Ad Code

ជនសង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​០៨​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​និង​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន​ធំ​

ព្រះវិហារ ៖ កម្លាំង​នគរបាល​ក្រុង​ព្រះវិហារ​សហការ​ជាមួយ​ការិយាល័យ​នគរបាល​ជំនាញ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​មួយ​សំបុក​ធំ​និង​ដកហូត​បាន​វត្ថុ​តាង​បទល្មើស​មួយចំនួន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩​តុលា​២០១៥​ស្ថិតនៅ​ភូមិ​ទ្ប​ឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​។


ការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​គង់ គា​អធិការ​នគរបាល​ក្រុង​ព្រះវិហារ​ដោយមាន​បញ្ជា​ពី​លោក​ស្រេង វុ​ទ្ធា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត។


លោក​វរសេនីយ៍​ត្រី​គង់ គា​អធិការ​នគរបាល​ក្រុង​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ទីតាំង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ស្ថិតនៅ​លំនៅ​ដ្ឋាន​មួយ​កន្លែង​ដែល​មាន​ម្ចាស់​ឈ្មោះ​លីវ​វ​ឌ្ឍ​នៈ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​យោធា​។ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុ​តាង​បទល្មើស​មួយចំនួន​រួមមាន​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​៤​គ្រឿង​,​ថ្នាំញៀន​១​កញ្ចប់​ធំ​និង​២​កញ្ចប់​តូច​,​គ្រាប់​អាវុធ​ខ្លី​កា៥៤​ចំនួន​០៨​គ្រាប់​,​ទូរស័ព្ទ​ដៃ​០៥​គ្រឿង​,​លុយ​ខ្មែរ​៤៥៧០០០​រៀល​,២​ដុល្លារ​និង​សម្ភារៈ​ប្រើប្រាស់​សេព​គ្រឿងញៀន​មួយ​ចំនួន​ធំ។


លោក​អធិការ​នគរបាល​បញ្ជាក់​ថា ជា​លទ្ធផល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ចំនួន​៨​នាក់​រួមមាន​ទី​១​ឈ្មោះ​លីវ វ​ឌ្ឍ​នៈ​អាយុ​៣៨​ឆ្នាំ​មុខរបរ​យោធា​ជា​ម្ចាស់​ទីតាំង​ទី​២​ឈ្មោះ​ជា​សុភ័ក្ដ្រ អាយុ​៣៨​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំ​ពេញ ទី​៣​ពេជ្រ ប៊ុន​យី​ម អាយុ​៣៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សំរោង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​។ ទី​៤​ឈ្មោះ​អ៊ឹង រដ្ឋា​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​ទ្ប​ឥដ្ឋ ទី​៥​ឈ្មោះ​ម៉ូ​កែវ​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ទ្ប​ឥដ្ឋ ទី​៦​ឈុន ហាក់​ អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ភារកិច្ច​ សង្កាត់​ប៉ាល​ហាល ​ក្រុង​ព្រះវិហារ​ ទី​៧​សុក​សាយ​ អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​ទ្ប​ឥដ្ឋ​និង​ទី​៨​ឈ្មោះ​វ៉ាន់​ ចាន់​ថេ​ន​ អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​គោក​បេង ​សង្កាត់​កំពង់ប្រណាក​ ក្រុង​ព្រះវិហារ។


លោក​អធិការ​នគរបាល​ក្រុង​ព្រះវិហារ​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៥​នេះ​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះវិហារ​កំពុង​រៀប​ចំ​កសាង​សំណុំរឿង​រីឯ​ជនសង្ស័យ​ទាំង​៨​នាក់​នាំទៅ​ឃុំខ្លួន​ផ្ញើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដោយសារ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​មិន​ទាន់​មាន​កន្លែង​ឃុំខ្លួន​ជនសង្ស័យ​បាន​ល្អ​នៅ​ឡើយ។


ភ្នាក់ងារ​រាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ថា សំរាប់​ខេត្តព្រះវិហារ​បទល្មើស​គ្រឿងញៀន​មិនបាន​ហូរ​ចូល​ពី​ខេត្ត​ដទៃ​នោះ​ឡើយ​គឺ​អាច​មាន​មនុស្ស​ទុច្ចរិត​មានអំណាច​បុណ្យ​សក្ដិ​នាំចូល​តាម​ច្រក​សំខាន់ៗ​ជុំវិញ​តំបន់​ប្រាសាទព្រះវិហារ​ជាប់​ព្រំដែន​ថៃ​រហូតដល់​ច្រក​មុំ​៣​ថែមទៀត។


ជាពិសេស​តាម​ច្រកព្រំដែន​ទឹក​កម្ពុជា-ឡា​វ​នៅ​កំពង់​ស្រ​ទ្បៅ​ក្នុងស្រុក​ឆែប​កំពុង​មានឈ្មោះ​ល្បី​ហូរ​ចូល​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ចូល​មក​ខ្មែរ​ខ្លាំង​ជាង​គេ​នៅ​ទូទាំង​ខេត្តព្រះវិហារ​រីឯ​សមត្ថកិច្ច​លំអ​ក្រុង​មាន​គ្រប់​ស្ថាប័ន​ប្រចាំការ​នៅ​ទីនោះ​ប្រៀប​ដូច​ទីងមោង​ចាំ​ស្រែ​តែប៉ុណ្ណោះ៕


T-10-20-15-r-fullT-10-20-15-rr-fullT-10-20-15-rrr-full



ជនសង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​០៨​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​និង​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន​ធំ​

Post a Comment

0 Comments

Close Menu