Ad Code

ចម្លាក់​អ្នកយាមទ្វារនៅប្រាសាទបន្ទាយស្រី សម័យអង្គរ

ប្រាសាទ​បន្ទាយស្រីដែលបច្ចុប្បន្នឋិតនៅ​ក្នុង​ខេត្ត​សៀមរាប ដែលជាប្រាសាទដ៏ល្បីល្បាញ​និង​ដ៏ល្អឥតខ្ចោះ​គឺមានតែមួយគត់​ក្នុងសម័យ​អង្គរ​តាមរយៈ​ការគិតអំពី​គុណភាព​ថ្មផង និងអំពី​ទឹកដៃនៃ​ចម្លាក់​ប្រកបដោយទេពកោសល្យដ៏ប៉ិន​ប្រសប់​ដល់​កំពូលផង។ ប្រាសាទបន្ទាយស្រី​កសាងឡើង​នៅពាក់កណ្តាល​ទី២នៃសតវត្សរ៍ទី​១០ក្នុងរាជ្យ​ព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះ​បាទជ័យ​វរ្ម័នទី៥ ដែលឧទ្ទិសដល់ព្រហ្មញ្ញ​ សសនា។ ជា​ពិសេស​ប្រាសាទ​នេះ​មានមេជាង​ម្នាក់ក្នុងការចាត់​ចែងនិង​ដឹកនាំកសាងផ្ទាល់​នោះដោយព្រហ្មណ៍​ម្នាក់ឈ្មោះ យជ្ញវរាហៈ។ នៅតាម​ទ្វារ និងបង្អួច​បញ្ឆោតនៃប្រាសាទបន្ទាយស្រីគេឃើញមាន​ចម្លាក់​ស្រីគ្រប់លក្ខណ៍ឈរ​ហាក់ដូច​ជាចាំ​ទទួល​ស្វាគមន៍ភ្ញៀវផង និង​គេឃើញ​ទ្វារ​បញ្ឆោត​ខ្លះ​ទៀតមាន​ចម្លាក់ទ្វារបាលចាំថែរក្សាផងដែរ។


ក្នុង​ខណៈនេះយើង​លើក​បញ្ជាក់អំពី​បញ្ហាទ្វារ​បាលប៉ុណ្ណោះដើម្បី​ធ្វើការ​ពិចារណា ព្រោះ​ជា​មរតកវប្បធម៌នេះនៅ​មានបន្ត​យ៉ាងខ្ជាប់ខ្ជួនដល់​បច្ចុប្បន្ននេះ។ ជាដំបូង​យើងគិតថាប្រាង្គប្រាសាទ​ទាំង​ឡាយ​ពីបុរាណ​គឺជាការ​ប្រតិស្ឋានជានិមិត្ត​រូបនៃ​​ឋានសួគ៌ដែលគេបានសន្មតថាជាឋាន​ទេវ​លោក ឬជាលំនៅដ្ឋាននៃព្រះអាទិទេព។ អ្វីដែល​ជាការពិត​គួរអោយ​លែងមានការ​សង្ស័យ​ទៀតនោះ​គឺនៅ​ក្នុងប្រាង្គនីមួយៗតែងមាន​តម្កល់​បដិមាទេវរូប ឬរហូតដល់​បដិមា​តំណាង​ព្រះ​អាទិទេពដ៏ល្បីល្បាញ និងជាទីគោរពតាមរយៈ​សាសនាទៀតផង។ តាមរយៈការ​ច្នៃប្រឌិត​របស់​បុព្វបុរសខ្មែរ​ ឬដូនតាខ្មែរពីបុរាណនោះគឺប្រាង្គ​ប្រាសាទ​ជាតំណាងភ្នំកៃលាស ឬតំណាង​ភ្នំ​ព្រះ​សុមេរុតែម្តង។ ដូច​នេះក្រៅពី​តំណាង​ទេវរូប ឬ​ព្រះអាទិទេពសំខាន់ៗ​ទាំងនោះ ក៏គេឃើញ​រូប​ភាពបន្តទៀតគឺ​បញ្ហាស្រីគ្រប់លក្ខណ៍ ឬអប្សរា​និងទ្វារបាល​ដែលមានរូបរាងដូចមនុស្សនោះក៏​គេសន្មតថា មិនមែន​ជាមនុស្ស​នៅឋាន​កណ្តាល​នេះទេគឺពិត​ជាទេវៈ​ដែរ​អីតើ!…។ ដ្បិត​ប្រាង្គ​ប្រាសាទជាតំណាងអោយ​ឋាន​សួគ៌ដូចនេះបញ្ហា​ទ្វារបាល​នោះក៏ជា​ទេវៈនៅសួគា៌ល័យនោះដែរ។​គេ​អាច​អោយឈ្មោះ​អ្នក​យាមទ្វារ​ដែលមាន​តំណាង​ដោយរូបចម្លាក់នោះថាក៏ជាទេវតានៃឋាន​លើដែរ។ បាន​សេចក្តីថា មិនមែនអ្នក​យាមទ្វារ​ទាំងនោះមាន​ភាពជាមនុស្សសុទ្ធសាធ​ដូចក្នុង​ជីវភាពរស់​នៅនៃឋានមនុស្សបច្ចុប្បន្ននោះទេ។


ប៉ុន្តែចំពោះ​សំណង់​វប្បធម៌ជាតិតែងបានបង្កប់​ទៅដោយ​ឧត្តមគតិ​នៃការ​និយមក្នុងសង្គម​មនុស្ស​គឺក្នុង​សម័យអង្គរតែម្តង។ ទាំងចម្លាក់​តំណាងព្រះអាទិទេព,ទេវរូបទាំងឡាយ​សុទ្ធតែ​មានលំនាំទៅតាម​របៀប​របបនិង​ប្រពៃណី​ក្នុង​សង្គមយ៉ាងណាក៏មានក្បាច់​ចម្លាក់ទាំងឡាយ​មានលក្ខណៈទៅតាមយ៉ាងនោះដែរ ដែលអ្នក​ប្រវត្តិសាស្ត្របានបញ្ជាក់ថា មរតកវប្បធម៌ទាំង​អស់​ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងមើល​សង្គម​ពីអតីតកាលយ៉ាងនោះដែរ។


ក្នុងឧត្តមគតិនៃការ​ថែរក្សាការពារនគរឋាន​សួគ៌ក៏ដូចជាការ​ ការពារ​ប្រទេសជាតិ ឬជាអង្គរក្ស​ថែរក្សាការពារ​ វិមាននិងមជ្ឈមណ្ឌល​ព្រមទាំង​ការពារអ្នកធំ​ និងជាអ្នក​មានអំណាចក្តី​ក៏នៅ​តែ​បន្ត​មកដល់​បច្ចុប្បន្ននេះមិនដាច់ឡើយ។ នេះ​ជា​ខឿន​វប្បធម៌​ក្នុងការថែរក្សា និងការពារ​គ្រប់​ឧបសគ្គប្រឈមមុខទាំងអស់​ដែលបាន​ប៉ង​ប្រាថ្នា បៀតបៀន​យាយី​ដល់ទីឋាននៃ​អ្នក​មាន​បុណ្យ។


ជាក់ស្តែង​តាមរយៈ​ចម្លាក់​ប្រាសាទ​បន្ទាយស្រី​គេឃើញ​មាន​ចម្លាក់​ទ្វារបាល​គឺជាអ្នក​យាមទ្វារ​ភេទប្រុសម្នាក់ កំពុងឈរ​នៅតាម​មាត់ទ្វារ​ដែល​មានកាន់លំពែងនៅដៃខាងស្តាំ​ហើយដែលបាន​គយគន់​រំពៃ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ក្នុងការ​ថែរក្សាការពារព្រះអាទិទេពដែលគង់ប្រថាប់​ក្នុង​ប្រាង្គនីមួយៗ។ នេះជា​តំណាង​រូបភាព​អ្នកយាម​ទ្វារ​នៅឋាន​សួគ៌។ ប៉ុន្តែ​បើគេ​ក្រឡេក​មើលទៅ​ទងត្រចៀក​ និង​ផ្នួងសក់​នោះគឺ វាមិន​ខុសពី​ឯក​សណ្ឋាន​ ឬជាការ​និយម​នៃកងទ័ពខ្មែរ​នៅសម័យអង្គរនោះទេ នេះហើយ​ដែល​ជាការ​​បង្ហាញនូវខឿន​វប្បធម៌ជាតិ​ដែល​បានបន្ត​មកទល់​នឹងបច្ចុប្បន្ននេះដ៏ខ្ជាប់ខ្ជួនបំផុត៕


 



ចម្លាក់​អ្នកយាមទ្វារនៅប្រាសាទបន្ទាយស្រី សម័យអង្គរ

Post a Comment

0 Comments

Close Menu