Ad Code

ក្មេង​ទំនើង​៤​នាក់​ចូល​អុកឡុក​ពិធីជប់លៀង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

បន្ទាយមានជ័យ ៖ ក្មេង​ទំនើង​​៤​នាក់​បាន​នាំ​គ្នា​ទៅ​អុកឡុក​ក្នុង​ភូមិ​ នា​ឱកាសដែល​អ្នកភូមិ​បាន​ធ្វើ​ពិធី​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ថ្ងៃ​បង្ហើយ​ ត្រូវ​បាន​កម្លាំង​អាវុធ​ខេត្ត​បន្ទាយមានជ័យ​ចុះ​ធ្វើការ​បង្ក្រាប​។​


ក្មេង​ទំនើង​ដែល​បង្ក​ និង​អុកឡុក​ក្នុង​ពិធីជប់លៀង​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ​គឺ​នៅ​វេលា​ម៉ោង​១​ល្ងាច ​ថ្ងៃ​ទី​១១​ ខែ​តុលា ​ឆ្នាំ​២០១៥​ ចំណុច​ភូមិ​ឈូក សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។


លោក​ឧត្ដមសេនីយ៍​ត្រី​ ឱ​ បូ​រិន្ទ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ថា ​ក្មេង​ទំនើង​ទាំង​៤​នាក់​នោះ​មាន ១-​ឈ្មោះ ​ប៊ូ ច័ន្ទ​រះ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ។ ​២​-ឈ្មោះ​កុក​ កួយ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ។ ​៣​-ឈ្មោះ ដឿ​ត ​ហឺ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ និង​៤​-ឈ្មោះ​ ខូ​យ​សាវង្ស​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ដែល​អ្នក​ទាំង​៤​នាក់​រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​


លោក​បាន​និយាយ​បន្ត​ទៀត​ថា ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ​តេង ​សុ​ផា​រ័ត្ន​ នៅ​ភូមិ​បត់​ត្រង ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បាន​ប្តឹង​ជនជាប់ចោទ​ទាំង​៤​នាក់​ថា ​បាន​ប៉ុនប៉ង​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​ខ្លួន។


លោក​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​ ឈ្មោះ ​តេង ​សុ​ផា​រ័ត្ន​ បាន​នាំ​មិត្តភ័ក្ដិ​ទៅលេង​ផ្ទះ​គូរ​ដណ្ដឹង​ឈ្មោះ​ ចេក ​ផ្លា​នី​ន​ ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ​នា​ឱកាស​នោះ​ដែរ​ ផ្ទះ​របស់​គូរ​ដណ្ដឹង​បាន​ធ្វើ​ពិធីជប់លៀង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។ ​លុះ​នៅ​ម៉ោង​១​ល្ងាច ​ថ្ងៃ​ទី​១១ ខែ​តុលា ​ស្រាប់​តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ បាន​ចូល​មក​អុកឡុក​ក្នុង​ពិធីជប់លៀង​នេះ ​ដោយ​ស្រែក​គំរាម​ថា​ ផ្ទះ​នឹង​ដែល​បាន​ជេរ​អញ​តាម​ទូរស័ព្ទ ​ពេលនោះ​ក្មេង​ទំនើង​ទាំង​៤​នាក់​មាន​ទាំង​ដំបង​ឆក់ និង​កាំបិត ​បាន​ស្ទុះ​ចូល​ទៅ​រក​កាប់សម្លាប់​មនុស្ស​ក្នុង​ពិធីជប់លៀង​យ៉ាង​សាហាវ​ តែ​ពេលនោះ​បាន​ឪពុក​ខាង​ស្រី​ចេញ​មក​ឃាត់​ ហើយ​បាន​ទូរស័ព្ទ​ទៅ​អាវុធហត្ថ​ដើម្បី​ឲ្យ​ចុះ​មក​បង្ក្រាប​។​ លុះ​មួយសន្ទុះ​ក្រោយមក ​គេ​បាន​ឃើញ​មាន​អាវុធហត្ថ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី ព្រហ្ម ថេ​ង​ ប្រធាន​មន្ទីរ​យុត្តិធម៌​ចុះទៅ​បង្ក្រាប​បាន​ទាំង​សំបុក​យក​មក​ទី​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។​


លោក​បញ្ជាក់​ទៀត​ថា ​បើ​តាម​ធ្វើការ​ស្រាវជ្រាវ​របស់​អាវុធហត្ថ​ រឿង​នេះ​បណ្តាល​មក​ពី​ការ​យល់​ច្រឡំ​ពី​រឿងរ៉ាវ​ស្នេហា​ ទើប​ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ​ឈាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ដូច្នេះ។​ ជនជាប់ចោទ​ទាំង​៤​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​៕​




ក្មេង​ទំនើង​៤​នាក់​ចូល​អុកឡុក​ពិធីជប់លៀង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

Post a Comment

0 Comments

Close Menu