គ្មាន​អ្វី​ធំដុំ​ដែរ។ លោក​បញ្ជាក់ថា​និយាយ​ជា​រួម​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំ សភាពការណ៍​ទូទៅ​គឺ​ដំណើរ​ការ​ល្អ ​លើ​គ្រប់​ផ្នែក​ទាំងអស់ ដោយសារ​តែ​សមត្ថកិច្ច​ប៉ូលិស​ជាតិ​បាន​ត្រៀមលក្ខណៈ​ជាមុន​តាមរយៈ​ការ​ដាក់​យាមកាម​នៅ​តាម​វត្តអារាម​ជាង​៤០០០​ និង​ផ្លូវ​សំខាន់ៗ​ដើម្បី​សម្រួល​ចរាចរណ៍។


លោក​គៀត ចន្ទ​ថា​រិ​ទ្ធ​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំនេះ​អ្នកប្រើប្រាស់​រថយន្ត​គោរព​ច្បាប់​បាន​ល្អ​ ដែល​ជា​ផ្នែក​មួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី​រថយន្ត​ច្រើនជាង​ម៉ូតូ។ ម្យ៉ាងទៀត​ការ​ជិះ​លើ​ដំបូល​ និង​ដឹក​ឥវ៉ាន់​លើ​រថយន្ត​មិនសូវ​កើតមាន។


ជាមួយគ្នានេះ​ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ពេល​ត្រឡប់​មក​ភ្នំពេញ​វិញ​រក្សា​ទម្លាប់​ដើម​ ពោល​គឺ​គោរព​ច្បាប់​ចរាចរណ៍​ និង​បញ្ចៀស​ការ​ជិះ​លើ​ដំបូល​រថយន្ត​ជាដើម​។​



យោងតាម​របាយ​ការណ៍​របស់​នាយកដ្ឋាន សណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១០-១១-១២ ខែតុលា ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ៧៤​លើក ថយចុះ​៣​លើក (​ឆ្នាំមុន​កើតឡើង ៧៧​លើក​) ដោយ​បាន​សម្លាប់​មនុស្ស ចំនួន ៣៤​នាក់ បើ​ធៀប​នឹង​ឆ្នាំមុន ថយចុះ​ម្នាក់ (​ឆ្នាំមុន​ស្លាប់​ចំនួន​៣៥​នាក់​) ខណៈ​អ្នក​រងរបួស​មាន​ចំនួន ១៤៧​នាក់ (​ធ្ងន់​៩៥​នាក់ ស្រាល​៥២​នាក់​) ថយ​ចុះ​៩​នាក់ (​ឆ្នាំមុន​ចំនួន ១៥៦​នាក់​)។ នេះ​បើតាម​ការចុះផ្សាយ​របស់ គេហទំព័រ​អគ្គស្នងការ នគរបាល​ជាតិ​។​



របាយ​ការណ៍​ដដែល​បញ្ជាក់​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​ទាំង​៣​ថ្ងៃ​កន្លង​ទៅ​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ ៩៦​គ្រឿង រថយន្ត​ធុន​តូច ២០​គ្រឿង រថយន្ត​ធុន​ធំ​៣​គ្រឿង និង​យានយន្ត​ផ្សេងៗ​ចំនួន​៨​គ្រឿង ហើយ​មូល​ដែល​បង្ក​គ្រោះថ្នាក់​រួមមាន​​៖ ល្មើស​ល្បឿន ៣១​លើក មិន​គោរព​សិទ្ធិ​អាទិភាព ១៦​លើក ប្រជែង​គ្រោះថ្នាក់​៨​លើក​ មិន​ប្រកាន់​ស្តាំ​៥​លើក ស្រវឹង​៦​លើក បត់​ឆ្វេង​ស្តាំ និង​មិន​ប្រុងប្រយ័ត្ន​៨​លើក៕


M14-10-15-b2


M14-10-15-b1



៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ បទល្មើស​ ឆក់​ ប្លន់​ ហិង្សា​ និង​​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន

Post a Comment

0 Comments

Close Menu