Ad Code

អាគុយ​២​គ្រឿង​ប្រើ​ឋាមពល​ពន្លឺ​ព្រះអាទិត្យ​ ផ្ទុះ​ឆាបឆេះ​ផ្ទះ​ទឹក​អាជីវករ​ទិញ​ត្រី​ម្នាក់

កំពង់ឆ្នាំង ​៖ ​ផ្ទះ​ទឹក​របស់​អាជីវករ​ទិញ​ត្រី​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ ដោយសារ​ផ្ទុះ​អាគុយ​ប្រើប្រាស់​ឋាមពល​ពន្លឺ​ព្រះអាទិត្យ​ ពេល​ម្ចាស់ផ្ទះ​មិន​នៅ​ តែ​ត្រូវ​បាន​អ្នក​ស្រុក​រស់នៅ​ជិត​ខាង​គាស់​ទ្វារ​ផ្ទះ​ជួយ​ពន្លត់​ទាន់​ពេល​វេលា។


ហេតុការណ៍​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៥ ​នៅ​ក្នុង​ភូមិ​ឆ្នុកទ្រូ ​ឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូណ៌​ ខេត្ត​កំពង់ឆ្នាំង។


សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹង​ថា​​ ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ​គៀត សារិន (ហៅ​ហូ​យ) អាយុ​៥១​ឆ្នាំ ជា​អ្នកទិញ​លក់​ត្រី​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ មុន​ពេល​កើតហេតុ​ម្ចាស់​ផ្ទះ​បាន​ទៅ​ធ្វើ​បុណ្យ​នៅផ្ទះ​បងប្អូន ដោយ​បើក​ចរន្ត​ឋាមពល​ពន្លឺ​ព្រះអាទិត្យ​បញ្ចូល​អាគុយ​ចោល​ និង​ចាក់សោ​​ផ្ទះ​ជាប់។


នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល ស្រាប់តែ​គេ​ឮ​ស្នូរ​ផ្ទុះ​អាគុយ​សម្រាប់​ប្រើ​ពន្លឺព្រះអាទិត្យ​១៥០​អំពែ​​២​គ្រឿង បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​ឡើង​ បណ្តាល​ឲ្យ​មាន​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ចេញពី​ក្នុងផ្ទះ​ធ្វើឲ្យមាន​ការភ្ញាក់ផ្អើល​ឡើង។ ក្នុងពេល​នោះដែរ​អ្នករស់នៅ​ជិតខាង ក៏បាន​នាំគ្នា​គាស់​ទ្វារផ្ទះ​ចូល​ទៅ​ជួយ​ពន្លត់ ដោយ​ខ្លះ​បាន​ប្រើ​ម៉ាស៊ីន​បូមទឹក​បាញ់​ពន្លត់​រហូត​ភ្លើង​បាន​រលត់​ទៅវិញ។


សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា​​ នៅក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​ខូចខាត​អាគុយ​១៥០ អំពែ​ចំនួន​២​គ្រឿង ឆេះ​ពិតាន​ ជញ្ជាំង​ផ្ទះ និង​ឥវ៉ាន់​ក្នុង​ផ្ទះ​អស់​មួយ​ចំនួន។ ករណី​នេះ​បើ​គ្មាន​អ្នកជិតខាង​ជួយ​ទាន់​ពេលវេលា​នោះ​ទេ ផ្ទះ​ទាំងមូល​​​ពិតជា​ឆាបឆេះ​ខ្ទេច​អស់​ស្រុង​ជា​ពុំខាន​ឡើយ​ ហើយ​បញ្ហានេះ​ក៏​ជា​ដំណឹង​មួយ​សម្រាប់​អ្នកប្រើប្រាស់​ អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ នៅពេល​ចេញពីផ្ទះ​គួរតែ​បិត​ចរន្ត​អគ្គិសនី​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ៕
M14-10-15-e2


M14-10-15-e1


M14-10-15-e



អាគុយ​២​គ្រឿង​ប្រើ​ឋាមពល​ពន្លឺ​ព្រះអាទិត្យ​ ផ្ទុះ​ឆាបឆេះ​ផ្ទះ​ទឹក​អាជីវករ​ទិញ​ត្រី​ម្នាក់

Post a Comment

0 Comments

Close Menu