Ad Code

មន្ត្រី​រាជរដ្ឋាភិបាល​ថា ការអភិវឌ្ឍន៍​ប្រទេស​មិនមែន​បំពេញចិត្ត​អ្នកនយោបាយ​នោះ​ទេ

ភ្នំពេញ ៖  លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ទើប​មកពី​អាមេរិក​ចូលមក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ ថ្មីៗ​នេះ បាន​ទទួល​ស្គាល់​ថា នៅ​ប្រទេស​ស​កម្ពុជា ក៏​ដូចជា​នៅ​រាជធានី​ភ្នំពេញ ពិតជា​មានការ​សាងសង់​ច្រើន​មែន តែ​មិនមែន​ជា​ការអភិវឌ្ឍន៍​ទេ ពីព្រោះ​ជា​ការ​សាងសង់​មួយ​ដែល​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស។


លោក សួន សេរី​រដ្ឋា ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស ដែល​ស្ថិតនៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទូល​គោក ក្រោម​ប្រធានបទ “​តើ​ប្រទេស​ខ្មែរ ពិតជា​មានការ​អភិវឌ្ឍ​ន៍​មែន ឬ​មិនមែន​” កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ប៉ុន្តែ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​អះអាង​ថា ការអភិវឌ្ឍន៍​ប្រទេស​មិនមែន​បំពេញចិត្ត​អ្នកនយោបាយ ឬ​លោក សួន សេរី​រដ្ឋា នោះ​ទេ​។


លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់​ថា ការអភិវឌ្ឍន៍​ត្រឹម​ត្រូវជា​ការអភិវឌ្ឍន៍​មាន​ប្លង់​មេ តាម​បទដ្ឋាន​បច្ចេកទេស មាន​កិច្ច​សហការ​គ្នា​បាន​ត្រឹមត្រូវ ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​ផ្លូវ​មួយចំនួន​សាងសង់​រួចហើយ បែរជា​ត្រូវ​ជីក​កាយ​ដាក់​លូ​ឡើងវិញ ដែល​ហាក់ដូចជា​គ្មាន​ការពិភាក្សា​រវាង​អ្នក​ពាក់ព័ន្ធ​ទាល់តែសោះ​។ លោក​បញ្ជាក់​ថា “​ការអភិវឌ្ឍន៍​ត្រឹមត្រូវ គឺជា​ការសាងសង់​មួយ​ដែល​មាន​ប្លង់​មេ តាម​បទដ្ឋាន​បច្ចេកទេស ដូចជា​តំបន់​សេដ្ឋកិច្ច តំបន់​ពាណិជ្ជកម្ម និង​តំបន់​ផ្សេងៗ​ទៀត​ដាច់ដោយឡែក​ពី​គ្នា ងាយស្រួល​ដល់​ការ​សំគាល់​របស់​ភ្ញៀវ​ទេសចរ ឬ​អ្នក​វិនិយោគ​បរទេស​ដែល​ចូលមក​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ភ្នំពេញ​មិនមាន​ការរៀបចំ​បែបនេះ​ទេ គឺ​ឲ្យ​តែ​អ្នកណា​មាន​លុយ អាច​សាងសង់​យ៉ាងម៉េច​ក៏បាន​”​។


ដោយឡែក​ប្រព័ន្ធ​លូ​នៅ​ភ្នំពេញ​វិញ លោក សួន សេរី​រដ្ឋា បាន​អះអាង​ថា ឲ្យ​តែ​មាន​ភ្លៀង​មួយ​មេ គឺ​លិច​តែម្តង ដែល​ការ​លិច​បែបនេះ យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​ពុក​ផុយ​ទៅដល់​គ្រឹះ​សំណង់​អាគារ ហើយ​អាច​នឹង​បាក់​ស្រុត​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ។


ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក សួន សេរី​រដ្ឋា នេះ កម្ពុ​ជាថ្មី​មិនអាច​សុំ​ការ​បញ្ជាក់​លោក ឡុង ឌី​ម៉​ង់ មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានទេ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នកទទួល។

​ចំណែក​លោក ទិ​ត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល​បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ថា ការ​រិះគន់​ណា​មួយ គឺជា​សិទ្ធិ​របស់​អ្នកនយោបាយ ប៉ុន្តែ​ការអភិវឌ្ឍន៍​មិនមែន ដើម្បី​តម្រូវ​ចិត្ត​អ្នកនយោបាយ​ទេ គឺ​ដើម្បី​តម្រូវ​ចិត្ត​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​។


លោក​បញ្ជាក់​យ៉ាងនេះ​ថា “​នេះ​គឺជា​ការ​បញ្ចេញមតិ​របស់​អ្នកនយោបាយ​ម្នាក់ៗ ប៉ុន្តែ​ការវាយតម្លៃ​អំពី​សមិទ្ធផល អំពី​ការងារ​របស់​រាជរដ្ឋាភិបាល​មិន​អាស្រ័យ​ទៅ​លើ​បបូរមាត់​របស់​អ្នកនយោបាយ​ទាំង​នោះ​ទេ គឺ​ស្ថិត​នៅ​លើ​ទឹកចិត្ត​គោរព​ស្រឡាញ់​របស់​ប្រជាពលរដ្ឋ ដែល​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ហើយ​ពេលនេះ​បាននឹងកំពុង​អភិវឌ្ឍន៍ ធានា​នូវ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​នេះ​ជា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​អ្នក​ម្ចាស់ឆ្នោត​”។


លោក ទិ​ត សុធា បាន​លើក​ឡើង​ទៀត​ថា “​អ្នកនយោបាយ មាន​សិទ្ធិ​ប្រើ​វោហា​សាស្ត្រ​ដើម្បី​ធ្វើការ​រិះគន់ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏​មាន​សិទ្ធិ​បដិសេធ​នូវ​រាល់​ការ​ការ​រិះគន់​ណា ដែល​ប្រាស់​ចាក​អំពី​ការពិត និង​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​លទ្ធផល​ដែល​គាត់​ទទួល​មកវិញ គឺ​សំដី​ដែល​គាត់​ផ្ញើ​សារ​ជូន​មហា​ជន​នេះ ប៉ុន្តែ​សម្រាប់​រាជរដ្ឋាភិបាល គឺ​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ និង​ការអភិវឌ្ឍន៍ ហើយ​អ្នក​ដែល​និយាយ គឺជា​សិទ្ធិ​របស់​អ្នក​ដែល​និយាយ តែ​អ្នក​ធ្វើជា​សិទ្ធិ​របស់​អ្នកធ្វើ ដើម្បី​តម្រូវ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ មិនមែន​ដើម្បី​តម្រូវ​ទឹកចិត្ត អ្នកនយោបាយ​ទេ​”។


សូម​បញ្ជាក់​ថា លោក សួន សេរី​រដ្ឋា បាន​រត់​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​បរទេស​តាំងពី​យូរ​ណាស់​មក​ហើយ និង​ទើបតែ​មកដល់​ប្រទេស​កម្ពុជា​កាលពី​ដើមខែ​នេះ ដូច្នេះ​លោក​មើល​ឃើញ​តែ​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​ន៍​រាប់​រយ​ឆ្នាំ​តែប៉ុណ្ណោះ មិនដែល​ស្គាល់​អ្វី​ដែល​ជា​ទុក្ខ​លំបាក​ដូច​ប្រជាពលរដ្ឋ និង​ប្រទេស​ខ្មែរ​ក្រោយពី​ការ​បំផ្លិចបំផ្លាញ​ខ្ទេច​សល់​តែ​ផេះផង់​នោះ​ឡើយ ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ ទាំង​ជាតិ និង​អន្តរជាតិ បាន​សរសើរ​ស្ទើរ​គ្រប់​មាត់​អំពី​ការ​រីកចម្រើន និង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​បែរជា​ទទួលរង​ការ​រិះគន់​ពី​លោក សួន សេរី​រដ្ឋា ទៅវិញ៕


T-10-20-15-v-fullT-10-20-15-vv-full



មន្ត្រី​រាជរដ្ឋាភិបាល​ថា ការអភិវឌ្ឍន៍​ប្រទេស​មិនមែន​បំពេញចិត្ត​អ្នកនយោបាយ​នោះ​ទេ

Post a Comment

0 Comments

Close Menu