Ad Code

ចំនួន​មនុស្ស​ចាស់​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់​១.៥ លាន​នាក់​នៅ​ឆ្នាំ​២០២៥

ភ្នំពេញ ៖ ប្រធាន​ស្តី​ទី​នាយកដ្ឋាន​សុខមាលភាព​មនុស្ស​ចាស់​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនី​តិសម្បទា​បាន​ឲ្យ​ដឹង​ថា តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២៥​ខាងមុខ​ចំនួន​មនុស្ស​ចាស់​នៅ​កម្ពុជា​នឹង​កើនឡើង​ដល់​១.៥ លាន​នាក់។


លោក ចេង ដារ៉ាវុធ​ប្រធាន​ស្តី​ទី​នាយកដ្ឋាន​សុខមាលភាព​មនុស្ស​ចាស់​និង​ជា​លេខាធិការ នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​( គ​.​ម​.​ច​.)​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា នៅក្នុង​កិច្ច ប្រជុំ​ពិគ្រោះ​យោបល់​អំពី សេចក្ដីព្រាង​គោលនយោបាយ​ជាតិ​សម្រាប់​មនុស្ស​ចាស់​បាន​ឲ្យ​ដឹង​ថា អង្គការសហប្រជាជាតិ​បាន​កំណត់​ថា មនុស្ស​ចាស់​គឺ​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​ហើយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន មនុស្ស​ចាស់​ចាប់ពី ៦០ ឆ្នាំ​ឡើង មាន​ប្រហែល ១ លាន​នាក់ ហើយ​មានការ​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០២៥ អាច​កើនឡើង ១.៥ លាន នាក់​។


លោក​បាន​បន្ត​ថា មនុស្ស​ចាស់​ភាគច្រើន​កម្ពុ​ជា​រស់​នៅ​តាម​តំបន់​ជនបទ​ដែល​ជា​ទីកន្លែង​មាន​ជីវភាព​មិនសូវ​ធូរធារ ខ្វះ​ការ​យល់​ដឹង​ផ្នែក​អនាម័យ និង​ផ្នែក​សុខភាព។ ជាទូទៅ មនុស្ស​ចាស់​ជាច្រើន​តែងតែ​រស់នៅ​ជាមួយ​កូន​ឬ​ចៅ ឬ​រស់នៅ​តាម​ទីវ​ត្ដ​អារាម។ នៅ​តាម​គ្រួសារ​ក្រីក្រ​ការថែទាំ​មនុស្ស​ចាស់​នៅមាន​កម្រិត​បណ្ដាល​ឲ្យ​មនុស្ស​ចាស់​ត្រូវ​ប្រឈមមុខ​នឹង​ការ​ដោះស្រាយ​ជីវភាព​របស់​ពួកគាត់​ដោយ​ខ្លួនឯង ក្នុង​ការ​រក​ប្រាក់​ចំណូល​ប្រចាំថ្ងៃ ដោយសារ​កម្លាំង​ទន់ខ្សោយ និង​សុខភាព​ទ្រុឌទ្រោម និង​មានការ​លំបាក។


លោក​បាន​បញ្ជាក់​ថា ចំណែក​មនុស្ស​ចាស់​ជា​ស្ដ្រី​មិន​ត្រឹមតែ​មានការ​ថែទាំ​ខ្លួនឯង ថែមទាំង​ទទួលបន្ទុក​ជា​មេ​គ្រួសារ ក្នុង​ការ​មើល​ថែ​ទាំ​ចៅៗ ដែល​នៅ​ជាមួយ​ដោយសារ​ឪពុកម្ដាយ ត្រូវធ្វើ​ចំណាកស្រុក​ទៅ​ប្រកបមុខរបរ​នៅ​កន្លែង​ឆ្ងាយ ឬ​ទទួលមរណៈភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជម្ងឺ​ផ្សេងៗ​ទៀត។


លោក លីម ឆាយ អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន លេខា ធិ​ការដ្ឋាន​គ​.​ម​.​ច​. បាន​មានប្រសាសន៍​នៅក្នុង​ប្រជុំ​ពិគ្រោះ​យោបល់​អំពី​“​សេចក្ដីព្រាង​គោលនយោបាយ​ជាតិ​សម្រាប់​មនុស្ស​ចាស់​”​ថា​ក្នុង​គោលបំណង​លើក​កំពស់​កិច្ច​គាំពារ​ដ៏​មាន​ប្រសិទ្ធភាព និង​សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​ចាស់ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ ១៥៨​អនក្រ​.​បក​ស្ដីពី​ការបង្កើត​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន កិ​ត្ដិ​យស រដ្ឋមន្ដ្រី​ជា​ប្រធាន​ហើយ​គណៈកម្មាធិការ​ជាតិ​បានរៀបចំ​យន្ដការ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលមាន​តួនាទី​ភារកិច្ច​សំខាន់ៗ​ដូចជា​រៀបចំ​គោលនយោបាយ ដើម្បី លើក ស្ទួយ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់។


រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ និង​ផែនការ សកម្មភាព​ដើម្បី​ដាក់​ដំណើរការ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់​។ រៀបចំ​សម្របសម្រួល​ការពិគ្រោះ​យោបល់​នានា​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្ដរជាតិ​ដៃគូ​អភិវឌ្ឍន៍​និង​ផ្នែក​ឯកជន​អំពី​ការងារ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់​។ រៀបចំ​គោលការណ៍​ស្ដីពី​ការណែនាំ​ការបង្កើត និង​គ្រប់គ្រង​សមាគម​មនុស្ស​ចាស់​និង​គោល ការណ៍​ស្ដីពី​ការណ៍​ណែនាំ​ការថែទាំ​មនុស្ស​ចាស់​គ្មាន​ទីពឹង​នៅ​តាម​សហគមន៍។ ធ្វើការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប្រចាំ​លើ​ការ​អនុវត្ដ​គោលនយោបាយ និង​លិខិត​បទដ្ឋាន​នានា អំពី​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់។


លោក លីម ឆាយ មានប្រសាសន៍​ទៀត​ថា លេខាធិការដ្ឋាន គ​.​ម​.​ច​.​បន្ទាប់ពី​រៀបចំ​យន្ដការ​មន្ដ្រី​ជំនាញ​បាន​សិក្សា​ស្រាវជ្រាវ​រៀបចំសេចក្ដី​ព្រាង​គោលនយោបាយ​ជាតិ​សម្រាប់​មនុស្ស​ចាស់​(​ថ្មី​)​ដោយ​ដកស្រង់​ចេញពី​គោលនយោបាយ​សម្រាប់​មនុ​ស្ស​ចាស់​កាលពី​ឆ្នាំ​២០០៣​កន្លងទៅ។


លោក​បាន​បន្ថែម​ទៀត​ថា លេខាធិការដ្ឋាន​គ​.​ម​.​ច​.​ដាក់​សេចក្ដីព្រាង​គោលនយោបាយ​ជាតិ​សម្រាប់​មនុស្ស​ចាស់​បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចាប់ពី​ថ្នាក់​សហគមន៍ នា​ពេល​នេះ​ដើម្បី ពិគ្រោះ យោបល់​កម្រិត​មន្ដ្រី​ជំនាញ ដើម្បី​រក​អំពី​បញ្ហា​ប្រឈម​រក​ដំណោះស្រាយ​និង​អ្នក​ទទួលខុសត្រូវ​អំពី​បញ្ហា​របស់​មនុស្ស​ចាស់៕



ចំនួន​មនុស្ស​ចាស់​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់​១.៥ លាន​នាក់​នៅ​ឆ្នាំ​២០២៥

Post a Comment

0 Comments

Close Menu